លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងថាមពលបរមាណូស៊ីវិលរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលទើបតែបានប្រកាស គឺត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌដាច់ខាតមួយ ដោយតម្រូវឱ្យប្រទេសអារ៉ាប៊ីសាអូឌីតទទួលស្គាល់រដ្ឋអ៊ីស្រាអែល និង ចូលរួមក្នុងកិច្ចព្រមព្រៀងអាប្រាហាំ (Abraham Accords)។

អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបញ្ជាក់បន្ថែមលើជំហរនេះ ដោយព្រមានថាកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារនេះនឹងត្រូវលុបចោល ប្រសិនបើទីក្រុងរីយ៉ាដបដិសេធមិនព្រមបង្កើតទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ ទោះបីជាលោក ត្រាំ បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងនេះគឺសម្រាប់តែការប្រប្រើប្រាស់ក្នុងវិស័យស៊ីវិល មិនមែនយោធា ហើយបានហាមឃាត់យ៉ាងច្បាស់ជុំវិញការអភិវឌ្ឍចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងស្រុកក៏ដោយ ក៏អ្នកជំនាញខាងទប់ស្កាត់ការរីកសាយភាយអាវុធបរមាណូ និង សមាជិកសភាមួយចំនួននៅតែសម្តែងការព្រួយបារម្ភអំពីហានិភ័យសន្តិសុខដែលអាចកើតមាននៅក្នុងតំបន់ដ៏ប្រឈមនេះ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើតម្រូវការនៃការបង្កើតទំនាក់ទំនងធម្មតានេះត្រូវបានសរសេរនៅក្នុងអត្ថបទនៃកិច្ចព្រមព្រៀងដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនោះ ឬ មួយក៏អារ៉ាប៊ីសាអូឌីតបានយល់ព្រមតាមលក្ខខណ្ឌនេះរួចហើយនោះទេ ខណៈដែលអារ៉ាប៊ីសាអូឌីតធ្លាប់បានប្រកាន់ជំហរជាប្រវត្តិសាស្ត្រថាលុះត្រាតែមានការបង្កើតរដ្ឋប៉ាឡេស្ទីនសិន ទើបខ្លួនទទួលស្គាល់អ៊ីស្រាអែល ហើយរហូតមកទល់ពេលនេះ មន្ត្រីអារ៉ាប៊ីសាអូឌីតក៏មិនទាន់បានចេញមុខឆ្លើយតបជាសាធារណៈនៅឡើយដែរ ៕