បវរកញ្ញាបែលហ្ស៊ិក​២០២៥​ កោតសរសើរ​ស្នាមញញឹម​​​កម្ពុជា​អំឡុង​ទស្សនកិច្ច​អង្គរវត្ត​

0 6

សៀមរាប៖ បវរកញ្ញា​បែលហ្ស៊ិក​ឆ្នាំ​២០២៥ ខា​រិ​ន ចាន​សិន បាន​សរសើរ​ភាពកក់ក្តៅ និង​ភាព​ធន់​របស់​កម្ពុជា បន្ទាប់ពី​បេសកកម្ម​មនុស្សធម៌​មួយ ដែល​បាន​នាំ​នាង​មកកាន់​សហគមន៍​នានា​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ដោយ​ពណ៌នា​ថា​ជា​បទពិសោធន៍​មួយ​ដែល «​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​រៀងរហូត​»​។​

​កញ្ញា ចាន​សិន បាន​ចែករំលែក​ការឆ្លុះបញ្ចាំង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៦ ខណៈកញ្ញា​​កំពុង​រៀបចំ​បញ្ចប់​អាណត្ដិ​​ និងប្រគល់​​​មកុដ​អ្នក​ស្នង​តំណែង​របស់​កញ្ញា​​។​

​សារ​នេះ​ភ្ជាប់​មកជា​មួយ​រូបថតជាច្រើន​សន្លឹក​​ដែល​បាន​ទៅ​ទស្សនា​អង្គរវត្ត និង​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ ដែល​គូសបញ្ជាក់​ពីអ្វី​ដែល​កញ្ញា​​ហៅថា «​អំណាច​នៃ​មនុស្សជាតិ​ហួស​ពី​ព្រំដែន​»​។​

​កញ្ញា​​បានសរសេរថា៖ «​វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​បម្រើការ​ជា​បវរកញ្ញា​បែលហ្ស៊ិក​ និង​តំណាងឱ្យ​ប្រទេស​​យើង​ក្នុង​បេសកកម្ម​មនុស្សធម៌​នៅ​ជុំវិញ​ពិភពលោក​»។

​ដំណើរ​ទស្សនកិច្ច​​មកកាន់​ប្រទេស​កម្ពុជា ផ្តោតលើ​គម្រោង​សប្បុរសធម៌រុងរឿង​ ដែលមាន​ចំណងជើង​ថា «​ក្តីសង្ឃឹម​សម្រាប់​កុមារ​» ដែលមាន​ទីតាំងនៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជិត​សៀមរាប​។​

​គំនិត​ផ្តួចផ្តើម​នេះ​ផ្តោតលើ​ការគាំទ្រ​ដល់​កុមារ​ងាយ​រងគ្រោះ និង​ពង្រឹង​សុខុមាលភាព​សហគមន៍ ដែល​ស្រប​នឹង​ប្រធានបទ​តស៊ូ​មតិ​របស់ ចាន​សិន ពេញ​មួយឆ្នាំ​ក្នុងនាម​ជា​បវរកញ្ញា​បែលហ្ស៊ិក​។​

​ដោយ​ឆ្លុះបញ្ចាំង​ពី​ពេលវេលា​របស់​នាង​នៅក្នុង​ប្រទេស កញ្ញា ចាន​សិន បាន​និយាយថា កញ្ញា​​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង​ចំពោះ «​ភាពកក់ក្តៅ​របស់​ប្រជាជន​» និង «​ភាព​ធន់​នៅក្នុង​ស្នាមញញឹម​របស់​ពួកគេ​» ដោយ​កត់សម្គាល់ថា ការជួប​ប្រទះ​ទាំងនេះ​បានផ្តល់​នូវ​មេរៀន​ផ្ទាល់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​។​

​ពី​ដំណើរ​កម្សាន្ត​នេះ ចាន​សិន ​បាន​និយាយថា កញ្ញា​​បាន​យក​ការ​បង្រៀន​របស់​​ព្រះពុទ្ធសាសនា​មួយ​មក​អនុវត្ត​៖ «​កុំ​រស់នៅក្នុង​អតីតកាល កុំ​ស្រមៃ​អំពី​អនាគត ចូរ​ផ្ចង់អារម្មណ៍​ទៅលើ​ពេលបច្ចុប្បន្ន​»​។​

[img]

​សម្រង់​សម្តី​នេះ ដែលជា​រឿយៗ​ត្រូវបាន​សន្មត​ថា​ជា​របស់​ព្រះពុទ្ធ ឆ្លុះបញ្ចាំង​ពី​ចំណាប់អារម្មណ៍​យូរអង្វែង​របស់​កញ្ញា​​ចំពោះ​ចិត្ត​វិទ្យា និង​សុខភាព​ទូទៅ សសរស្តម្ភ​កណ្តាលអំឡុង​ពេល​គ្រង​មកុដ​ជា​បវរកញ្ញា​បែលហ្ស៊ិក​។​

​រាជនី​​សម្រស់​រូបនេះ​បាន​សង្កត់ធ្ងន់ថា សារ​នេះ​​ជាការ​រំឭក «​ឱ្យ​​រស់នៅ​យ៉ាង​ពេញលេញ ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ និង​បម្រើ​ដោយ​ចេតនា នៅទីនេះ និង​ឥឡូវនេះ​»​។​

​ដំណើរ​ទស្សនកិច្ច​នេះ​​ក៏បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​មិន​ត្រឹមតែ​សម្រាប់​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការចូលរួម​ផ្នែក​មនុស្សធម៌ និង​ការផ្លាស់ប្តូរ​វប្បធម៌​។​

​ឥស្សរជន​អន្តរជាតិ​តែងតែ​បញ្ចូល​គម្រោង​សេវាកម្ម​ទៅក្នុង​ការធ្វើដំណើរ​រប​ស់​ពួកគេ ដែល​ជួយ​ទាក់ទាញ​ការចាប់អារម្មណ៍​ទូទាំង​ពិភពលោក​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្នាក់មូលដ្ឋាន ខណៈពេលដែល​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជន និង​ប្រជាជន​។​

​នៅពេលដែល​នាង​រៀបចំ​ប្រគល់​មកុដ ចាន​សិន បាន​សម្តែង​ការដឹងគុណ​ចំពោះ​បទពិសោធន៍ក្នុង​នាម​ជា​បវរកញ្ញា​ ដោយនិយាយ​ថា​ កញ្ញា​​នឹង «​ថែរក្សា​វា​ជានិរន្ដ​​»​៕

[img]

[img]

[img]

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.