ភ្នំពេញ៖ អត្តសញ្ញាណ ដែលត្រូវបានបង្កើតឡើងដោយប្រវត្តិសាស្ត្រ ជម្លោះ និងអនុស្សាវរីយ៍វប្បធម៌ បានក្លាយជាចំណុចស្នូលនៅក្នុងពិព័រណ៍សិល្បៈ «Ekarieach All Stars» ដែលកំពុងបើកជាសាធារណៈនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូកេត្រា ខណៈដែលវិចិត្រករខ្មែរ និងអន្តរជាតិ រួមគ្នាស្វែងយល់ពីអារម្មណ៍នៃការជាប់ទាក់ទង ការបាត់បង់ និងភាពរឹងមាំ រួមទាំងការឆ្លុះបញ្ចាំងអំពីប្រាង្គប្រាសាទខ្មែរ ដែលរងការខូចខាតក្នុងជម្លោះកម្ពុជា–ថៃកន្លងមក។
Ekarieach ដែលមានន័យថា «ឯករាជ្យ» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប ៧០ ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា ហើយបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាវេទិកាសិល្បៈដែលទទួលបានការសរសើរ សម្រាប់ទាំងវិចិត្រករថ្មី និងវិចិត្រករដែលមានបទពិសោធន៍។
បន្ទាប់ពីការរៀបចំពីររដូវកាលក្រោមប្រធានបទ «ឯករាជ្យ» (២០២៣–២០២៤) និង «ទឹក» (២០២៤–២០២៥) ពិព័រណ៍ All Stars បានប្រមូលផ្ដុំវិចិត្រករជាប់ជម្រើសចុងក្រោយ ដែលស្នាដៃរបស់ពួកគេបានបង្ហាញពីការវិវត្តនៃការប្រកួតសិល្បៈនេះ។
ពិព័រណ៍នេះអញ្ជើញឱ្យវិចិត្រករបកស្រាយ «អត្តសញ្ញាណ» តាមទស្សនៈផ្ទាល់ខ្លួន បង្កើតបានជាកម្រងស្នាដៃដែលមានលក្ខណៈផ្ទាល់ខ្លួន។ សរុបមានស្នាដៃចំនួន ៦៩ ផ្ទាំង របស់វិចិត្រករ ២៦ នាក់ មកពីជាតិចំនួន ៨ ត្រូវបានដាក់បង្ហាញនៅក្នុងវិចិត្រសាល និងតាមបរិវេណឡប់ប៊ីសណ្ឋាគារ។
[img]
ថ្លែងនៅក្នុងពិធីបើកសម្ពោធ លោក Marc Emmanuel អគ្គនាយកប្រតិបត្តិ សណ្ឋាគារ បានថ្លែងថា ពិព័រណ៍នេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់លំហឱ្យវិចិត្រករ បង្ហាញសំឡេងផ្ទាល់ខ្លួន។
លោកបានឱ្យដឹងថា៖ «យប់នេះ យើងស្នើឱ្យវិចិត្រករនីមួយៗ នាំមកនូវស្នាដៃពិសេស និងការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន។ ស្នាដៃនីមួយៗ គឺជាការឆ្លុះបញ្ចាំងពីរចនាប័ទ្ម និងបុគ្គលិកលក្ខណៈ ហើយវារួមគ្នាបង្កើតអារម្មណ៍ឱ្យយើងគិត និងមានអារម្មណ៍ចូលរួម»។
ក្នុងចំណោមស្នាដៃដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង មានគំនូររបស់វិចិត្រករខ្មែរ លោក សឿង វណ្ណារ៉ា ដែលមានចំណងជើង «ជំហរឹងមាំ» (Strong Stand) ដែលផ្ដោតដោយផ្ទាល់ទៅលើការបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ក្នុងអំឡុងជម្លោះប្រដាប់អាវុធ។
ស្នាដៃនេះផ្ដោតលើប្រាសាទព្រះវិហារ ដោយបង្ហាញខ្លោងទ្វារដែលរងការខូចខាត រចនាឱ្យមានទម្រង់ជាក្បាលសត្វព្រាប តំណាងឱ្យសន្តិភាព ដោយមានផ្ទៃក្រោយជាព្រះអាទិត្យ និងព្រះចន្ទ បង្ហាញពីការបន្តនៃពេលវេលា។
[img]
លោក វណ្ណារ៉ា បាននិយាយថា៖ «បើទោះបីជាសង្គ្រាមបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែរួបរួមគ្នាការពារបេតិកភណ្ឌរបស់យើងដែរ ពីព្រោះថ្មមួយដុំៗសុទ្ធតែជាព្រលឹងដូនតារបស់យើង»។
លោកបានពន្យល់ថា ជើងទម្រប្រាសាទ គឺជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលបានកសាងប្រាសាទព្រះវិហារ ហើយក៏ជាតំណាងឱ្យដួងព្រលឹងវីរៈកងទ័ពខ្មែរ ដែលបានបូជាជីវិតការពារជាតិផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃបើកសម្ពោធថា៖ «ដោយសារយើងឈឺចាប់នឹងអំពើដែលគេឈ្លានពាន ខ្ញុំត្រូវបង្ហាញភាពឈឺចាប់តាមរយៈពិព័រណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ និងភាពរឹងមាំក្នុងការការពារសម្បត្ដិបេតិកភណ្ឌ»។
