បាត់ដំបងៈ ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការផលិតកម្មរោងចក្ររបស់ក្រុមហ៊ុន បៃស៊ីង សេង បន្ទាប់ពីមន្រ្តីជំនាញបានរកឃើញថា រោងចក្រនេះបានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ខេត្តបាត់ដំបង។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យាបានឱ្យដឹងនាថ្ងៃទី ២២ ខែមេសានេះថា ក្រោមកិច្ចសហការជាមួយអាជ្ញាធមូលដ្ឋាន ក្រុមការងារក្រសួងបរិស្ថានបានចុះស្រាវជ្រាវករណីមានត្រីពុលងាប់នៅក្នុងព្រែកត្រែង ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌ចាប់តាំងពីថ្ងៃទី ១៩ ខែមេសានេះមក។
ជាលទ្ធផលក្រុមកាងារបានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ បៃស៊ីង សេង ដែលស្ថិតនៅជាប់នឹងដងអូរត្រែង ហើយស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំងដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ ដោយមិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវ ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់។ ចំណុចដែលបង្ហូរចេញគឺស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ។
លោកបានបញ្ជាក់ថា៖«ក្រសួងបរិស្ថានបានតម្រូវឱ្យរោងចក្រ ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន»។ លើសពីនេះ ក្រុមហ៊ុនត្រូវធ្វើការបិទលូបង្ហូរសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឱ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង។

ក្រុមហ៊ុនក៏ត្រូវទទួលរងរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ ហើយក្រសួងបរិស្ថាននឹង«បិទរោងចក្រជាស្ថាពរ» ក្នុងករណីមិនគោរពតាមគោលការទាំងនេះ ឬប្រព្រឹត្តកំហុសម្តងទៀត។
បៃស៊ីង សេង ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកែច្នៃដំណាប់ស្វាយចំនួនពីរ ដែលមានទីតាំងស្ថិតនៅជិតចំណុចត្រីពុលងាប់។ ក្នុងពេលចុះពិនិត្យជាជំហានដំបូង ក្រុមការងារបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រទាំងពីរ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
មន្រ្តីជំនាញ និងអាជ្ញាធរក៏បានចេញវិធានការហាមឃាត់ប្រជាពលរដ្ឋឱ្យផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈពេលសិន និង កុំយកត្រីដែលងាប់ទៅបរិភោគផងដែរ៕
