ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ កាន់តែពិសេស ខណៈការ​រត់​២១គីឡូម៉ែត្រ ត្រូវ​ប្តូរ​ទិសដៅ​រត់​កាន់តែ​ទាក់ទាញ

0 9

ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ដែលនឹងប្រព្រឹត្តទៅ នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦​នេះ នឹង​ត្រូវ​រៀបចំឡើងកាន់តែ​ពិសេស និងអធិកអធមជាង​ឆ្នាំៗ​មុន​ហើយ​វិញ្ញាសា​២១គីឡូម៉ែត្រ ក៏បាន​ផ្លាស់​ប្តូរទិសដៅ​រត់ កាន់តែ​មានការ​ទាក់ទាញ និងមាន​សុវត្ថិភាពសម្រាប់​អ្នកចូលរួម ក្រោមការ​វាស់វែង​ផ្លូវយ៉ាង​ត្រឹម​ត្រូវ​​ដោយក្រុមជំនាញមកពី​គណៈកម្មការម៉ារ៉ាតុងពិភពលោក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី ២៨ ខែមេសា​ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ​ត្រូវបាន​អនុញ្ញាតឱ្យ​រៀបចំឡើង ដោយ​ផ្តោត​សំខាន់ទី​១ ទៅលើ​ការអបអរសាទរ​ថ្ងៃចម្រើន​ព្រះជន្ម​សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយ​យើងបាន​ធ្វើ​ចំនួន​១៣លើក​មក​ហើយ ហើយ​ឆ្នាំនេះ កាន់តែមាន​លក្ខណៈពិសេស។

លោកបញ្ជាក់ថា៖ «ឆ្នាំនេះ ជាឆ្នាំសំខាន់ និងពិសេស ព្រោះជាព្រះរាជឱកាស​គម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា​របស់​​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អ៊ីចឹង​គម្រប់​ខួប ៩០​ឆ្នាំ​​នេះ យើងត្រូវ​ធ្វើ​ឱ្យ​ធំ និង​អធិក​អធម ដោយ​​យើងនឹង​រៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដោយមានទាំងការ​ច្រៀងថ្វាយព្រះពរទាំងអស់​គ្នា ដើម្បីញាំងព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំនេះ កាន់តែមានភាពអស្ចារ្យ និងទាក់ទាញថែម​មួយកម្រិត​ទៀត»។

លោក សែម ផល្លា (ឆ្វេង) និង​លោក វ៉ាត់ ចំរើន ពេល​ថ្លែង​ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាល​ពី​ថ្ងៃអង្គារ ទី​២៨ ខែមេសា ឆ្នាំ ២០២៦។ រូប​ថត NOCC
លោក សែម ផល្លា (ឆ្វេង) និង​លោក វ៉ាត់ ចំរើន ពេល​ថ្លែង​ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាល​ពី​ថ្ងៃអង្គារ ទី​២៨ ខែមេសា ឆ្នាំ ២០២៦។ រូប​ថត NOCC

ជាមួយគ្នានេះ ការ​រៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅតែ​ប្រកាន់​ភ្ញាប់​នៅ​ការងារមនុស្សធម៌ គឺ​ការកៀរគរ​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា ហើយ​ព្រឹត្តិការណ៍នេះ ក៏ជាពេល​វេលា​ដ៏សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​កេរ្តិ៍​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្ពុយជា ទៅកាន់ឆាក​អន្តរជាតិ​ ដូចបណ្ដាព្រឹត្តិការណ៍រត់ប្រណាំងប្រចាំរាជធានី និងទីក្រុងធំៗ នៅ​លើពិភពលោក​ដែរ ហេតុនេះ​ការ​រៀបចំ​គ្រប់បែប​យ៉ាង ត្រូវគោរព​ទៅតាមគោលការណ៍​របស់​គណៈកម្មការ​ម៉ារ៉ាតុងពិភពលោក។

