លំហគោលនយោបាយផ្តល់ឱ្យកម្ពុជានូវមូលដ្ឋានរឹងមាំជាងមុនទប់ទល់វិបត្ដិ​​ថ្មីៗលើពិភពលោក

0 5

​ភ្នំពេញ៖ នៅពេល​​កម្ពុជា​កំពុង​ប្រឈម​​រលក​ថ្មី​នៃ​ភាពមិនប្រាកដប្រជា​សេដ្ឋកិច្ច​សកល ចាប់ពី​ការកើនឡើង​អស្ថិរភាព​នៃ​តម្លៃ​ប្រេង ដល់​ការរំខាន​ពាណិជ្ជកម្ម និង​សម្ពាធ​ពីការ​ឈ្លានពាន​​ អ្នកសេដ្ឋកិច្ច​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​បញ្ជាក់ថា ​​កម្ពុជា​កំពុង​ចូលទៅក្នុង​ដំណាក់កាល​អ​ស្ថិរភាព​នេះ ដោយមាន​មូលដ្ឋាន​គោលនយោបាយ​រឹងមាំ​ជាង​​វិបត្តិ​កន្លងមក​។​

​នៅក្នុង​ពិធី​បើក​ផ្សាយ​របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​១០ ខែមេសា មន្ត្រី ADB បាន​លើកឡើងថា ទោះបី​មាន​ហានិភ័យ​ចំពោះ​កំណើនសេដ្ឋកិច្ច​នៅតែ​ខ្ពស់ ក៏ដោយ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ប្រសើរឡើង ស្ថិរភាព​រូបិយវត្ថុ និង​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​កំពុង​បន្ត បានផ្តល់​ឱកាស​​ឱ្យ​​រដ្ឋាភិបាល​មាន​លំហ​ធ្វើ​អន្តរាគមន៍​ច្រើនជាង​មុន ប្រៀបធៀប​​នឹង​វិបត្តិ​កន្លងមក ដូចជា ជំងឺ​កូ​វីដ​-១៩ ឬ​វិបត្តិ​ទំនិញ​សកល​។​

​សារសំខាន់​ពី ADB គឺ​ច្បាស់លាស់​៖ សេដ្ឋកិច្ច​កំពុង​ប្រឈម​សម្ពាធ ប៉ុន្តែ​កម្ពុ​ជាមាន​ឧបករណ៍​គោលនយោបាយ​ច្រើនជាង​មុន​ក្នុងការ​ឆ្លើយតប​។​

​លោក Milan Thomas បាន​​ថ្លែង​ថា «​យើង​ត្រូវ​ស្គាល់ និង​យល់​អំពី​អត្ថប្រយោជន៍​សំខាន់ៗ​ដែល​កម្ពុ​ជាមាន។ រដ្ឋាភិបាល​មាន​ឧបករណ៍​បី​ប្រភេទ​ក្នុង​ដៃ គឺ គោលនយោបាយ​រូបិយវត្ថុ គោលនយោបាយ​ហិរញ្ញវត្ថុ និង​គោលនយោបាយ​រចនាសម្ព័ន្ធ ដែល​ទាំងអស់នេះ​កំពុង​ជួយ​បង្កើន​ភាព​ធន់​ក្នុង​បរិបទ​ភាពមិនប្រាកដប្រជា​កំពុង​កើនឡើង​»។​

​ខ្សែការពារ​គោលនយោបាយ​រឹងមាំ​ជាង​មុន​

ADB បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ប្រមាណ ៤,៥% ក្នុង​ឆ្នាំ​២០២៦ ក្នុង​សេណារីយោ​ដែល​ស្ថានភាព​អន្តរជាតិ​មាន​ស្ថេរភាព​ឡើងវិញ​។ ទោះបីជា​តួលេខ​នេះ​ទាប​ជាងការ​រំពឹង​កន្លង​មកក៏ដោយ មន្ត្រី​បាន​ចាត់ទុកថា វា​បង្ហាញ​ពី​ភាព​ធន់​ក្នុង​បរិបទ​សកល​ដែល​ពិបាក​។​

​លោក Thomas បាន​លើកឡើងថា អត្ថប្រយោជន៍​សំខាន់​មួយ​របស់​កម្ពុជា​គឺ​ស្ថិតនៅលើ​ប្រព័ន្ធ​រូបិយវត្ថុ ជាពិសេស​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​។ ទោះបីជា​បញ្ហា​នេះ​តែងតែ​ជាការ​ពិភាក្សា​ក៏ដោយ លោក​បាន​និយាយថា វា​អាចជួយ​ការពារ​បាន​ក្នុង​រយៈពេល​ខ្លី ពេល​មាន​អតិផរណា​សកល និង​អស្ថិរភាព​អត្រា​ប្ដូរប្រាក់​។​

​លោក​បាន​បន្ដ​ថា៖ «​ដុល្លា​រូបនីយកម្ម​អាចមាន​ប្រយោជន៍​ក្នុង​វិបត្តិ​បច្ចុប្បន្ន​ ព្រោះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ការកើនឡើង​តម្លៃ​នាំចូល និង​ការធ្លាក់ចុះ​រូបិយប័ណ្ណ​ជាតិ ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​បាន​ជួបប្រទះ»​។​

​លំហ​ហិរញ្ញវត្ថុ​ផ្តល់​សមត្ថភាព​ឆ្លើយតប​

ADB ក៏បាន​លើកឡើងថា អត្ថប្រយោជន៍​ធំ​បំផុត​មួយទៀត​គឺ​លំហ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ បន្ទាប់ពី​ការគ្រប់គ្រង​បំណុល​យ៉ាង​ប្រុងប្រយ័ត្ន និង​ការកែសម្រួល​ថវិកា​បន្ទា​ប់​ពី​កូ​វីដ​-១៩ រដ្ឋាភិបាល​ត្រូវបាន​មើលឃើញថា​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អន្តរាគមន៍ ប្រសិនបើ​ស្ថានភាព​អាក្រក់​ឡើង​។​

