ក្រុមហ៊ុនKNN Groupដែលមានទុនវិនិយោគ២៨លានដុល្លារអាមេរិកនេះ មានគម្រោងសាងសង់លើផ្ទៃដីទំហំ១០ហិកតា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ការវិនិយោគលើរោងចក្រដំឡើងរថយន្ត JETOUR នេះ មិនត្រឹមតែបង្ហាញពីការពង្រីកវិសាលភាពអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ។ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ការបង្កើតរោងចក្រនេះ វានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុកឱ្យកាន់តែមានភាពប្រកួតប្រជែង ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ។មិនតែប៉ុណ្ណោះការសាងសង់រោងចក្រនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្តដល់កម្លាំងពលកម្មដល់ប្រជាជនកម្ពុជា។KNN Group រំពឹងយ៉ាងមុតមាំថាការបង្កើតរោងចក្រដំឡើងរថយន្ត JETOUR នេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលតម្លើងរថយន្តដ៏ទាក់ទាញនៅក្នុងតំបន់។សូមជម្រាបជូនថាKNN Groupដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្លូវការរថយន្ត JETOURបានប្រកាសពីការរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តលំដាប់ខ្ពស់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ ៕