​ពិព័រណ៍​សិល្បៈបង្ហាញពី​​អត្តសញ្ញាណ ភាពឈឺចាប់ និង​ភាពរឹងមាំ ក្នុង​ពេល​ប្រាសាទ​ខ្មែរ​រងការ​បំផ្លាញ​​

0 5

ភ្នំពេញ៖ អត្តសញ្ញាណ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រវត្តិសាស្ត្រ ជម្លោះ និង​អនុស្សាវរីយ៍​វប្បធម៌ បាន​ក្លាយជា​ចំណុច​ស្នូល​នៅក្នុង​ពិព័រណ៍​សិល្បៈ «Ekarieach All Stars» ដែល​កំពុងបើក​ជា​សាធារណៈ​នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូកេត្រា​​ ខណៈដែល​វិចិត្រករ​ខ្មែរ និង​អន្តរជាតិ រួមគ្នា​ស្វែងយល់​ពី​អារម្មណ៍​នៃ​ការជាប់​ទាក់ទង ការបាត់បង់ និង​ភាពរឹងមាំ រួមទាំង​ការឆ្លុះបញ្ចាំង​អំពី​ប្រាង្គ​ប្រាសាទខ្មែរ ដែល​រង​ការខូចខាត​ក្នុង​ជម្លោះ​កម្ពុជា​–​ថៃ​កន្លងមក​។

Ekarieach ដែល​មានន័យថា «​ឯករាជ្យ​» ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ខួប ៧០ ឆ្នាំ នៃ​ឯករាជ្យ​ជាតិ​កម្ពុជា ហើយ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្លាយជា​វេទិកា​សិល្បៈ​ដែល​ទទួលបាន​ការ​សរសើរ សម្រាប់​ទាំង​វិចិត្រករ​ថ្មី និង​វិចិត្រករ​ដែលមាន​បទពិសោធន៍​។

បន្ទាប់ពី​ការរៀបចំ​ពីរ​រដូវ​កាល​ក្រោម​ប្រធានបទ «​ឯករាជ្យ​» (២០២៣–២០២៤) និង «​ទឹក​» (២០២៤–២០២៥) ពិព័រណ៍ All Stars បាន​ប្រមូលផ្ដុំ​វិចិត្រករ​ជាប់​ជម្រើស​ចុងក្រោយ ដែល​ស្នាដៃ​របស់​ពួកគេ​បានបង្ហាញ​ពី​ការវិវត្ត​នៃ​ការប្រកួត​សិល្បៈ​នេះ​។​

ពិព័រណ៍​នេះ​អញ្ជើញ​ឱ្យ​វិចិត្រករ​បកស្រាយ «​អត្តសញ្ញាណ​» តាម​ទស្សនៈ​ផ្ទាល់ខ្លួន បង្កើតបានជា​កម្រង​ស្នាដៃ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​។ សរុប​មាន​ស្នាដៃ​ចំនួន ៦៩ ផ្ទាំង របស់​វិចិត្រករ ២៦ នាក់ មកពី​ជាតិ​ចំនួន ៨ ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​វិចិត្រសាល និង​តាម​បរិវេណ​ឡប់​ប៊ី​សណ្ឋាគារ​។​

[img]

ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ លោក Marc Emmanuel អគ្គនាយក​ប្រតិបត្តិ សណ្ឋាគារ បាន​ថ្លែង​ថា ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្ដល់​លំហ​ឱ្យ​វិចិត្រករ បង្ហាញ​សំឡេង​​ផ្ទាល់ខ្លួន​។​

លោក​បាន​​ឱ្យដឹង​ថា​៖ «​យប់​នេះ យើង​ស្នើឱ្យ​វិចិត្រករ​នីមួយៗ នាំមក​នូវស្នាដៃ​ពិសេស​ និង​ការបង្ហាញ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​។ ស្នាដៃ​នីមួយៗ គឺជា​ការឆ្លុះបញ្ចាំង​ពី​រចនាប័ទ្ម និង​បុគ្គលិកលក្ខណៈ ហើយ​វា​រួមគ្នា​បង្កើត​អារម្មណ៍​ឱ្យ​យើង​គិត និង​មាន​អារម្មណ៍​ចូលរួម​»​។​

ក្នុងចំណោម​ស្នាដៃ​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង មាន​គំនូរ​របស់​វិចិត្រករ​ខ្មែរ លោក សឿង វណ្ណា​រ៉ា ដែលមាន​ចំណងជើង «​ជំហ​រឹងមាំ​» (Strong Stand) ដែលផ្ដោត​​ដោយផ្ទាល់​ទៅលើ​ការបំផ្លិចបំផ្លាញ​ប្រាង្គ​ប្រាសាទខ្មែរ ក្នុងអំឡុង​ជម្លោះ​ប្រដាប់អាវុធ​។

