អាជ្ញាធរក្រុងប៉ាតាយ៉ាបានកំណត់តំបន់ Soi 6, Soi 6/1 និង Soi 7 ជាតំបន់ហាមឃាត់សម្រាប់បុគ្គលិកកងទ័ពជើងទឹកអាមេរិក អំឡុងពេលនាវាផ្ទុកយន្តហោះ USS Abraham Lincoln ចូលចតនៅខេត្តឈុនបុរី ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញា ។
បុគ្គលិកកងទ័ពជើងទឹកអាមេរិកជាង ៥ ០០០ នាក់ ត្រូវបានរំពឹងថានឹងមកទស្សនាក្នុងតំបន់នេះ ដោយក្នុងនោះមានប្រមាណ ៣ ០០០ នាក់ គ្រោងនឹងធ្វើដំណើរទៅកាន់ក្រុងប៉ាតាយ៉ា និងស្នាក់នៅមួយយប់ ។

បុគ្គលិកកងទ័ពជើងទឹកអាមេរិកក៏នឹងត្រូវហាមឃាត់មិនឱ្យចូលហាងកញ្ឆា ឱសថស្ថាន និងសកម្មភាពកម្សាន្តលើផ្ទៃទឹកផងដែរ តែពួកគេអាចទៅកម្សាន្តនៅផ្លូវ Walking Street បាន ប៉ុន្តែត្រូវតែចាកចេញពីតំបន់នោះត្រឹមម៉ោង ២:០០ យប់ (ទៀបភ្លឺ) ។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានជំរុញឱ្យអាជីវកម្មនានាលក់ក្នុងតម្លៃសមរម្យ និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទឱ្យបានតឹងរ៉ឹង ជាពិសេសទៅលើបុគ្គលណាដែលមានអាយុក្រោម ១៨ ឆ្នាំ ៕