ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង បានសម្ពោធជាផ្លូវការ ធ្វើ​ឱ្យការ​ផលិត​ទឹកស្អាត​របស់​រដ្ឋាករ​ទឹកបាត់ដំបង កើនដល់​១៤៨%

0 10

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​បាត់ដំបង ដែល​ចំណាយថវិកាសរុបជាង ​៣១​លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ៣០ ខែមេសានេះ ហើយវា​ជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ ដោយប្រព័ន្ធនេះ ​​ធ្វើ​ឱ្យ​រដ្ឋាករទឹកបាត់ដំបង អាច​បង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាង​២ដង គឺកើន​ ១៤៨​ភាគ​រយ។

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោង​សហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំង​សម្រាប់ការ​អភិវឌ្ឍ និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងនេះ មានទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់សីមា​នៃ​ក្រុង​បាត់​ដំបង ដោយ​បាន​ចាប់​ផ្តើមសាងសង់​ក្នុង​ខែ​កក្កដា ឆ្នាំ២០២២ និង​បញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងនេះ​រួមមានស្ថានីយបូមទឹក​ឆៅ​មួយ រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​ មាន​សមត្ថភាពផលិតទឹកស្អាត ៥០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងមាន​បណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។

ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​បាត់ដំបង​នេះ រដ្ឋាករ​ទឹកបាត់ដំបង​បានបង្កើន​សមត្ថភាព​ផលិតទឹកស្អាត​របស់​ខ្លួន​ជាង​​២ដង និងពង្រីកការ​តភ្ជា​ប់បណ្តាញ​ថ្មី​ជូន​ដល់ ១៦៧៩៨ គ្រួសារបន្ថែមទៀត ដែល​គ្រប​ដណ្តប់​ប្រមាណ ៧៦​ភាគ​រយ​នៃតំបន់សេវាកម្មរបស់ខ្លួន។

លោក ហែម វណ្ណឌី បាន​ថ្លែង​នៅក្នុងពិធីសម្ពោធ​នោះ​ថា៖ «ប្រព័ន្ធ​ផ្គត់ផ្គង់ទឹកស្អាត​ថ្មី​នេះ ​បង្កើនសមត្ថភាព​ផលិត​​ទឹក​​ស្អាត​​របស់​រដ្ឋាករទឹក​​បាត់ដំបង​ពី ៣៣ ៥២០ ម៉ែត្រគីបក្នុងមួយថ្ងៃ ទៅ​ដល់ ៨៣ ៥២០ ម៉ែត្រគីបក្នុងមួយថ្ងៃ គឺ​កើន ១៤៨%។ មានន័យថា បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​ផលិតករ សេវាករ និង​អាជីវករជាច្រើន នឹង​​អាច​​ទទួល​​បាន​​សេវាទឹក​ស្អាត ​ដែល​មាន​គុណភាព សុវត្ថិភាព ចីរភាព និង​ថ្លៃសមរម្យ ដើម្បីធ្វើឱ្យ​សុខុមាលភាព​កាន់​តែ​ល្អ​ប្រសើរ និងជីវភាពកាន់តែរីកចម្រើន»។

ជាមួយគ្នានេះ អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​​បញ្ជាក់​ថា៖ «ការ​ផ្គត់ផ្គង់​ទឹកស្អាត​​ដែល​​អាច​ទុក​ចិត្ត​ បាន​លើក​កម្ពស់​សុខភាព​សាធារណៈ សន្សំ​ពេល​វេលា​សម្រាប់​គ្រួសារ និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ក្នុងមូលដ្ឋាន ហើយ​ខណៈ​ដែល​នគរូបនីយកម្ម​កំពុង​មាន​សន្ទុះ​យ៉ាង​លឿន ការ​ទទួល​បាន​ទឹក​ស្អាត​ដែល​មាន​សុវត្ថិភាព និងមាន​​តម្លៃ​សមរម្យ គឺ​មាន​សារសំខាន់​ចំពោះ​ផលិត​ភាព និង​គុណភាពជីវិត»។

ចំណែកអ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជា​របស់​ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាន​គាំទ្រវិស័យទឹកស្អាតនៅកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នោះ បានចាត់​ទុកការ​សម្ពោធដាក់​ឱ្យប្រើប្រាស់​នៅប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងនេះ​ថា ជា​សមិទ្ធផលថ្មី លើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គឺវា​ជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។

លោក​ស្រីបញ្ជាក់ថា៖ «ខ្ញុំមានជំនឿ​ថា ក្រុង​បាត់ដំបង​នឹង​បន្ត​រីក​ចម្រើន សេដ្ឋកិច្ច​រឹងមាំ​ប្រក​ប​​ដោយសមភាព និងសមធម៌ក្នុងសង្គម។ គម្រោងនេះក៏បាន​បង្ហាញពីភាពជាដៃគូដ៏​រឹងមាំ រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​ដៃ​គូអភិវឌ្ឍន៍ ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទឹក​ស្អាត ដើម្បី​រួម​ចំណែកកែលម្អ​ជីវភាពរស់នៅ គាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់​ប្រជុំជន​ប្រកប​ដោយ​ចីរភាព​ និងបរិយាបន្នផង​ដែរ»៕

 

ប្រភព: PostKhmer

Leave A Reply

Your email address will not be published.