ភ្នំពេញ៖ សិល្បករសហសម័យខ្មែរ ទិត្យ កនិ្នដ្ឋា បានត្រឡប់មកបង្ហាញពិព័រណ៍ទោលនៅប្រទេសកំណើតរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីអាក់ខានរយៈពេលជាង ៨ ឆ្នាំ ដោយនាំមកនូវពិព័រណ៍ចំណងជើង «វាលវដ្តសង្សារ (Cycle of Life)» ដែលប្រព្រឹត្តទៅនៅ Sna Arts Management ចាប់ពីថ្ងៃទី ១៦ ខែមករា ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៦។
ពិព័រណ៍នេះប្រមូលផ្តុំស្នាដៃសិល្បៈរបស់អ្នកនាង កនិ្នដ្ឋា ដែលបានបង្កើតឡើងក្នុងរយៈពេលជាង ១៨ ឆ្នាំ ចាប់ពីឆ្នាំ ២០០៧ ដល់ ២០២៥ រួមមាន វីដេអូ ចម្លាក់សរសៃលួស គំនូរអាគ្រីលិក គំនូរពណ៌ទឹក និងស្នាដៃលើក្រដាស។
យោងតាមអ្នកគ្រប់គ្រងវិចិត្រសាល បានឱ្យដឹងថា៖ «ស្នាដៃចាស់ និងថ្មីត្រូវបានដាក់បង្ហាញបញ្ចូលគ្នា លាតសន្ធឹងលើបីជាន់នៃវិចិត្រសាល ដើម្បីបង្ហាញពីការវិវត្តនៃការអនុវត្តសិល្បៈ ការចងចាំផ្ទាល់ខ្លួន និងបរិបទប្រវត្តិសាស្ត្រ និងសង្គមកម្ពុជា»។
នៅក្នុងពិព័រណ៍នេះ ស្នាដៃវីដេអូ Boding ដែលថតនៅអគារប៊ូឌីញស មុនពេលត្រូវបានរុះរើក្នុងឆ្នាំ២០១៧ ត្រូវបានដាក់ជាចំណុចចាប់ផ្តើមនៃការទស្សនា។
[img]
ស្នាដៃនេះនាំអ្នកទស្សនាចូលទៅក្នុងលំហអតីតកាល ដោយបង្ហាញពីសំណល់នៃអនុស្សាវរីយ៍ ស្ថាបត្យកម្ម និងជីវិតមនុស្ស ដែលធ្លាប់រស់នៅក្នុងអគារមួយ ដែលជានិមិត្តរូបសំខាន់នៃសម័យទំនើបក្រោយឯករាជ្យកម្ពុជា។
គំនិតស្នូលនៃពិព័រណ៍ «វាលវដ្តសង្សារ» ផ្អែកលើទស្សនៈពុទ្ធសាសនា ដែលយល់ថា ជីវិតមនុស្សគឺជាវដ្តនៃការកើត ចាស់ ឈឺ និងស្លាប់ មិនមែនជាបន្ទាត់ត្រង់ទៅមុខតែម្តងនោះទេ។
តាមរយៈការប្រើប្រាស់ដំណើរការធ្វើស្នាដៃដែលមានលក្ខណៈច្រំដែល ដូចជាការបង្វិលសរសៃលួសរាប់ពាន់ដង សិល្បករបំលែងកម្លាំងពលកម្ម និងពេលវេលា ទៅជាសមាធិ និងសេរីភាពផ្លូវចិត្ត។
អ្នកនាង ទិត្យ កនិ្នដ្ឋា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅ និងធ្វើការនៅទីនោះ។ អ្នកនាងបានចូលរួមកម្មវិធីស្នាក់នៅសិល្បករអន្តរជាតិជាច្រើន និងបង្ហាញស្នាដៃនៅវេទិកាសិល្បៈសំខាន់ៗ ដូចជា Singapore Biennale, Busan Biennale និង 58th Carnegie International ដែលធ្វើឱ្យអ្នកនាងក្លាយជាសិល្បករខ្មែរដំបូងគេ បានចូលរួមក្នុងកម្មវិធី Biennial ដែលមានប្រវត្តិជាង ១២៦ ឆ្នាំ។
ពិព័រណ៍ «វាលវដ្តសង្សារ (Cycle of Life)» បើកទទួលសាធារណជនចូលទស្សនា រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១៣:០០ ដល់ ១៧:០០ នៅ Sna Arts Management ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិព័រណ៍នេះមិនផ្តល់ចម្លើយតែមួយសម្រាប់អ្នកទស្សនាទេ ប៉ុន្តែបើកឱកាសឲ្យមនុស្សម្នាក់ៗ ស្ទាបស្ទង់ និងស្វែងយល់អំពីជីវិត ពេលវេលា និងអត្ថន័យនៃការកើត និងការបញ្ចប់ ក្នុងវដ្តដែលមិនធ្លាប់ឈប់ឈរ៕
[img]
[img]
ប្រភព៖ PostKhmer