អង់គ្លេសប្រកាសត្រៀមប្រយុទ្ធ២៤ម៉ោងមិនខ្លាចការព្រមានពីអ៊ីរ៉ង់

0

នាថ្ងៃទី២៣ ខែកក្កដា រដ្ឋាភិបាល​ថ្មី​របស់​​អង់គ្លេសបានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានត្រៀមលក្ខណៈរួចរាល់ដើម្បីការពារប្រទេសជាតិពីការវាយប្រហារណាមួយ បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់(IRGC)បានចេញការព្រមានជុំវិញការអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ធ្វើការ​ហោះ​ហើរចេញពីមូលដ្ឋានទ័ពរបស់អង់គ្លេស។នេះបើតាមទីភ្នាកងារReuters។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសម្នាក់បានថ្លែងថា «កងកម្លាំងប្រដាប់អាវុធរបស់យើង​បានត្រៀមខ្លួនជាស្រេច ដើម្បីរក្សាសុវត្ថិភាពចក្រភពអង់គ្លេសពីការវាយប្រហារគ្រប់ប្រភេទ ទោះបីជាកើតឡើងនៅលើទឹកដីរបស់យើង ឬមកពីបរទេសក៏ដោយ។ អង់គ្លេសឈរជើងត្រៀមខ្លួន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីការពារខ្លួនឯង»។អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «កិច្ចការពារនេះ រួមបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រការពារដែនអាកាស និងមីស៊ីលជាច្រើនស្រទាប់ ដែលផ្តល់ដោយសម្ភារបរិក្ខារបស់កងទ័ពជើងទឹកភូមិន្ទ កងទ័ពជើងគោក និងកងទ័ពជើងអាកាសភូមិន្ទអង់គ្លេស ដែលបំពាក់ដោយសមត្ថភាពទំនើបៗជាច្រើន ក៏ដូចជាការសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តណាតូរបស់យើង»។

 

ការព្រមានរបស់ប្រទេសអ៊ីរ៉ង់ បានលេចឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ត្រូវបានគេជូនដំណឹងកាលពីសប្តាហ៍មុន អំពីការបន្តប្ដេជ្ញាចិត្តរបស់អង់គ្លេសចំពោះកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់អង់គ្លេស ក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជា «ការការពារខ្លួនសមូហភាព» នៅក្នុងតំបន់។រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃពុធថា ការរៀបចំនេះគឺគ្របដណ្តប់លើប្រតិបត្តិការការពារខ្លួនរបស់អាមេរិក ដើម្បីកាត់បន្ថយសមត្ថភាព និងបំផ្លាញទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការវាយប្រហារលើនាវាដឹកជញ្ជូន នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ។ជាការឆ្លើយតបទៅនឹងការព្រមានរបស់អ៊ីរ៉ង់ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្ររបស់អង់គ្លេសនៅតែមិនមានការប្រែប្រួលឡើយ ហើយប្រទេសនេះនៅតែបន្តប្ដេជ្ញាចិត្តការពារប្រជាជន ផលប្រយោជន៍ និងសម្ព័ន្ធមិត្តរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ក្នុងពេលជាមួយគ្នានឹងការចៀសវាងមិនឲ្យខ្លួនធ្លាក់ចូលទៅក្នុងជម្លោះដែលកាន់តែរីកធំឡើង៕