គំនូរនេះក៏បញ្ជាក់ពីការស្នើសុំសន្តិភាពទៅកាន់ពិភពលោក តាមរយៈរូបក្បាលសត្វព្រាប និងចក្រវាឡ៍វិលទៅមករវាងថ្ងៃ និងយប់។
[img]
ពិព័រណ៍នេះក៏មានស្នាដៃរបស់អ្នកស្រី Emily Marques មកពីសហរដ្ឋអាមេរិក ដែលគំនូរ Quiet Between Monsoons របស់អ្នកស្រី ឆ្លុះបញ្ចាំងពីជម្លោះកម្ពុជា–ថៃ តាមទស្សនៈស្ងប់ស្ងាត់ និងពិចារណាខ្លាំង។
ដោយយកបទពិសោធន៍ធ្វើដំណើរនៅកម្ពុជា អ្នកស្រីបាននិយាយថា ស្នាដៃនេះបង្ហាញពីមុខមាត់សន្តិភាពមួយ ក្នុងអំឡុងពេលដែលពោរពេញដោយភាពតានតឹង។
អ្នកស្រី Emily បាននិយាយថា៖ «ខ្ញុំឃើញសម្រស់ដូចគ្នា នៅក្នុងប្រជាជនខ្មែរ ដូចដែលខ្ញុំឃើញនៅក្នុងធម្មជាតិ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបង្ហាញជំហមួយ អំពីភាពពិសេសនៃកម្ពុជា និងសម្រស់របស់ប្រជាជនខ្មែរ»។
បន្ថែមពីនេះ ស្នាដៃ «Waiting to Be Together» របស់អ្នកស្រី Emily ក៏ផ្ដោតទៅលើរបួសរួមថ្មីៗ នៃសង្គម ពោលគឺការបិទខ្ទប់ និងភាពមិនប្រាកដប្រជា ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩។
ស្នាដៃជាគំនូរខ្លួនឯងនេះ បង្ហាញពីភាពវឹកវរ ដែលមនុស្សម្នាក់ៗត្រូវប្រឈមមុខ ខណៈការដាច់ឆ្ងាយគ្នា គឺជាវិធីការពារខ្លួន និងការពារអ្នកដទៃ ទោះបីមិនដឹងថា អនាគតនឹងទៅដល់ណាក៏ដោយ។
[img]
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានគូរភ្នែកជាមួយពណ៌ផ្កាកុលាប ដើម្បីប្រាប់ខ្លួនឯងថា អ្នកស្រីនឹងអាចឆ្លងកាត់ថ្ងៃលំបាកទាំងនោះបាន ហើយមនុស្សគ្រប់គ្នានឹងអាចឆ្លងកាត់វាបានដូចគ្នា។ ស្នាដៃនេះក៏បង្ហាញពីការឈឺចាប់នៃការរង់ចាំ ដើម្បីជួបជុំមិត្តភក្តិ សិស្ស និងគ្រួសារ ដែលរស់នៅទ្វីបផ្សេងទៀត។
ពីខេត្តសៀមរាប វិចិត្រករ លោក ហេង រិទ្ធី បានដាក់បង្ហាញគំនូរបីផ្ទាំងក្នុងស៊ុមតែមួយ រំលេចផ្កា សត្វ និងអប្សរាហោះហើរ ដែលបានបំផុសគំនិតពីប្រាសាទអង្គរវត្ត។ ទោះបីជាមូលដ្ឋានលើរូបភាពបុរាណ ក៏ដោយ ការបកស្រាយរបស់លោកមានចេតនាប្រឆាំងនឹងទម្លាប់ចាស់។
លោកបានប្រាប់ ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំស្រឡាញ់ផ្កា និងគូរលាយអប្សរា ដោយសារខ្ញុំនៅអង្គរវត្ត ចេញចូលឃើញអប្សរាច្រើន។ ខ្ញុំចាប់អារម្មណ៍យកមកដាក់លើផ្ទាំងគំនូរ ហើយពួកគាត់ហោះហើរដែរ តាមលក្ខណៈបច្ចេកទេសរបស់គំនូរ (composition) ដែលយើងរៀបមកឱ្យវាទាក់ទាញ»។ លោកបានបន្ថែមថា ក្នុងគំនូរទាំងបីនេះ ក៏មានរូបសត្វជាច្រើន ដែលជាល្បងប្រាជ្ញា ឱ្យសាធារណជនសង្កេត និងស្វែងរក។
[img]
ឆ្លើយតបនឹងសំណួរអំពីអប្សរា ដែលមិនមានមុខមាត់ដូចនៅតាមប្រាង្គប្រាសាទ លោក រិទ្ធី បានពន្យល់ថា៖ «ខ្ញុំនៅអប្សរានៅអង្គរវត្ត ឃើញភ្ញៀវអង្អែល [ដើមទ្រូង] ឡើងរលោង ខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំចង់ធ្វើរូបឱ្យមានរចនាប័ទ្មបែបអឺរ៉ុបផងដែរ។ ចំណែកឯ អប្សរាគ្មានទម្រង់នេះ ខ្ញុំចង់ឱ្យដូចនរណាម្នាក់ ដែលខ្លាចគេអន់ចិត្ត»។
ពិព័រណ៍ «Ekarieach All Stars» បើកសាធារណៈចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ១០ យប់ ដោយមិនគិតថ្លៃចូលទស្សនា។
លើសពីការបង្ហាញសមត្ថភាពសិល្បៈ ពិព័រណ៍នេះបានផ្ដល់នូវការឆ្លុះបញ្ចាំងដ៏ត្រង់ទៅលើអត្តសញ្ញាណកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយមោទនភាព ភាពឈឺចាប់ អនុស្សាវរីយ៍ និងការប្តេជ្ញាចិត្តរឹងមាំ ក្នុងការការពារព្រលឹងវប្បធម៌ជាតិ៕
[img]
ប្រភព៖ PostKhmer