រដ្ឋមន្ត្រីការបរទេសលោក សីហាស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) បាននិយាយថា រាជរដ្ឋាភិបាលនឹងស្នើពង្រីករបងព្រំដែនថៃ-ម៉ាឡេស៊ីដែលមានស្រាប់ ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញ និង សកម្មភាពឆ្លងដែនខុសច្បាប់ផ្សេងៗទៀត ។
លោកបន្តទៀតថា រាជរដ្ឋាភិបាលក៏ត្រូវការការសម្របសម្រួលផ្នែកស៊ើបការណ៍សម្ងាត់ឱ្យកាន់តែប្រសើរ និងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាបន្តទៀតនៅតាមបណ្តាខេត្តព្រំដែនភាគខាងត្បូង។ លើសពីនេះ ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនជាមួយប្រទេសម៉ាឡេស៊ី ក៏ជាគន្លឹះសំខាន់ក្នុងការពង្រឹងសន្តិសុខ និងការបង្កើនទំនុកចិត្តពីសាធារណជនផងដែរ ។
លោក សីហាស័ក្តិ បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី ៦ ខែកញ្ញា ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។ លោកក៏មានគម្រោងនាំលោក ថាណាត សុវណ្ណនន្ទ (Thanat Suwannanon) ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិថៃ និងជាប្រធានក្រុមការងារកិច្ចសន្ទនាសន្តិភាពភាគខាងត្បូង ទៅចូលរួមផងដែរ ដើម្បីជួយកសាងទំនាក់ទំនងការងារជាមួយមន្ត្រីម៉ាឡេស៊ី ៕