ក្រសួងការពារជាតិកម្ពុជា បដិសេធការចោទប្រកាន់ និងបញ្ជាក់ជំហរចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ

2

ក្រសួងការពារជាតិកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ។

កម្ពុជាបញ្ជាក់ជាថ្មីថា ភាគីថៃជាអ្នកបើកការវាយប្រហារមកលើកម្ពុជាមុន ហើយសកម្មភាពយោធានេះមិនមែនជាការប្រព្រឹត្តដោយអចេតនា ឬកើតឡើងដោយចៃដន្យនោះទេ។ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath) ដែលត្រូវបានចាត់ទុកថា ជាភស្តុតាងបង្ហាញពីការរៀបចំផែនការយោធាទុកជាមុន ។

ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែន តាមរយៈមធ្យោបាយដោយយុត្តិធម៌ សន្តិវិធី និងមានស្ថិរភាពយូរអង្វែង ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។

កម្ពុជាបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរខ្សែព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត ។

ជំហររបស់កម្ពុជាគឺនៅតែប្រកាន់ខ្ជាប់នូវការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ គោលការណ៍មិនកែប្រែខ្សែព្រំដែន ព្រមទាំងអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម MOU ឆ្នាំ២០០០, TOR ឆ្នាំ២០០៣ និងកិច្ចព្រមព្រៀង ព្រមទាំងឯកសារពាក់ព័ន្ធនានាដែលមានស្រាប់។

កម្ពុជានៅតែបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវច្បាប់ និងយន្តការដែលមានស្រាប់ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងព្រំដែនដែលមានភាពច្បាស់លាស់ និងគោរពដោយភាគីទាំងពីរ ៕