នៅថ្ងៃទី ១ ខែឧសភា នេះនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆាន់វីរៈគុល បានបើកដំណើរការគម្រោងថ្មីមួយដែលហៅថា «ថៃជួយថៃ» ដែលមានគោលបំណងកាត់បន្ថយការចំណាយលើការរស់នៅ និងបានចុះទៅទស្សនាផ្សារមួយនៅខេត្ត ណុនថាបុរី ជាកន្លែងដែលមានទំនិញបញ្ចុះតម្លៃដែលបានទាក់ទាញមនុស្សជាច្រើននៅថ្ងៃដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosodenglish
នៅម៉ោង ១១:០០ ព្រឹក លោក អានុទីន រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ បានដើរទស្សនាគ្រប់តង់លក់នៅផ្សារ Bang Yai City Market ជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី សុផាជី សុធម្មផាន និងមន្រ្តីផ្សេងៗ ដោយពិនិត្យ និងទិញទំនិញប្រើប្រាស់ក្នុងគ្រួសារដូចជា ប្រេងចម្អិនអាហារ អង្ករ និងមីកញ្ចប់។
កម្មវិធីនេះ ជាកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ ផ្តល់ជូនទំនិញក្នុងតម្លៃទាបជាងទីផ្សារនៅស្រុកជាង ៨០០ នៅទូទាំងប្រទេស ហើយមានរថយន្តចល័តនឹងចែកចាយទំនិញទៅកាន់សហគមន៍មូលដ្ឋាន។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ សមាជិកសភាមូលដ្ឋានម្នាក់មកពីគណបក្សប្រជាជនប្រឆាំង គឺលោក ស៊ុតថាត មីស៊ីរី បានជួយរុញរទេះទិញទំនិញរបស់នាយករដ្ឋមន្ត្រី។ លោក អនុទីន បានហៅគាត់មកជិត ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះមិនគួរត្រូវបានមើលឃើញថាមានលក្ខណៈលំអៀងផ្នែកនយោបាយនោះទេ ដោយលោកបន្ថែមថា «មនុស្សកំពុងជួយគ្នាទៅវិញទៅមក»។

អ្នកសារព័ត៌មានបានកត់សម្គាល់ថា ទោះបីអាកាសធាតុក្តៅខ្លាំងក៏ដោយ ក៍មានអ្នកទិញ និងអ្នកលក់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីផ្សារ។ អ្នកលក់ម្នាក់បានបង្ហាញការខកចិត្តចំពោះភាពលំបាកផ្នែកសេដ្ឋកិច្ច ដោយបានសួរមន្រ្តីថា «រកចំណូលបានគ្រប់គ្រាន់ហើយឬនៅ?» ហើយបានអំពាវនាវឲ្យពួកគេចែករំលែកការគាំទ្របន្ថែមទៀតជាមួយប្រជាជនដែលកំពុងជួបការលំបាក។
ក្នុងដំណើរទស្សនកិច្ចនោះ លោក អនុទីន បានភ្លក់អាហារក្នុងស្រុក រួមមានការីត្រី ទុរេន និងការ៉េម ហើយបានទិញផ្លែឈើ និងត្រីលម្អចែកឲ្យកុមារម្នាក់នៅក្នុងផ្សារនោះ។

គាត់ក៏បានធ្វើការហៅទូរស័ព្ទទៅមន្រ្តីនៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តសុងក្លា ខេត្តស៊ីសាកេត ខេត្តត្រាត និងខេត្តឈៀងម៉ៃ ដើម្បីពិនិត្យមើលការដាក់ឱ្យដំណើរការគម្រោងនេះ ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានធានាការផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោក អនុទីន បានមានប្រសាសន៍ថា គម្រោងនេះមានគោលបំណងកាត់បន្ថយការចំណាយក្នុងគ្រួសារដោយផ្តល់ទំនិញប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃទាបនិងមិនធ្វើឱ្យប៉ះពាល់ដល់គុណភាព ។
នាយករដ្ឋមន្ត្រីរូបនេះបានមកដល់ព្រឹត្តិការណ៍នេះដោយរថយន្តអគ្គិសនី ហើយបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកមើលជាច្រើន ដែលខ្លះបានប្រមូលផ្តុំគ្នាដើម្បីថតរូបផ្លាកលេខរថយន្តរបស់លោក។
ប្រភព: PostKhmer