ស្នាដៃ​នេះ​ផ្ដោតលើ​ប្រាសាទព្រះវិហារ ដោយ​បង្ហាញ​ខ្លោងទ្វារ​ដែល​រង​ការខូចខាត រចនា​ឱ្យមាន​ទម្រង់​ជា​ក្បាលសត្វ​ព្រាប តំណាងឱ្យ​សន្តិភាព ដោយមាន​ផ្ទៃ​ក្រោយ​ជា​ព្រះអាទិត្យ និង​ព្រះ​ចន្ទ បង្ហាញ​ពី​ការបន្ត​នៃ​ពេលវេលា​។​

[img]

លោក វណ្ណា​រ៉ា បាន​និយាយថា​៖ «​បើទោះបីជា​សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​ប្រាង្គ​ប្រាសាទខ្មែរ​យ៉ាងណាក៏ដោយ ក៏​ប្រជាជន​ខ្មែរ​នៅតែ​រួបរួមគ្នា​ការពារ​បេតិកភណ្ឌ​របស់​យើង​ដែរ ពីព្រោះ​ថ្ម​មួយ​ដុំៗ​សុទ្ធតែជា​ព្រលឹង​ដូនតា​របស់​យើង​»​។

លោក​បាន​ពន្យល់ថា ជើង​ទម្រ​ប្រាសាទ គឺជា​ដួងព្រលឹង​របស់​ដូនតា​ខ្មែរ ដែល​បាន​កសាង​ប្រាសាទព្រះវិហារ ហើយក៏​ជា​តំណាងឱ្យ​ដួងព្រលឹង​វីរៈ​កងទ័ព​ខ្មែរ ដែល​បាន​បូជាជីវិត​ការពារជាតិ​ផងដែរ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​បើកសម្ពោធ​ថា​៖ «​ដោយសារ​យើង​ឈឺចាប់​នឹង​អំពើ​ដែល​គេ​ឈ្លានពាន ខ្ញុំ​ត្រូវ​បង្ហាញ​ភាពឈឺចាប់​តាមរយៈ​ពិព័រណ៍​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ភាពរឹងមាំ​ក្នុងការ​ការពារ​សម្បត្ដិ​បេតិកភណ្ឌ​»​។

គំនូរ​នេះ​ក៏​បញ្ជាក់​ពី​ការស្នើសុំ​សន្តិភាព​ទៅកាន់​ពិភពលោក តាមរយៈ​រូប​ក្បាលសត្វ​ព្រាប និង​ចក្រ​វា​ឡ៍​វិល​ទៅមក​រវាង​ថ្ងៃ និង​យប់​។​

[img]

ពិព័រណ៍​នេះ​ក៏មាន​ស្នាដៃ​របស់​អ្នកស្រី Emily Marques មកពី​សហរដ្ឋអាមេរិក ដែល​គំនូរ Quiet Between Monsoons របស់​អ្នកស្រី​ ឆ្លុះបញ្ចាំង​ពី​ជម្លោះ​កម្ពុជា​–​ថៃ តាម​ទស្សនៈ​ស្ងប់ស្ងាត់ និង​ពិចារណា​ខ្លាំង​។

ដោយ​យក​បទពិសោធន៍​ធ្វើដំណើរ​នៅ​កម្ពុជា អ្នកស្រី​​បាន​និយាយថា ស្នាដៃ​នេះ​បង្ហាញ​ពីមុខ​មាត់​សន្តិភាព​មួយ ក្នុងអំឡុង​ពេលដែល​ពោរពេញ​ដោយ​ភាព​តានតឹង​។​

អ្នកស្រី ​ Emily បាន​និយាយថា​៖ «​ខ្ញុំ​ឃើញ​សម្រស់​ដូចគ្នា នៅក្នុង​ប្រជាជន​ខ្មែរ ដូចដែល​ខ្ញុំ​ឃើញ​នៅក្នុង​ធម្មជាតិ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​បង្ហាញ​ជំហ​មួយ អំពី​ភាព​ពិសេស​នៃ​កម្ពុជា និង​សម្រស់​របស់​ប្រជាជន​ខ្មែរ​»​។​

បន្ថែម​ពីនេះ ស្នាដៃ «Waiting to Be Together» របស់អ្នកស្រី Emily ក៏​ផ្ដោត​ទៅលើ​របួស​រួម​ថ្មីៗ នៃ​សង្គម ពោលគឺ​ការបិទ​ខ្ទប់ និង​ភាពមិនប្រាកដប្រជា ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

ស្នាដៃ​ជា​គំនូរ​ខ្លួនឯង​នេះ បង្ហាញ​ពី​ភាពវឹកវរ ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ប្រឈមមុខ ខណៈ​​ការ​ដាច់​ឆ្ងាយ​គ្នា គឺជា​វិធី​ការពារ​ខ្លួន និង​ការពារ​អ្នកដទៃ ទោះបី​មិនដឹងថា អនាគត​នឹង​ទៅដល់​ណាក៏ដោយ​។

