ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច ជីវិតកម្សាន្ត កីឡា អន្តរជាតិ ទស្សនៈ ជីវិត និងសង្គម សេចក្តីប្រកាស Search… ADB: ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ អាចនឹង​មាន​កំណើន ៤,៥% ខណៈអតិផរណានឹង​កើនដល់ ២.៨%

0 7

សេដ្ឋកិច្ចកម្ពុជាក្នុង​ឆ្នាំ​២០២៦ នេះ​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB) ព្យាករថានឹងសម្រេច​បាន​ក្នុង​អត្រា​កំណើនប្រមាណ ៤,៥% ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ាមិន​អូសបន្លាយពេល​យូរ​ជាបន្ត​ទៀត។

នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន​ឱ្យ​ដឹង​ថា នៅក្នុងសេណារីយោដែលស្ថានភាពជម្លោះ​នៅតំបន់​មជ្ឈិមបូព៌ាឆាប់​ធូរស្រាលឡើង​វិញ គឺ​កំណើនត្រូវបានគាំទ្រដោយដំណើរការ​នៃ​វិស័យកម្មន្តសាលដែលមានភាពធន់។ ក្នុង​ករណីនេះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នឹង​ស្ថិតក្នុង​អត្រា ៤,៥% ហើយ​នៅ​ឆ្នាំ​២០២៧ អាច​​នឹង​កើន​ដល់ ៥,០%។

តំណាង​ ADB ប្រចាំនៅកម្ពុជា លោកស្រី Yasmin Siddiqi បាននិយាយ​ថា៖​«កម្ពុជាបាន​បន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច បើ​ទោះបីមានបញ្ហាប្រឈមជាសកលក៏ដោយ។ វឌ្ឍនភាព​នៃ​កម្លាំងពលកម្ម​ដែលមានផលិតភាពខ្ពស់​ គឺសំខាន់សម្រាប់ទាក់ទាញវិនិយោគដែលមានគុណភាពខ្ពស់ និងមានភាពចម្រុះ ខណៈកិច្ច​សហការរវាងរដ្ឋ និងផ្នែក​ឯកជនក្នុងការអភិវឌ្ឍជំនាញ គឺមានសារៈសំខាន់ក្នុងការសម្រេចគោលដៅកំណើនរយៈពេលវែងរបស់កម្ពុជា»។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីននៃ​កំណើនសំខាន់របស់សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ខណៈវិស័យឧស្សាហកម្មត្រូវបានរំពឹងថានឹងមាន​កំណើន​ ៧,៣%។ កំណើននេះ គឺ​ដោយសារ​មាន​ការបញ្ជាទិញសម្លៀកបំពាក់ច្រើន ព្រម​ទាំង​កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដូចជា គ្រឿងបង្គុំអគ្គិសនី សំបកកង់រថយន្ត និង​គ្រឿងសង្ហារឹម។ កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តស្ថិតក្នុង​អត្រា ០,៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និង​ធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មកក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។

ជាមួយ​គ្នា​វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤% កាល​ពី​ឆ្នាំ២០២៥ មកនៅត្រឹម ២,៣% សម្រាប់​ឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) នៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគដែលបានអនុម័តកើនឡើង ៤៥% ដែល​ទាំង​នេះ​បាន​ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។

សម្រាប់​អតិផរណា ក្នុង​ឆ្នាំ​២០២៦ នេះ​ត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៨% ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះ​នៅមជ្ឈិមបូព៌ាមិនអូសបន្លាយដល់រាប់ខែបន្ត​ទៅមុខទៀត​។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈ ដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។

ADB បាន​ឱ្យ​ដឹង​ទៀត​ថា ការសម្រេចបាននូវគោលដៅរបស់កម្ពុជា​ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។ គម្លាតជំនាញនៅតែជាបញ្ហាសំខាន់​ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈមក្នុងការស្វែងរកកម្មករដែលមានជំនាញ។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម៕

Leave A Reply

Your email address will not be published.