ភ្នំពេញ: កម្ពុជា និងថៃ បានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែនរួម តាមរយៈការសម្របសម្រួលរវាងយោធានិងយោធាជាបន្តបន្ទាប់ បន្ទាប់ពីមានកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការយោធាភូមិភាគទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅវេលាម៉ោង ១១:០០នាទី ព្រឹក នៅច្រកអន្តរជាតិជាំ–សាង៊ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះបានប្រមូលផ្តុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋាន (RBC) ខណៈដែលគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការដ្ឋាន (RBC) ថៃ។
លោកស្រី សុជាតា បានឱ្យដឹងថា: «ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។
ការពិភាក្សានេះ រួមមានការពង្រឹងការសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការ និងការសម្រួលដំណោះស្រាយបញ្ហាកម្រិតមូលដ្ឋាន តាមរយៈក្រុមលេខាធិការដ្ឋាន (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
ក្រសួងការពារជាតិ បានគូសបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងមិនរំលង ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ រួមមានសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសបានបញ្ជាក់ថា: «កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់រវាងប្រទេសទាំងពីរ»។

ព្រភព៖ PostKhmer