សុខ លីមហេង សងសឹក​ស្តេច​អុក ជា ស៊ីដេត បានសម្រេច ដើម្បី​ឈ្នះតំណែងស្តេច​អុក នៅអង្គរសង្រ្កាន្ត ជាលើក​ទី​៣

0 6

ម្ចាស់មេដាយមាស​ស៊ីហ្គេម ឆ្នាំ​២០២៣ សុខ លីមហេង បាន​ឈ្នះ​តំណែង​​ជើងឯក «ស្តេចអុក» ជា​លើក​ទី​៣ បន្ទាប់ពី​រូបគេ​ ​បាន​យក​ឈ្នះ​ស្តេច​អុក ជា ស៊ីដេត ក្នុង​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​អុក​ចត្រង្គ នៅ​អង្គរ​សង្រ្កាន្ត ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០២៦។

តាមពិត នៅមុនការ​ប្រកួត​ដណ្តើម​យក​តំណែង​ស្តេច​អុក នៅ​ឆ្នាំ​២០២៦នេះ សុខ លីមហេង ធ្លាប់​បាន​ឈ្នះ​តំណែង​ស្តេច​អុកចំនួន​២​លើក​រួច​​ហើយ កាលពី​ឆ្នាំ​ ២០២៨ និងឆ្នាំ​ ២០២៣ ប៉ុន្តែ​​សម្រាប់​ការ​ប្រកួត​ស្តេច​អុក កាលពី​ឆ្នាំ ២០២៥ លីមហេង បាន​ទទួលការ​ឈឺចាប់​ក្រោម​ថ្វី​ដៃ ជាស៊ីដេត ដោយ ស៊ីដេត បាន​យក​ឈ្នះ លីមហេង នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និងបានបន្ត​យក​ឈ្នះ​ ម៉េង សេរីសម្បត្តិ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បីគ្រងតំណែង​​ជើងឯក​ស្តេច​អុក។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​វិល​មកជួបគ្នា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃការ​ប្រកួត​អុកចត្រង្គ ដើម្បីស្វែង​រក​ស្តេច​អុក នៅ​អង្គរ​សង្រ្កាន្ត ឆ្នាំ​២០២៦​នេះ កីឡាករ សុខ លីមហេង សងសឹកបានសម្រច​​លើ ជា ស៊ីដេត វិញ ដោយបាន​យក​ឈ្នះ​ត្រឹមក្តារទី​១ ដើម្បី​​ឈ្នះតំណែង​ស្តេច​អុក​​ជា​លើក​ទី​​៣​។

តាម​រយៈការ​ឈ្នះ​តំណែង​ស្តេចអុក​ជា​លើក​ទី​៣​នេះ គឺ​មានន័យ​ថា សុខ លីមហេង ​​បាន​បំបែក​កំណត់​ត្រាការ​ឈ្នះ​តំណែង​ស្តេចអុក​២លើកជាប់ៗគ្នា​របស់ ឈាវ បូរ៉ា កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ជា​ផ្លូវការ​ហើយ ខណៈ​ការ​ប្រកួតអុក​ចត្រង្គ ដណ្តើមតំណែង​​ស្តេច​អុក នៅ​ឆ្នាំ​២០២៦នេះ ឈាវ បូរ៉ា បាន​ត្រឹមលេខ​៤ ក្រោយ​ចាញ់ ជា ស៊ីដេត នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ចាញ់​​កីឡាករជើងចាស់ ស៊ីវ ស៊ីន ក្នុងការ​ប្រកួត​ដណ្តើម​យក​លេខ​៣។

ជាមួយគ្នានេះ សុខ លីមហេង ក៏​ទើបបានឈ្នះ​តំណែង​ជើងឯក ជា​លើក​ទី​៦ជាប់ៗ​គ្នា ​ក្នុងការ​ប្រកួត​កីឡាអុកចត្រង្គ​ជ្រើស​រើសជើងឯក​ថ្នាក់​​ជាតិ​ផងដែរ បន្ទាប់ពី​រូបគេ​បាន​យក​ឈ្នះ​កីឡាករ ជា ស៊ីដេត ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពី​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦។

តាម​រយៈ​លទ្ធផល​នៃការ​ប្រកួតទាំងអស់នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កីឡាករ​វ័យ ២៧ ឆ្នាំ សុខ លីមហេង នៅពេល​បច្ចុប្បន្ន គឺ​មានសមត្ថ​ភាព​ល្អ​ផ្តាច់​គេ លើជំនាញ​កីឡាអុក​ចត្រង្គនេះ ប្រចាំ​នៅ​​កម្ពុជា ហើយ​រូបគេ​ក៏​ជា​កីឡាករ ​ធ្លាប់បានសាងស្នាដៃជូនជាតិគួរជាទីមោទនភាព​ផងដែរ តាម​រយៈ​ការ​​ឈ្នះ​បាន​មេដាយមាស​១ ប្រាក់​១ ពេល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះការ​ប្រកួតស៊ីហ្គេម ជាប្រវត្តិ​លើក​ដំបូង កាលពី​ឆ្នាំ​២០២៣​។

