រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងម៉ានីល ចំពេលមានជម្លោះកំពុងបន្តនៅអ៊ុយក្រែន និងការវាយប្រហារកាន់តែខ្លាំងឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ។
មន្ត្រីទាំងពីរមិនបានឆ្លើយតបនឹងសំណួររបស់សារព័ត៌មានជុំវិញរឿងថា តើរុស្ស៊ីកំពុងជួយអ៊ីរ៉ង់ប្រឆាំងនឹងកងទ័ពអាមេរិក ឬមានផែនការផ្អាកការឈ្លានពានរបស់ខ្លួនដែរឬយ៉ាងណានោះទេ។ មុនជំនួបនេះ លោក Rubio បានកត់សម្គាល់ថា ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបានរារាំងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងអាមេរិក និងរុស្ស៊ីក៏ដោយ ក៏អាមេរិកមានបំណងស្វែងយល់ថា តើ “លក្ខខណ្ឌថ្មីអ្វី” អាចអនុញ្ញាតឱ្យកិច្ចពិភាក្សាសន្តិភាពចាប់ផ្តើមឡើងវិញបាន? កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះបានកើតឡើង ទោះបីជាមានការសន្យាកាលពីយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែនឱ្យបានឆាប់រហ័សយ៉ាងណាក៏ដោយ ខណៈដែលសង្គ្រាមនៅតែបន្ត កើតមានឡើងជាមួយនឹងតង់ស្យុងយោធារវាងអាមេរិក និងអ៊ីរ៉ង់ដែលកំពុងកើនឡើង ។