[img]

អ្នកស្រី​បាន​បញ្ជាក់ថា អ្នកស្រី​​បាន​គូរ​ភ្នែក​ជាមួយ​ពណ៌​ផ្កា​កុលាប ដើម្បី​ប្រាប់​ខ្លួនឯង​ថា អ្នកស្រី​​នឹង​អាច​ឆ្លងកាត់​ថ្ងៃ​លំបាក​ទាំង​នោះបាន ហើយ​មនុស្ស​គ្រប់គ្នា​នឹង​អាច​ឆ្លងកាត់​វា​បាន​ដូចគ្នា​។ ស្នាដៃ​នេះ​ក៏​បង្ហាញ​ពី​ការឈឺចាប់​នៃ​ការរង់ចាំ ដើម្បី​ជួបជុំ​មិត្តភក្តិ សិស្ស និង​គ្រួសារ ដែល​រស់នៅ​ទ្វីប​ផ្សេងទៀត​។​

​ពី​ខេត្តសៀមរាប វិចិត្រករ លោក ហេង រិទ្ធី បានដាក់​បង្ហាញ​គំនូរ​បី​ផ្ទាំង​ក្នុង​ស៊ុម​តែមួយ រំលេច​ផ្កា សត្វ និង​អប្សរា​ហោះហើរ ដែល​បាន​បំផុសគំនិត​ពី​ប្រាសាទអង្គរវត្ត​។ ទោះបីជា​មូលដ្ឋាន​លើ​រូបភាព​បុរាណ ក៏ដោយ ការបកស្រាយ​របស់លោក​មាន​ចេតនា​ប្រឆាំងនឹង​ទម្លាប់​ចាស់​។​

លោក​បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ផ្កា និង​គូរ​លាយ​អប្សរា ដោយសារ​ខ្ញុំ​នៅ​អង្គរវត្ត ចេញចូល​ឃើញ​អប្សរា​ច្រើន​។ ខ្ញុំ​ចាប់អារម្មណ៍​យកមក​ដាក់​លើ​ផ្ទាំងគំនូរ ហើយ​ពួកគាត់​ហោះហើរ​ដែរ តាម​លក្ខណៈ​បច្ចេកទេស​របស់​គំនូរ (composition) ដែល​យើង​រៀប​មកឱ្យ​វា​ទាក់ទាញ​»​។ លោក​បាន​បន្ថែមថា ក្នុង​គំនូរ​ទាំងបី​នេះ ក៏មាន​រូប​សត្វ​ជាច្រើន ដែលជា​ល្បងប្រាជ្ញា ឱ្យ​សាធារណជន​សង្កេត និង​ស្វែងរក​។​

[img]

ឆ្លើយតប​នឹង​សំណួរ​អំពី​អប្សរា ដែល​មិនមាន​មុខមាត់​ដូច​នៅតាម​ប្រាង្គ​ប្រាសាទ លោក រិទ្ធី បាន​ពន្យល់ថា​៖ «​ខ្ញុំ​នៅ​អប្សរា​នៅ​អង្គរវត្ត ឃើញ​ភ្ញៀវ​អង្អែល [​ដើមទ្រូង​] ឡើង​រលោង ខ្ញុំ​ចាប់អារម្មណ៍ ហើយ​ខ្ញុំ​ចង់​ធ្វើ​រូប​ឱ្យមាន​រចនាប័ទ្ម​បែប​អឺរ៉ុប​ផងដែរ​។ ចំណែកឯ អប្សរា​គ្មាន​ទម្រង់​នេះ ខ្ញុំ​ចង់ឱ្យ​ដូច​នរណាម្នាក់ ដែល​ខ្លាច​គេ​អន់ចិត្ត​»​។

ពិព័រណ៍ «Ekarieach All Stars» បើក​សាធារណៈ​ចាប់ពី​ថ្ងៃទី​២០ ខែមករា ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ១០ យប់ ដោយ​មិន​គិតថ្លៃ​ចូល​ទស្សនា​។

លើសពី​ការបង្ហាញ​សមត្ថភាព​សិល្បៈ ពិព័រណ៍​នេះ​បានផ្ដល់​នូវ​ការឆ្លុះបញ្ចាំង​ដ៏​ត្រង់​ទៅលើ​អត្តសញ្ញាណ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មោទនភាព ភាពឈឺចាប់ អនុស្សាវរីយ៍ និង​ការប្តេជ្ញាចិត្ត​រឹងមាំ ក្នុងការ​ការពារ​ព្រលឹង​វប្បធម៌​ជាតិ​៕

[img]

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.