​សិល្បករ ទិ​ត្យ ក​និ្ន​ដ្ឋា ត្រឡប់មក​បង្ហាញ​ពិព័រណ៍​ទោល​នៅ​កម្ពុជា​ជាមួយ «​វាល​វដ្ត​សង្សារ»

0 5

ភ្នំពេញ៖ សិល្បករ​សហ​សម័យ​ខ្មែរ ទិ​ត្យ ក​និ្ន​ដ្ឋា បាន​ត្រឡប់មក​បង្ហាញ​ពិព័រណ៍​ទោល​នៅ​ប្រទេស​កំណើត​របស់ខ្លួន​ជាថ្មី​ម្តងទៀត បន្ទាប់ពី​អាក់ខាន​រយៈពេល​ជាង ៨ ឆ្នាំ ដោយ​នាំមក​នូវ​ពិព័រណ៍​ចំណងជើង «​វាល​វដ្ត​សង្សារ (Cycle of Life)»​ ដែល​ប្រព្រឹត្តទៅ​នៅ ​Sna Arts Management​ ចាប់ពី​ថ្ងៃទី ១៦ ខែមករា ដល់​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២៦​។​

​ពិព័រណ៍​នេះ​ប្រមូលផ្តុំ​ស្នាដៃ​សិល្បៈ​របស់អ្នកនាង​ ក​និ្ន​ដ្ឋា ដែល​បាន​បង្កើតឡើង​ក្នុង​រយៈពេល​ជាង ១៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៧ ដល់ ២០២៥ រួមមាន វីដេអូ ចម្លាក់​សរសៃ​លួស គំនូរ​អា​គ្រី​លិ​ក គំនូរ​ពណ៌​ទឹក និង​ស្នាដៃ​លើ​ក្រដាស​។

យោងតាម​អ្នក​គ្រប់គ្រង​វិចិត្រសាល បាន​ឱ្យដឹងថា​៖ «​ស្នាដៃ​ចាស់ និង​ថ្មី​ត្រូវ​បានដាក់​បង្ហាញ​បញ្ចូល​គ្នា លាតសន្ធឹង​លើ​បី​ជាន់​នៃ​វិចិត្រសាល ដើម្បី​បង្ហាញ​ពី​ការវិវត្ត​នៃ​ការអនុវត្ត​សិល្បៈ ការចងចាំ​ផ្ទាល់ខ្លួន និង​បរិបទ​ប្រវត្តិសាស្ត្រ និង​សង្គម​កម្ពុជា»​។​

​នៅក្នុង​ពិព័រណ៍​នេះ ស្នាដៃ​វីដេអូ Boding ដែល​ថត​នៅ​អគារ​ប៊ូ​ឌី​ញ​ស មុនពេល​ត្រូវបាន​រុះរើ​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​ដាក់​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ទស្សនា​។

[img]

ស្នាដៃ​នេះ​នាំ​អ្នកទស្សនា​ចូលទៅក្នុង​លំហ​អតីតកាល ដោយ​បង្ហាញ​ពី​សំណល់​នៃ​អនុស្សាវរីយ៍ ស្ថាបត្យកម្ម និង​ជីវិត​មនុស្ស ដែល​ធ្លាប់​រស់នៅក្នុង​អគារ​មួយ ដែលជា​និមិត្តរូប​សំខាន់​នៃ​សម័យ​ទំនើប​ក្រោយ​ឯករាជ្យ​កម្ពុជា​។​

​គំនិត​ស្នូល​នៃ​ពិព័រណ៍ «​វាល​វដ្ត​សង្សារ​» ផ្អែកលើ​ទស្សនៈ​ពុទ្ធសាសនា ដែល​យល់ថា ជីវិត​មនុស្ស​គឺជា​វដ្ត​នៃ​ការកើត ចាស់ ឈឺ និង​ស្លាប់ មិនមែនជា​បន្ទាត់​ត្រង់​ទៅមុខ​តែម្តង​នោះទេ​។

តាមរយៈ​ការប្រើប្រាស់​ដំណើរ​ការធ្វើ​ស្នាដៃ​ដែលមាន​លក្ខណៈ​ច្រំ​ដែល ដូច​ជាការ​បង្វិល​សរ​សៃ​លួស​រាប់ពាន់​ដង សិល្បករ​បំ​លែង​កម្លាំង​ពលកម្ម និង​ពេលវេលា ទៅជា​សមាធិ និង​សេរីភាព​ផ្លូវចិត្ត​។​

​អ្នកនាង​ ទិ​ត្យ ក​និ្ន​ដ្ឋា កើត​នៅ​ឆ្នាំ​១៩៨៧ នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ​។ អ្នកនាង​​បាន​ចូលរួម​កម្មវិធី​ស្នាក់នៅ​សិល្បករ​អន្តរជាតិ​ជាច្រើន និង​បង្ហាញ​ស្នាដៃ​នៅ​វេទិកា​សិល្បៈ​សំខាន់ៗ ដូចជា Singapore Biennale, Busan Biennale និង 58th Carnegie International ដែល​ធ្វើឱ្យ​អ្នកនាង​​ក្លាយជា​សិល្បករ​ខ្មែរ​ដំបូង​គេ បាន​ចូលរួម​ក្នុង​កម្មវិធី Biennial ដែលមាន​ប្រវត្តិ​ជាង ១២៦ ឆ្នាំ​។​

​ពិព័រណ៍ «​វាល​វដ្ត​សង្សារ (Cycle of Life)» បើកទទួល​សាធារណជន​ចូល​ទស្សនា រៀងរាល់ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ១៣:០០ ដល់ ១៧:០០ នៅ Sna Arts Management ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ពិព័រណ៍​នេះ​មិន​ផ្តល់​ចម្លើយ​តែមួយ​សម្រាប់​អ្នកទស្សនា​ទេ ប៉ុន្តែ​បើកឱកាស​ឲ្យ​មនុស្ស​ម្នាក់ៗ ស្ទាបស្ទង់ និង​ស្វែងយល់​អំពី​ជីវិត ពេលវេលា និង​អត្ថន័យ​នៃ​ការកើត និង​ការបញ្ចប់ ក្នុង​វដ្ត​ដែល​មិន​ធ្លាប់​ឈប់ឈរ​៕

​[img]

[img]

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.