សិប្បករអង្គរបើកទ្វារទទួល​ទេសចរជាតិ​ អន្ដរជាតិ​ទស្សនា​ប្រពៃណីសូត្រខ្មែរ​មានអាយុកាលរាប់សតវត្ស​រ៍

0 4

សៀមរាប៖​ នៅសិប្បករអង្គរ ការបង្កើតស្នាដៃ​សូត្រនីមួយៗផ្ដល់​នូវគុណតម្លៃ​លើស​ពី​​ការ​ផលិត​នូវ​ផលិត​ផលមួយទៅទៀត។ វាគឺជាការបន្តនៃបេតិកភណ្ឌវប្បធម៌របស់​កម្ពុជាដែលបង្កើតឡើងដោយបច្ចេកទេសដែលបានបន្សល់ទុកពីសិប្បករជំនាញជាច្រើនសតវត្សមកហើយ។

ដោយប្រើវិធីសាស្រ្តប្រពៃណីដែលគេជឿថាមានអាយុកាលជិតមួយពាន់ឆ្នាំមកហើយ សិប្បករអង្គរបន្តផលិតសូត្រត្បាញដោយដៃដែលឆ្លុះបញ្ចាំងពីសិប្បកម្មជាប់ទាក់ទងនឹងសម័យអង្គរ។

ចាប់ពីការចិញ្ចឹមដង្កូវនាងរហូតដល់ការបង្វិល ការជ្រលក់ពណ៌ និងការត្បាញ ដំណើរការទាំងមូលធ្វើតាមការអនុវត្តដែលមានអាយុកាលយូរលង់ណាស់មកហើយ ដែលផ្តល់អាទិភាពដល់គុណភាព ការអត់ធ្មត់ និងភាពត្រឹមត្រូវជាជាងល្បឿន។

អ្នកស្រី ពេជ្រ សុភាព នាយិកា​រង​ផ្នែក​ផលិតកម្ម​សូត្រ នៃ​កសិដ្ឋាន​សូត្រ ​សិប្បករ​អង្គរ (Artisans Angkor) បានឱ្យដឹងថា កសិដ្ឋាន​សូត្រ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ជា​មជ្ឈមណ្ឌល​សំខាន់​មួយ​ក្នុងការ​អភិរក្ស និង​បន្ត​បេតិកភណ្ឌ​សូត្រ​ខ្មែរ​។​

[img]

​អ្នកស្រី​បានបញ្ជាក់​ថា៖ «បច្ចុប្បន្ន កសិដ្ឋាន​សូត្រ​សិប្បករ​អង្គរ មាន​បុគ្គលិក​សរុប​ចំនួន ១៩១ នាក់ ក្នុងនោះ​មាន​បុរស ១១ នាក់ និង​ស្ត្រី ១៨០ នាក់ ដែល​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ជុំវិញ​ស្រុក​ពួក​»។​

​អ្នកស្រីបានបន្ដថា​៖ «​នៅ​ទីតាំង​នេះ សិប្បករ​អង្គរ ផលិត​ផលិតផល​សូត្រ​ជាច្រើន​ប្រភេទ រួមមាន សម្លៀកបំពាក់ កាបូប ក្រមា និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ដែល​សុទ្ធសឹង​ជា​ផលិតផល​ធ្វើ​ដោយ​ដៃ និង​គោរព​តាម​បច្ចេកទេស​ប្រពៃណី​»។​

​អ្នកស្រី សុភាព បាន​ពន្យល់ថា ចង្វាក់​ផលិតកម្ម​នៅ​កសិដ្ឋាន​សូត្រ ចាប់ផ្តើម​ពី​ការដាំ​មន ការចិញ្ចឹម​ដង្កូវនាង ការ​ស្រាវ​សរសៃសូត្រ រហូតដល់​ការ​តម្បាញ​ជា​ផលិតផល​សម្រេច​។ ចំណុច​ពិសេស​របស់​សិប្បករ​អង្គរ គឺ​ការចិញ្ចឹម​ដង្កូវនាង ដែល​ប្រើ​រយៈពេល​រហូតដល់ ៤៧ ថ្ងៃ ទើប​អាច​ទទួលបាន​សរសៃសូត្រ​ដែលមាន​គុណភាព​ល្អ​។​

​បន្ទាប់ពី​ដំណាក់កាល​ស្រាវ​សរសៃសូត្រ កសិដ្ឋាន​មាន​សរសៃសូត្រ​ពីរ​ប្រភេទ​។ ប្រភេទ​ទីមួយ គឺ​សរសៃសូត្រ​គ្រើម សម្រាប់​ធ្វើជា​ក្រមា​ជួតក្បាល ផាមួង កាត់​ជា​សម្លៀកបំពាក់ និង​កាបូប​។