យ៉ាងណាក៏​ដោយ សុខ លីមហេង បាន​អះអាងថា ការ​ប្រកួត​អុកចត្រង្គ​នៅពេលនេះ មានការ​រីក​ចម្រើនខ្លាំង ហើយការដណ្តើម​បានជ័យជម្នះ ជាពិសេស​ការ​ប្រកួតស្តេច​អុក​នៅ​ឆ្នាំ​២០២៦នេះ មានការពិបាក ដែល​មិន​ងាយស្រួល​យក​ឈ្នះ ដូច​ការ​ប្រកួត កាលពី ២ទៅ​៣​ឆ្នាំមុន​នោះ​ទេ។

លីមហេង បាន​​ប្រាប់នៅព្រឹក​ថ្ងៃចន្ទ​នេះថា៖ ​«ការ​ប្រកួត​ស្តេចអុកលើក​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា គ្រប់កីឡាករទាំងអស់​មកពីតាមបណ្តា​ក្លិប និងតំបន់នៃ​​រាជធានី-ខេត្ត គឺ​មានការ​អភិវឌ្ឍ​ខ្លួនឯង​ខ្លាំង ជាពិសេស​កីឡាករ ជា ស៊ីដេត ដែលគាត់​មានសក្តានុពល​ខ្លាំង ព្រោះ​ពេល​លេងជាមួយគាត់ ខ្ញុំ​មានអារម្មណ៍​ថា ពិបាក គ្រាន់តែ​ថា ការ​លេងអុក​នេះ វាទាក់​ទងទៅនឹង​តាក់ទិច​នៃការ​បែក​កូន ចល័តគ្រាប់តិចតួច អ៊ីចឹង​រាល់​កីឡាករ​ណា​ក៏​ដោយ មិន​ថា​ខ្ញុំ ឬគេ​នោះ​ទេ គឺ​ឱ្យតែ​ដើរ​ខុស​នៅក្នុងជំហាន​ណា​មួយ មានភាគ​រយចាញ់​ខ្ពស់»។ ​​

ដោយឡែក ចំពោះ​ការប្រកួតអុកចត្រង្គជើងឯកកុមារ ក្នុ​ង​ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានបញ្ចប់​ កាលពី​ទី១៨ ខែមេសា គឺ​កុមារា សេង វុត្រា បាន​ក្លាយជា​ម្ចាស់​ជើងឯក បន្ទាប់ពីបាន​យក​ឈ្នះ​កីឡាករ ជីង ផេងឡេង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ចំណែក​កូន​ប្រុស​ស្តេច​អុក ឈាវ បូរ៉ា ឈ្មោះ ឈាវ បូរិន្ទ ​ទទួលបាន​ចំណាត់ថ្នាក់លេខ​៣ ហើយកុមារទាំង​៣នាក់នេះ បានបរិច្ចាគ​ថវិកា ៣០ភាគ​នៃប្រាក់រង្វាន់ទទួលបាន ជូនទៅ​វីរកងទ័ពជួរមុខដូចគ្នា ដើម្បីជាការដឹងគុណ​ដល់ស្មារតីលះបង់របស់ពួកគាត់។

វិញការ​ប្រកួតអុកចត្រង្គជើងឯកកុមារនេះ សុខ លីមហេង បានបញ្ជាក់ថា៖ «ខ្ញុំ​កត់​សម្គាល់​ឃើញថ្នាល​ក្មេងៗ មានការ​អភិវឌ្ឍ​ខ្លួនឯង​ខ្លាំង ហើយខ្ញុំគិតថា ក្មេងៗ​​៤ទៅ​៥​នាក់ ដែលបាន​ឡើង​​ដល់​ជុំ​ផ្តាច់ព្រ័ត្រ គឺ​ថ្ងៃអនាគត ពួកគេ​​អាច​ខ្លាំងជាង​​ពួក​ខ្ញុំ​ទៀត ហេតុនេះខ្ញុំ​នឹង​ព្យាយាមហ្វឹកហាត់ទាំងជាមួយក្រុមជម្រើសជាតិ និងហាត់ខ្លួនឯង​ផង ក៏ដូចជា​សិក្សា​ស្វែង​យល់​ពីបច្ចេក​ទេស និង​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​រក្សា​តំណែង​ជើងឯក សម្រាប់ការ​ប្រកួត នៅឆ្នាំក្រោយៗ​ទៀត»៕

 

ប្រភព៖​ PostKhmer

Leave A Reply

Your email address will not be published.