ជប៉ុនប្រគល់រថយន្តដឹកសំរាម ១០គ្រឿងបន្ថែមដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំណល់សំរាមឱ្យកាន់តែប្រសើរ

0 5

ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០ គ្រឿងបន្ថែមទៀតដល់ក្រសួងបរិស្ថាន ជាជំនួយលើកទីបី​ដែលមានរថយន្តសរុបចំនួន ៣០ គ្រឿង ដើម្បីចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក អាត់ស៊ូស៊ី អ៊ូអិណុ ​(Ueno Atsushi)បានប្រគល់រថយន្តដឹកសំរាមទាំងនេះជូន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាទីស្តីការក្រសួង នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ​២០២៦ ដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព» ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។

រថយន្តដឹកសំរាមទាំងនេះត្រូវបានបែងចែកជាបន្តបន្ទាប់ទៅអាជ្ញាធរខេត្តភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងបានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងបរិស្ថានជាបន្តទៀត ក៏ដូចជាធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។

ទន្ទឹមនេះ លោកបានថ្លែងព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ លោក សុផល្លែតបានគូសបញ្ជាក់ពីការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សដោយមិនត្រូវបង្អង់យូរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ ដោយលោក ព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាននោះ ក្នុងករណីមានការបំពុល «មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង»។

លោករដ្ឋមន្រ្តីបានលើកឡើងថា វិធានការទាំងនេះឆ្លុះបញ្ចាំងពីមន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ៕

 

ប្រភព: KhmerPost

Leave A Reply

Your email address will not be published.