ជុំវិញការ​រៀបចំការប្រកួតនេះ លោក សែម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ការ​ប្រកួត​ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យ​ដឹង​ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ​២០២៦​នេះ នៅតែ​រក្សាការរៀបចំ ៤វិញ្ញាសាដដែល គឺមាន​រត់ចម្ងាយ ២១​គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ ប៉ុន្តែ​អ្វីដែលប្លែក គឺនៅ​ឆ្នាំនេះ មានការកែសម្រួលតម្រាយផ្លូវរត់មួយចំនួន ជាពិសេស​ការ​រត់ចម្ងាយ​២១គីឡូម៉ែត្រ ដែលមិនមាន​ការ​​រត់ឆ្លង​​កាត់ស្ពានជ្រោយចង្វារ ដូចបណ្តា​ឆ្នាំមុនៗនោះ​ទេ។

លោក សែម ផល្លា បាន​អះអាង​ថា ស្ថាន​ភាព​ផ្លូវឆ្លងកាត់​ស្ពានជ្រោយ​ចង្វារ​បច្ចុប្បន្ន​នោះ មានចរាចរណ៍មមាញឹក​ខ្លាំង ពិបាកបិទ​ផ្លូវ ហេតុ​នេះ​គណៈកម្មការ​រៀបចំ បានផ្លាស់ប្តូរ​ផ្លូវ​រត់ ទៅតាមសំណើ​របស់សាលា​ក្រុង គឺ​ចេញដំណើរពីសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមផ្លូវមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃ ជួន ណាត បត់ឆ្វេង ដល់គល់ស្ពានទី១ (ស្ពាននាគ) ហើយបត់ស្ដាំ តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ រួចបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតី។

ជាមួយគ្នានេះ លោក សែម ផល្លា បានបញ្ជាក់ថា៖ «ក្រុមជំនាញ​របស់​គណៈកម្មការ​ម៉ារ៉ាតុង​ពិភព​លោក បានចុះ​វាស់វែង​ផ្លូវ​​​នេះរួច​ហើយ ដែល​មានលក្ខណៈ​អំណោយផល​ល្អ​ ហើយគណៈកម្មការ​រៀបចំ​របស់​យើង និងភាគី​ពាក់ព័ន្ធ ក៏បានត្រៀម​ខ្លួន​​រៀបចំការ​ប្រកួតនេះឱ្យបាន​ល្អ​ទាំង​ទៅលើ​សណ្តាប់ធ្នាប់ ការសង្គ្រោះបឋម និងការងារជាច្រើន​ទៀត ដើម្បី​ធានា​ឱ្យបាន​នូវសុខសុវត្ថិភាព​ដល់​អ្នក​រត់ទាំងអស់គ្នា ព្រោះ​​អ្វីដែល​ចង់បាន​បំផុតពីការ​ប្រកួត​នេះ គឺ​ការ​ផ្សព្វផ្សាយរាជធានី​ភ្នំពេញ និង​​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ ហេតុ​នេះបើ​យើង​រៀបចំបាន​ល្អ កេរ្តិ៍ឈ្មោះ​​របស់​យើង ក៏​ល្អទៅតាមហ្នឹងដូចគ្នា»។

គិតមក​ដល់ពេលនេះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ​២០២៦ មាន​អ្នកចុះឈ្មោះចូលរួម​ជាង ៣ពាន់នាក់ហើយ ក្នុងនោះមានបរទេសជិត ១ពាន់នាក់ ហើយនៅឆ្នាំនេះ គណៈកម្មការ បានប្ដេជ្ញាជំរុញឱ្យ​មានការចូលរួមយ៉ាងហោចពី​ ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ហេតុ​នេះទាំង​លោក វ៉ាត់ ចំរើន និង​លោក សែម ផល្លា បានអំពាវនាវដល់ប្រជាពលរដ្ឋ មក​ចុះឈ្មោះឱ្យ​បានរួសរាន់ ដើម្បីគណៈកម្មការងាយស្រួលរៀបចំ ពិសេសត្រៀមសម្ភារៈផ្ដល់ជូនដល់អ្នកចុះឈ្មោះទាំងអស់គ្នា៕

 

ប្រភព: PostKhmer

Leave A Reply

Your email address will not be published.