​លោក Thomas បាន​បញ្ជាក់ថា៖ «​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ ផ្តល់ឱ្យ​រដ្ឋាភិបាល​មាន​លំហ​ដកដង្ហើម​ក្នុងការ​ឆ្លើយតប​»។

លោក​បាន​យក​ឧទាហរណ៍​ពី​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​ក្នុងអំឡុងពេល​កូ​វីដ​-១៩ ដែល​បាន​អនុវត្ត​កម្មវិធី​ផ្ទេរប្រាក់ និង​ជំនួយ​សេដ្ឋកិច្ច​ដល់​គ្រួសារ​ងាយ​រងគ្រោះ និង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​​។​

​លោក​បាន​បន្ថែមថា ទោះបីជា​វិបត្តិ​នោះ​ធ្ងន់ធ្ងរ ក៏ដោយ «​វា​នឹង​ធ្ងន់​ជាង​នេះ​បើ​គ្មាន​ការឆ្លើយតប​នោះ​»​។​

​ការគាំទ្រ​បន្ទាន់​កំពុង​ពិភាក្សា​

ADB បាន​ឱ្យ​​ដឹងថា ខ្លួន​កំពុងធ្វើការ​ពិភាក្សា​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​វាយតម្លៃ​ហានិភ័យ និង​កំណត់​វិស័យ​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​។​

​លោកស្រី Yasmin Siddiqi បានថ្លែង​ថា៖ «​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ដើម្បី​យល់​ពី​តម្រូវការ និង​របៀប​ផ្តល់​ការគាំទ្រ​បន្ទាន់​។ ADB កំពុង​ពិចារណា​វិធី​ផ្តល់​ជំនួយ​បន្ទាន់​ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​អាច​កើតមាន»​។​

​លោកស្រី​​ក៏បាន​បញ្ជាក់ថា ប្រធាន ADB បានប្រកាស​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ពី​វិបត្តិ​សកល​។​

​កំណែទម្រង់​ជួយ​ពង្រឹង​ភាព​ធន់​រយៈពេល​វែង​

​ក្រៅពី​ការឆ្លើយតប​បន្ទាន់ មន្ត្រី ADB បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ជាង​មុន ដោយសារ​កំណែទម្រង់រ​យៈ​ពេល​វែង រួមមាន កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការអប់រំ ការវិនិយោគ​លើ​ថាមពល​ស្អាត និង​ការកែលម្អ​ផលិតភាព​កម្លាំង​ពលកម្ម​។​

​លោក Thomas បាន​និយាយថា៖ «​កំណែទម្រង់​ទាំងនេះ​កំពុង​ជួយ​បង្កើន​សមត្ថភាព​សេដ្ឋកិច្ច​ក្នុងការ​ទប់ស្កាត់​ការប៉ះទង្គិច​»​។​

​មន្ត្រី ADB ក៏បាន​លើកឡើង​ពី​ការកើនឡើង​សមត្ថភាព​ថាមពល​កកើត​ឡើងវិញ ជា​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​មួយ​។ បច្ចុប្បន្ន​ជាង ៦០% នៃ​អគ្គិសនី​កម្ពុជា មកពី​ប្រភព​ថាមពល​ស្អាត ដែល​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង​នាំចូល​។​

​លោកស្រី Siddiqi បាន​​បន្ដ​ថា៖ «​ការផ្លាស់ប្តូរ​ទៅ​ថាមពល​កកើត​ឡើងវិញ គឺជា​វិធានការ​ការពារ​»​។​

​ហានិភ័យ​នៅតែមាន​

​ទោះបី​មាន​ភាពរឹងមាំ​នេះ ADB ក៏បាន​ព្រមាន​ថា កម្ពុជា​នៅតែ​រង​ហានិភ័យ​ពី​ការរំខាន​ខាងក្រៅ ដូចជា បញ្ហា​ព្រំដែន ភាពមិនប្រាកដប្រជា​ពាណិជ្ជកម្ម និង​ការកើនឡើង​តម្លៃ​ប្រេង​។​

​កត្តា​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ទេសចរណ៍ តម្លៃ​ផលិតកម្ម អតិផរណា និង​សមត្ថភាព​ចំណាយ​របស់​ប្រជាជន​។​

​អ្នកសេដ្ឋកិច្ច ADB បាន​ព្រមាន​ថា ប្រសិនបើ​ហានិភ័យ​ទាំងនេះ​កើតឡើង​ព្រម​គ្នា កំណើន​អាច​ថយចុះ​ខ្លាំង និង​ភាពក្រីក្រ អាច​កើន​ឡើងវិញ​។​

​យ៉ាងណា មន្ត្រី​បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ស្ថាន​ភាពល្អ​ជាង​មុន ដោយសារ​ឧបករណ៍​គោលនយោបាយ​ដែលមាន​រួចហើយ​។​

​លោកស្រី Siddiqi បាន​សន្និដ្ឋានថា៖ «​អ្វីដែល​យើង​ឃើញ​គឺ​ភាព​ធន់​របស់​សេដ្ឋកិច្ចកម្ពុជា​»។

លោកស្រី​​បាន​សរសើរ​ការឆ្លើយតប​ដំបូង​របស់​រដ្ឋាភិបាល ដូចជា​ការត្រួតពិនិត្យ​ទីផ្សារ​ប្រេង និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​បន្ថយ​ការភ័យខ្លាច​សាធារណៈ​។​

​លោកស្រី​​បាន​បន្ថែមថា «​យើង​សរសើរ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​»​៕

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.