ទឹកប្រាក់​នាំចេញ​ផលិតផល​សម្លៀកបំពាក់បន្ត​​កើន​ឡើងតិចតួចនៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦

0 10

ផលិតផល​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​តម្លៃ​សរុប​ជិត ២,៦ ពាន់​លាន​ដុល្លារ​​ត្រូវបាន​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កើន​ឡើង​ប្រមាណ ៦% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥។ ទឹក​ប្រាក់​ពី​ការនាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ គឺ​ស្មើ​នឹង​ជិត ១/៣ នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦​។

​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​តាម​ជំពូក​របស់​អគ្គនាយក​​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)​ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែមីនា ឆ្នាំ ​២០២៦ កម្ពុជាបាន​នាំ​ចេញ​ទំនិញ​ក្នុង​ជំពូក​ទំនិញ​​(HS ២​ ខ្ទង់​)​ ដែលមាន​លេខ​កូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និង​គ្រឿង​​បន្ទាប់បន្សំ មាន​ទឹកប្រាក់​សរុប ២,៥៨ ពាន់​លាន​​​ដុល្លារ កើន​ ៦% ពីចំនួន ២,៤៣​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥​។

​បើ​បែងចែក​ចំនួន​ទឹក​ប្រាក់​ខាងលើ គឺ​ការនាំចេញ​ទំនិញ​ជា​ផលិតផល​(HS ២​ខ្ទង់​) ​លេខ​កូដ ៦១ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​ធ្វើឡើង​ពី​ក្រណាត់​ចាក់​ដោយ​ម្ជុល​ ២ ឬ​១)​ មាន​ទឹកប្រាក់​ ១,៥៥ ពាន់​កើន​ឡើង ៧,៧% ចំណែក​​ទំនិញ​ជំពូក​លេខ​កូដ ៦២ (​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​នៃ​សម្លៀកបំពាក់​មិន​ធ្វើឡើង​ពី​ការចាក់​ដោយ​ម្ជុល ​២ ឬ​១) មាន​ទឹក​ប្រាក់ ១ ពាន់​លាន​ដុល្លារ កើនឡើង ៣,៤%​។​

​ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦១ និង ៦២ គឺ​ស្មើនឹង ៣១,៨៥% ​នៃ​ចំនួន​ប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៦ ដែល​មាន​ប្រមាណ ៨,០៩ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម GDCE​។​

​ដោយ​ឡែក​សម្រាប់​ខែមីនា ឆ្នាំ​២០២៦ ការនាំ​ចេញ​ផលិតផល​លេខ​កូដ ៦១ និង​ ៦២ គឺមាន​ទឹក​ប្រាក់​សរុប ៧៦២,២៤ លានដុល្លារ កើនឡើង ៨,៣៨% បើធៀបខែមីនា ឆ្នាំ​២០២៥ ក្នុង​នោះ​ការ​នាំចេញ​ផលិតផល​លេខកូដ ៦១ មាន​ចំនួន ៤៧៤,៨៩ លានដុល្លារ កើន ១១,៩% និង​ទំនិញ​លេខកូដ ៦២ មាន​ចំនួន ២៨៧,៣៨ លានដុល្លារ កើន ៣,១%។

​អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​ទោះបី​ពេល​នេះ​កម្ពុជា​កំពុង​ខិតខំ​​ធ្វើ​ពិពិធកម្ម​ទំនិញ​​​នាំ​ចេញ​ទៅ​​ទីផ្សារ​អន្តរជាតិ​ក៏​ដោយ ក៏​ផលិតផល​សម្លៀកបំពាក់​នៅ​តែ​ជា​ប្រភេទ​ទំនិញ​ដ៏មាន​សក្តានុពល​សម្រាប់​នាំចេញ​ដដែល ដោយ​ចំនួន​ទឹក​ប្រាក់​ពី​នាំ​ចេញ​បាន​បន្ត​កើនឡើងស្ទើ​​រាល់​ឆ្នាំ​។ លោក​បន្ត​ថា ចំនួន​ក្រុមហ៊ុន/​សហគ្រាស​ដែល​ទើប​ទទួល​បាន​ការ​ចុះបញ្ជី​វិនិយោគ​​ពីសំណាក់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) នា​ពេល​ថ្មីៗ​នេះ​ ក៏មាន​គម្រោង​រោងចក្រ​/សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​​ច្រើន​ដែរ ដូច្នេះ​ការ​នាំចេញ​ផលិតផលទាំង​អស់​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​។​​

លោក​ប្រាប់​ទៀត​ថា កម្ពុជា​មាន​លក្ខណៈ​អំណោយផល​ច្រើនក្នុង​ការ​​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​លើ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ដូចជា ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល សម្បូរកម្លាំង​ពលកម្មនិង​​​តម្លៃ​សមរម្យ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី-ពហុភាគី និង​ជា​ពិសេស​គឺមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​​ប្រទេសធំៗ​​​ជា​ច្រើន​​លើ​ពិភពលោក​។​

លោក​បាន​ថ្លែង​ថា៖«​ទឹក​ប្រាក់​នៃ​ការ​នាំចេញ​ផលិតផល​សម្លៀក​បំពាក់​នឹង​បន្ត​កើន​ឡើង​​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ជា​ពិសេសនៅ​ពេល​​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។ នៅ​ពេល​សេដ្ឋកិច្ច​សកល​ល្អ​ប្រសើរ ការ​ចំណាយ​របស់​ប្រជាពល​រដ្ឋ និង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍លើ​ពិភពលោកក៏​នឹង​កើនឡើងផងដែរ។ ភាព​វិជ្ជមាន​ទាំង​អស់​នេះ នឹង​ជួយ​ឱ្យ​មាន​ការ​បញ្ជាទិញ​ទំនិញ​ពីប្រទេស​​កម្ពុជា​កាន់​តែ​ច្រើន»។​​

​ក្នុង​ឆ្នាំ​២០២៥ ការនាំចេញ​សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ស្ថិតក្នុង​លេខ​កូដ ​៦១ និង ៦២ មានទឹក​​ប្រាក់​សរុប ១១,៤ ពាន់លានដុល្លារ កើនឡើង ១៦,៥២%​ បើ​ធៀប​ឆ្នាំ​២០២៤ ដែលមាន ៩,៧៩ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕

 

ប្រភព: KhmerPost

Leave A Reply

Your email address will not be published.