ភ្នំពេញ៖ ស្មារតីនៃរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាវ៉ារៀ បានបង្កើតបរិយាកាសសប្បាយរីករាយនៅទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍ ខណៈដែលពិធីបុណ្យស្រាបៀរ Oktoberfest កម្ពុជា ឆ្នាំ២០២៥ បានប្រមូលផ្តុំភ្ញៀវរាប់រយនាក់ក្នុងការអបអរសាទរវប្បធម៌ និងមិត្តភាពអាល្លឺម៉ង់យ៉ាងរស់រវើក។
ពិធីបុណ្យប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ និង២៥ ខែតុលា នៅ Connexion នៅកោះពេជ្រ ជាពិធីសំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងអាជីវកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។
ក្រោមអធិបតីភាពលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ពិធីបុណ្យស្រាបៀរ Oktoberfest កម្ពុជា បានដំណើរការរយៈពេលពីរថ្ងៃជាផ្លូវការ។
អ្នករៀបចំកម្មវិធីម្នាក់បានឱ្យដឹងថា៖ «ដោយមានអ្នកចូលរួមបានលើកកែវស្រាបៀរឡើងជាសញ្ញានៃមិត្តភាពពោរពេញដោយភាពរីករាយជាទីបំផុត ភ្ញៀវកិត្ដិយស រួមទាំងថ្នាក់ដឹកនាំអាជីវកម្ម និងសមាជិកនៃសហគមន៍អន្តរជាតិ បានប្រារព្ធឡើងក្នុងស្មារតីសាមគ្គីភាព និងសុច្ឆន្ទៈ»។
រយៈពេលពីរថ្ងៃ អ្នកចូលរួមបានរីករាយជាមួយតន្ត្រីអាល្លឺម៉ង់ និងអូទ្រីសពិតប្រាកដដែលសម្តែងដោយក្រុមតន្ត្រី Ozapft សមាជិកប្រាំមួយនាក់ ជាមួយការបង្កើតបរិយាកាសបាវ៉ារៀដ៏រស់រវើកឡើងវិញ។
ពួកគេបាននិយាយថា អាហារ និងស្រាបៀរប្រពៃណីដែលផលិតតាមស្តង់ដារអាល្លឺម៉ង់ដោយក្រុមហ៊ុនក្នុងស្រុកបានឆ្លុះបញ្ចាំងពីវត្តមានកាន់តែខ្លាំងឡើងនៃស្តង់ដារធ្វើម្ហូបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
លោក Tassilo Brinzer ប្រធានសមាគមពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា (GBC) បានថ្លែងថា ពិធីបុណ្យស្រាបៀរនេះបានវិវត្តទៅជាច្រើនជាងពិធីបុណ្យវប្បធម៌។
លោកបាននិយាយថា៖ «Oktoberfest Cambodia បានក្លាយជាពិធីបុណ្យប្រចាំឆ្នាំដ៏សប្បាយរីករាយ ដែលមិនត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌អាល្លឺម៉ង់ទេ ប៉ុន្តែជួយពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។ យើងមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលមានកាចូលរួមយ៉ាងច្រើនពីសាធារណជន និងដៃគូអាជីវកម្មជាច្រើន»។
ក្រៅពីតន្ត្រី និងស្រាបៀរ ពិធីបុណ្យស្រាបៀរនេះក៏បានបម្រើជាវេទិកាសម្រាប់ការទូតវប្បធម៌ និងបណ្តាញអាជីវកម្មផងដែរ។
ភ្ញៀវបានចូលរួមក្នុងការប្រកួតប្រជែងលើឆាក វគ្គថតរូប និងវីដេអូបែបសប្បាយៗ ខណៈពេលដែលអាជីវកម្មបានភ្ជាប់ទំនាក់ទំនងគ្នាក្នុងបរិយាកាសសម្រាកកាយ ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ GBC ក្នុងការលើកកម្ពស់ការវិនិយោគ និងភាពជាដៃគូដែលមានទំនួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។
សមាគមអាជីវកម្មអាល្លឺម៉ង (GBC) បង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ហើយបានក្លាយជាតំណាងដ៏រឹងមាំមួយនៃធុរកិច្ចអ៊ឺរ៉ុបនៅកម្ពុជា និងជាវិសាលភាពដ៏សំខាន់នៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងសហគមន៍អាជីវកម្មអន្តរជាតិ។
សកម្មភាពរបស់ GBC គឺគាំទ្រយ៉ាងសកម្មនូវមហិច្ឆតារបស់ប្រទេសក្នុងការរីកចំរើននិងក្លាយទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈភាពជាដៃគូជាមួយស្ថាប័នអាល្លឺម៉ង់ដូចជា GIZ, KAS និងអង្គភាពជាច្រើនទៀត ទាំងក្នុងស្រុក និងអន្តរជាតិ៕
ប្រភព៖ PostKhmer