ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នឹងត្រូវរៀបចំឡើងជាលើកដំបូង នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ និងកោះនរា ដើម្បីលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះឱ្យមានវប្បធម៌ការអាននៅកម្ពុជាឱ្យបានកាន់តែច្រើន ក៏ដូចជាចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។
កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ផ្តួចផ្តើមឡើងដោយគ្រឹះស្ថាន អម្រឹត រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ”។
តាមខ្លឹមសាររួម ដែលត្រូវបានប្រកាស ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី ២០ ខែមេសានេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នេះ មានគោលបំណងសំខាន់ចំនួន៣ ទី១ ចូលរួមចំណែកបន្តលើកកម្ពស់ វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ទី២ ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា។
ចំណែកទី៣ ដើម្បីចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅ សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និង សង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់»នេះ ទទួលបានការគាំទ្រពេញទំហឹងពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន ដោយលោកបានចាត់ទុកការអានជាមូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីកសាងធនមនុស្ស និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ជាមួយហេតុផលនេះ លោក ហង់ជួន ណារ៉ុន បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកកម្ពស់ការអាន បណ្ដុះទម្លាប់អាន ការសិក្សាស្រាវជ្រាវ និងការបង្កើតវប្បធម៌អាន គឺឱ្យការអានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ លោក វ៉ាត់ ចំរើន បានបន្ថែម។
ចំណែកលោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បានឱ្យដឹងថា សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ តែជាស្ថាប័នផ្ដោតសំខាន់ទៅលើការអប់រំ និងចែករំលែកនូវចំណេះដឹងផ្សេងៗ ដោយសារមន្ទីរ ធ្លាប់បានអនុវត្តជាមួយវិស័យធនាគារ និងវិស័យអប់រំ ដើម្បីជំរុញចំណេះដឹងផ្នែកសេដ្ឋកិច្ច និងការស្វែងយល់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាឆន្ទៈនៃការសិក្សារៀនសូត្រក្នុងចំណោមយុវជនជំនាន់ក្រោយ។
លោកបញ្ជាក់ថា៖ «ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ ក៏ដូចជាចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុប្រាក់រៀល និងសង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានកត់ត្រានៅសារមន្ទីរ ស.ស.រ តាំងពីបុរាណកាល មកដល់បច្ចុប្បន្ន ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះតាមរយៈព្រឹត្តិការណ៍ ដែលនឹងរៀបចំខាងមុខនេះ វាជាជំហានថ្មីធំមួយដែរ ក្នុងការផ្តល់ឱកាសឱ្យសិស្សានុសិស្ស បានមកសិក្សា និងស្វែងយល់នៅសារមន្ទីររបស់យើង»។
ចំណែកលោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត បានថ្លែងថា កម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ជាយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមានរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងផ្សព្វផ្សាយពីគុណតម្លៃនៃការអានឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ លោក បានបញ្ជាក់ថា សម្រាប់ថវិកាដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធីនេះ បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រដល់ «ទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ» សម្រាប់រយៈពេល ៣ ឆ្នាំ ព្រមទាំងឧបត្ថម្ភដល់ការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ និងឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាន នៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ។
ទន្ទឹមនឹងនេះ អម្រឹត ក៏គ្រោងនឹងរៀបចំកម្មវិធី “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង រតនគិរី ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ ផងដែរ។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» មានអ្នកចុះឈ្មោះចូលរួម៥០០នាក់ហើយ ហើយលោករំពឹងថា អ្នកចូលរួមអាចកើនឡើងដល់៣ពាន់នាក់ ឬច្រើនជាងនេះ។
យ៉ាងណាក៏ដោយ លោក ផល្លា បានអំពាវនាវឱ្យអ្នករត់ និងសិស្សានុសិស្ស ចូលរួមឱ្យបានច្រើនកុះករ និងចុះឈ្មោះឱ្យបានទាន់ពេលវេលា ព្រោះព្រឹត្តិការណ៍នេះ ពិតជាសំខាន់ណាស់ ដើម្បីរួមគ្នាសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ ជាពិសេសនាំគ្នាលើកកម្ពស់ដល់ការអានសៀវភៅឱ្យបានកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនការយល់ដឹង និងជួយជំរុញជីវភាពរបស់យើងឱ្យបានកាន់តែល្អប្រសើរ៕
ប្រពភ៖ PostKhmer