សត្វអូដ្ឋនៅក្នុងតំបន់អាហ្វ្រិកកំពុងរងការគំរាមពីកំដៅយ៉ាងខ្លាំង

3

កំដៅខ្លាំង និងការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វអូដ្ឋនៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាហ្វ្រិកខាងកើត (Horn of Africa) ដែលជាសត្វមានមនុស្សទូទៅតែងតែពឹងផ្អែកលើភាពធន់ទ្រាំរបស់វានៅក្នុងបរិស្ថានវាលខ្សាច់ដ៏ក្តៅគគុក។ ទោះបីជាសត្វអូដ្ឋអាចទ្រាំទ្រនឹងសីតុណ្ហភាពធម្មតារហូតដល់ប្រហែល ៤០ អង្សាសេក៏ដោយ ប៉ុន្តែរលកកំដៅជាប់ៗគ្នាចាប់ពី ៤១ ដល់ ៥០ អង្សាសេ កំពុងបង្កឱ្យមានភាពតានតឹងខ្លាំងដោយសារកំដៅ (Heat stress) ការខូចខាតកោសិកា និងការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ។

ក្រុមអ្នកចិញ្ចឹមអូដ្ឋបានរាយការណ៍ពីការកើនឡើងនៃអត្រាស្លាប់របស់កូនអូដ្ឋ របួសរលាកស្បែក និងបាតជើង ព្រមទាំងការឆ្លងជំងឺផ្សេងៗជាញឹកញាប់ ស្របពេលមានការសិក្សាបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទិន្នផលទឹកដោះ និងសមត្ថភាពបន្តពូជរបស់វា ។ ស្ថានការណ៍នេះកាន់តែអាក្រក់ទៅៗ ដោយសារការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ការបាត់បង់វាលស្មៅ កង្វះទីមម្លប់ និងសេវាកម្មសុខភាពសត្វមិនគ្រប់គ្រាន់ ដែលនាំឱ្យមានអត្រាស្លាប់យ៉ាងទូលំទូលាយ ដោយប៉ះពាល់ដល់គ្រួសារអ្នកចិញ្ចឹមអូដ្ឋជិត ៤៦% នៅផ្នែកខ្លះនៃប្រទេសសូម៉ាលី និងបង្កឱ្យមានការកើនឡើងនៃអត្រាស្លាប់របស់អូដ្ឋ ១៥% នៅក្នុងតំបន់ខ្លះនៃប្រទេសកេនយ៉ា ។

 

ជាលទ្ធផល ក្រុមអ្នកគង្វាលសត្វត្រូវបានបង្ខំចិត្តបោះបង់ចោលដីគង្វាលបុរាណរបស់ពួកគេជាអចិន្ត្រៃយ៍ ដើម្បីស្វែងរកតំបន់ត្រជាក់ជាង និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់រស់រានមានជីវិតរបស់ហ្វូងសត្វរបស់ពួកគេ ។