[img]

ប្រភេទ​ទី​ពីរ គឺ​សរសៃសូត្រ​មាស ដែលមាន​សរសៃ​ល្អិត​តូចឆ្មារ ប្រើ​សម្រាប់ធ្វើ​ផាមួង​លាត និង​ក្រមា ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សូត្រ​មានតម្លៃ​ខ្ពស់​។​

​អ្នកស្រី​បានឱ្យដឹង​ថា៖ «ផលិតផល​មួយ​ប្រភេទ ចាប់ពី​ដំណាក់កាល​ចិញ្ចឹម​ដង្កូវនាង រហូតដល់​ក្លាយជា​ផលិតផល​ប្រើប្រាស់​បាន ត្រូវការ​រយៈពេល​ជាង ២ ខែ ទើប​បញ្ចប់​»។​

​ផលិតផល​សូត្រ​របស់​សិប្បករ​អង្គរ ត្រូវបាន​ដាក់តាំង និង​លក់​នៅ​ហាង​របស់​ស្ថាប័ន​នេះ​នៅ​ខេត្តសៀមរាប រាជធានី​ភ្នំពេញ ព្រលានយន្តហោះ​សៀមរាប ព្រលានយន្តហោះ​ភ្នំពេញ និង​តាម​ចំណុច​លក់​មួយចំនួនទៀត រួមទាំង​នៅ​ជិត​ប៉ុស្តិ៍​ប្រៃសណីយ៍​ផងដែរ​។​

​កសិដ្ឋាន​សូត្រ​សិប្បករ​អង្គរ បើកទូលាយ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ដោយ​សេរី ដោយ​មិន​គិតថ្លៃ មិន​ថា​ជា​ភ្ញៀវ​បរទេស ឬ​ប្រជាជន​ខ្មែរ​ឡើយ​។

[img]

អ្នកស្រី​បានឱ្យដឹងថា កន្លងមក ភ្ញៀវ​បរទេស​ជា​ក្រុម​ភាគច្រើន​ដែល​មក​ទស្សនា និង​ទិញ​ផលិតផល ខណៈ​ប្រជាជន​ខ្មែរ​ច្រើន​មិនទាន់​ដឹង​ពី​ទីតាំង​នេះ​។ ទោះជា​យ៉ាងណា បច្ចុប្បន្ន មាន​ប្រជាជន​ខ្មែរ​ច្រើនឡើង មក​ទស្សនា និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពី​កសិដ្ឋាន​សូត្រ​នេះ​។​

​អ្នកស្រី សុភាព បាន​អះអាងថា សូត្រ​នៅទីនេះ​មាន​គុណភាព​ខ្ពស់ សរសៃសូត្រ​ភ្លឺ​ថ្លា និង​ផលិតផល​ដែល​ផលិត​ចេញ​មាន​ស្តង់ដារ​ល្អ ហើយ​អាច​ធានាបាន​ថា ផាមួង ឬ​ហូល អាច​ប៉ះ​ទឹកបាន​។​

​ជាមួយគ្នានេះ អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ មក​ទស្សនា​កសិដ្ឋាន​សូត្រ​សិប្បករ​អង្គរ នៅ​ស្រុក​ពួក ដែលមាន​ចម្ងាយ​ប្រហែល ១៣ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប និង​ស្នើ​ឱ្យជួយ​គាំទ្រ​ផលិតផល​ខ្មែរ ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ និង​ជា​បេតិកភណ្ឌ​ដែល​ធ្លាប់​បាត់បង់​អស់​រយៈពេល​យូរ​។​

​អ្នកស្រី​បានបញ្ជាក់​ថា កសិដ្ឋាន​សូត្រ​សិប្បករ​អង្គរ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩២ នៅ​ស្រុក​ពួក ខេត្តសៀមរាប ហើយ​ស្នើ​សុំឱ្យ​ភ្ញៀវទេសចរ និង​ប្រជាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយ​គាំទ្រ និង​ទិញ​ផលិតផល​សូត្រ​ខ្មែរ ដើម្បី​ចូលរួម​ថែរក្សា និង​បន្ត​មរតក​វប្បធម៌​ជាតិ​ឱ្យនៅ​រស់​រវើក​បន្តទៅ​អនាគត​៕

[img]

[img]

[img]

[img]

[img]

[img]

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.