កម្ពុជា និង ចិន បានឯកភាពគ្នាដំឡើងកិច្ចសន្ទនាពី «២+២» ទៅជា «៣+៣» ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ និងអន្តរជាតិ។
ការឯកភាពគ្នានេះ គឺជាលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមេសា ដោយក្នុងនោះភាគីកម្ពុជាដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯខាងភាគីចិន ដឹកនាំដោយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង លោក តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរួមរបស់ភាគីទាំង២ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ភាគីទាំង២ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ និងប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា និងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។
កម្ពុជាបានគាំទ្រយ៉ាងមុតមាំ ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាគំនិតផ្តួចផ្តើមសកលទាំងបួន ដែលបានដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង ស្ដីពីការអភិវឌ្ឍ សន្តិសុខ អរិយធម៌ និងអភិបាលកិច្ច ហើយកិច្ចសន្ទនា ក៏បានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំង២ លើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិ។
ក្រសួងការបរទេសថ្លែងថា៖ «ក្នុងន័យនេះ ភាគីទាំង២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំង ២ ដោយបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ក្នុងតំបន់ និងសកលលោក»។
សម្រាប់ទិសដៅទៅថ្ងៃអនាគត កម្ពុជា និងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗ ដែលមានសក្តានុពល រួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
នៅក្នុងបរិបទនេះ ភាភីកម្ពុជា-ចិន បានបញ្ជាក់ សារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្តជំរុញឱ្យមានលទ្ធផលជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនរបស់ប្រទេសទាំង២។
លើសពីនេះ ភាគីទាំង២ បានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ៕
ព្រភព៖ PostKhmer