មហោស្រពក្បាច់គុនចម្រុះ បង្ហាញពីការរឹតបន្តឹងចំណង​មិត្តភាព​ដែក​ថែប និងលើកកម្ពស់​​ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន

0 9

ការ​​សម្តែងក្បាច់គុន​រួមគ្នាដ៏អស្ចារ្យ​រវាងយុទ្ធគុនខ្មែរ​បុរាណ ​គុនល្បុក្កតោ យុទ្ធគុនខម និង​ប្រដាល់គុនខ្មែរ ជាមួយ​ក្បាច់គុនកុងហ្វូ​សៅលីង និងថាយជី ​របស់ចិន នៅក្នុងពិធី ​«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» បាន​បង្ហាញពីការ​រឹតបន្តឹង​ចំណងមិត្តភាព​ដែក​ថែប និង​កិច្ចសហ​ប្រតិបត្តិការ​ដ៏យូរអង្វែង​រវាងប្រទេស​ទាំង​២ ដែល​លើក​នេះ គឺ​ផ្តោតសំខាន់ទៅលើការ​លើកកម្ពស់​វិស័យទេសចរណ៍​ ដើម្បី​អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយបែបនេះ នៅក្នុងអំឡុង​ប្រារព្ធពិធី «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅ​បរិវេណខាងជើងប្រាសាទបាយ័ន ​ខេត្តសៀមរាប កាល​ពី​ព្រឹក​ថ្ងៃទី៣០ ខែមេសា ដោយ​ព្រឹត្តិការណ៍នេះ រៀបចំបាន​យ៉ាង​ល្អ​ ធ្វើ​ឱ្យមានការ​ទាក់ទាញ​ខ្លាំងពី​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា​អ្នកទស្សនា​ផ្ទាល់ និង​មើល​តាម​ការ​ផ្សាយផ្ទាល់។

លោក ហួត ហាក់ បាន​ថ្លែង​ថា៖​ «ការសម្តែងក្បាច់គុន​រួមគ្នានេះ ជា​ការ​បង្ហាញពីការ​រឹតបន្តឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហ​ប្រតិបត្តិការ​ដ៏យូរអង្វែង​រវាង​កម្ពុជា-ចិន ដែលមានតាំងពីថ្នាក់ដឹកនាំ​ជំនាន់មុនៗ គឺ​ជា​ចំណង​មិត្ត​ភាពដែក​ថែម មាន​ភាព​​រឹង​មាំ និងស្ថិតស្ថេរ​ជាអមតៈ ហើយ​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជាកិច្ចសហប្រតិបត្តិការ​នៃ​សហគមន៍​ជោគ​វាសនា​រួមកម្ពុជា-ចិន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​កម្ពុជា-ចិន»។

ចំពោះ​ «គុនល្បុក្កតោ» ដែល​ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នោះ ត្រូវបាន​លោក ហួត ហាក់ ចាត់ទុក​ថា ជាមរតក​​ក្បាច់គុន​ដ៏មានតម្លៃ​មិនអាច​កាត់​ថ្លៃ​បាន ដែលបាន​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​​ផ្សព្វ​ផ្សាយ​វិស័យទេសចរណ៍កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ និងពិភព​លោក។

លោកបានបញ្ជាក់ថា៖​ «ក្បាច់គុនល្បុក្កតោ​របស់​យើង មានប្រវត្តិ​​រាប់ពាន់ឆ្នាំ​មក​ហើយ គឺជាក្បាច់​គុន​ដែល​បុព្វ​បុរស​របស់​យើងបាន​បន្សល់​ទុក​ឱ្យ​ ហើយនេះជា​តម្លៃ​បន្ថែម​ខ្ពស់​ណាស់ សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យទេសចរណ៍​កម្ពុជា តាម​រយៈការ​បង្ហាញ​ពីក្បាច់​គុន ពីប្រសិទ្ធ​ភាព ពីឥទ្ធិពល និង​ពីគោលដៅនៃ​ក្បាច់​គុន​ល្បុក្កតោខ្មែរហ្នឹង ទៅកាន់​ភ្ញៀវទេសចរ​អន្តជាតិទាំងអស់ នៅលើពិភព​លោក»។

លោកបានបន្ថែម​ថា៖ ​«​​ក្បាច់គុននេះ ក៏បាន​​បង្ហាញប្រាប់ទៅ​ពិភពលោក​អំពី​ភាព​ល្បីល្បាញ​ រុងរឿង​នៃ​វប្បធម៌​ប្រពៃណី ទំនៀម​ទម្លាប់​ និងអរិយធម៌​ខ្មែរ ហើយនេះជាការ​ផ្សព្វ​ផ្សាយ​ ដើម្បី​បង្ហាញ​ថា ក្បាច់គុនល្បុក្កតោ ​ជា​ផ្នែក​មួយ​នៃ​សក្តានុពលទេសចរណ៍​កម្ពុជា មិន​មែនត្រឹម​តែនៅ​សៀម​រាប​នោះ​ទេ គឺ​នៅទូទាំង​ព្រះ​រាជណាចក្រកម្ពុជា ហើយ​ទៅកាន់ពិភពលោក​ទាំងមូល​តែម្តង»។

ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុក​ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» លើកនេះ ជាព្រឹត្តិការណ៍​ផ្សារ​ភ្ជាប់​វិស័យ​ទេសចរណ៍ ជាមួយ​វប្បធម៌ និង​សិល្បៈ​ក្បាច់គុន ដ៏សំខាន់ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និ​ងសាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងគោលដៅ​បន្ត​ពង្រឹង និង​ពង្រីកការ​ផ្លាស់ប្តូរ​វប្បធម៌ ទេសចរណ៍ និង​មិត្តភាព​រវាង​ប្រជាជន​នៃប្រទេស​ទាំង​២។

លោកនាយក​រដ្ឋមន្រ្តី បាន​បញ្ជាក់​តាម​​រយៈ​ការ​​បង្ហោះសារ នៅ​លើ​​ផេច​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​លោក កាលពី​​ល្ងាច​​ថ្ងៃទី ៣០ ខែមេសា ថា៖ «ព្រឹត្តិការណ៍​នេះ គឺ​​ជា​​សក្ខីភាព​​រស់​​នៃ​​ការ​​ផ្លាស់​ប្តូរវប្បធម៌ សាមគ្គីភាព និង​​មិត្តភាព​​ដ៏​​យូរ​​អង្វែង ដែល​​នឹង​​បន្ត​​រួម​​ចំណែក​​ជំរុញ​​ការ​​ផ្សព្វផ្សាយ​​គោលដៅទេសចរណ៍​កម្ពុជា ទាក់​ទាញ​​អ្នក​​ទេសចរ​ចិន និង​​អន្តរជាតិ​ឱ្យ​​មក​​ឈ្វេង​យល់ និង​​ទទួល​​យកបទ​​ពិសោធន៍​​ដ៏​សម្បូរ​បែប​​នៅ​​កម្ពុជា»៕

 

ប្រភព: PostKhmer

Leave A Reply

Your email address will not be published.