អ៊ីរ៉ង់ដាក់ចេញលក្ខខណ្ឌចំនួន ៤ ដល់អាមេរិកដើម្បីបញ្ចប់សង្គ្រាម

0 4

អ៊ីរ៉ង់ដាក់លក្ខខណ្ឌចំនួន ៤ សម្រាប់ការបញ្ចប់សង្គ្រាម ក្នុងនោះរួមមាន ការបង្កើតក្របខណ្ឌ​ច្បាប់ថ្មី​សម្រាប់ច្រកសមុទ្រហ័រមូស, ការសងសំណងពីការខូចខាតពីសង្គ្រាម, ការធានាមិនឲ្យមាន​ការវាយប្រហារយោធាឡើងវិញនាពេលអនាគត និងការលុបចោលការបិទផ្លូវនាវា​ចររបស់​កងទ័ពជើងទឹកអាមេរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tasnim របស់អ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី បានបង្ហាញលក្ខខណ្ឌតម្រូវការទាំងនេះ​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ចឡើងវិញទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ​ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលរវាង​ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយដំណើរទស្សនកិច្ចលើកនេះ​ផ្តោតទៅលើការច​រចាពាក់ព័ន្ធ​នឹងសង្គ្រាម មិនមែនលើប្រធានបទនុយក្លេអ៊ែរឡើយឡើយ។

ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក អារ៉ាជី នៅប្រទេសប៉ាគីស្ថាន ហើយវាជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដ៏ធំមួយ ដែលរួមមានប្រទេស អូម៉ង់ និង រុស្ស៊ីផងដែរ បន្ទាប់ពីការពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន។

លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់នេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីកិច្ចពិភាក្សាដោយ​ផ្ទាល់ក្នុងជុំទីមួយ ដែលបានរៀបចំឡើងនៅរដ្ឋធានីប៉ាគីស្ថាននៅដើមខែនេះ ក្រោមក្របខណ្ឌ​បទឈប់បាញ់​ដែលមិនអាចនាំឲ្យមានកិច្ចព្រមព្រៀង​បញ្ចប់ជម្លោះដែលបានបង្កឲ្យមានផល​ប៉ះពាល់កាន់តែខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា និងទីផ្សារថាមពលពិភពលោក។

ទន្ទឹមនឹងនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចាក់ថា សង្គ្រាមនេះអាចនឹង​បញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយលោកបានប្រាប់សារព័ត៌មាន Fox News ថា អ៊ីរ៉ង់នឹងប្រគល់សារធាតុ​អ៊ុយរ៉ានីញ៉ូមដែលជាផ្នែក​មួយនៃការចរចា ហើយបានបញ្ជាក់សារជាថ្មីថា ទីក្រុងតេអេរ៉ង់មិនត្រូវមាន​អាវុធនុយក្លេអ៊ែរឡើយ។

ក្នុងនោះមេដឹកនាំរូបនេះបាននិយាយថា​ ទីក្រុងវ៉ាស៊ីនតោនមានឥទ្ធិពលនៅក្នុងកិច្ចចរចា ដោយលោកបាន​បន្ថែមថា អ៊ីរ៉ង់អាចទាក់ទងមកសុំចរចាបាន ប្រសិនបើអ៊ីរ៉ង់ចង់ចរចា៕

 

ប្រភព: KhmerPost

Leave A Reply

Your email address will not be published.