ទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-អាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ៣,៥ ពាន់លានដុល្លារ កើនឡើងជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ក្នុងនោះទំនិញដែលអាមេរិកនាំចូលមកកម្ពុជាបានហក់ឡើងរហូតដល់ជិត ៧០%។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ចាប់ពីខែមករា-មីនា ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា- អាមេរិក មានទឹកប្រាក់សរុប ៣,៤៨ ពាន់លានដុល្លារ កើនឡើង ៣៩,៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលមាន ២,៥ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅអាមេរិកមានទឹកប្រាក់ ៣,៣៦ ពាន់លានដុល្លារ កើនឡើង ៣៨,៤% ចំណែកអាមេរិកនាំមកកម្ពុជា ១២៦,០៨ លានដុល្លារ កើនឡើង ៦៧,៩%។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពប្រមាណ ៣,២៣ ពាន់លានដុល្លារ កើនឡើងពី ២,៣៥ ពាន់លានដុល្លារ កាលពីត្រីមាសទី១ ឆ្នាំ២០២៥។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា រយៈពេលជាយូរមកហើយដែលអាមេរិកបានដើរតួនាទីជាទីផ្សារទទួលទិញទំនិញច្រើនជាងគេរបស់កម្ពុជា។ លោកបន្តថា ដោយសារទំនាក់ទំនងផ្នែកនយោបាយរវាងប្រទេសទាំង ២ កាន់តែល្អប្រសើរ ដូច្នេះសកម្មភាពនៃការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំង ២ នឹងមានសម្ទុះបន្ថែមទៀត។
លោកប្រាប់ទៀតថា អ្វីដែលគួរកត់សម្គាល់នាពេលនេះ គឺកំណើននៃការនាំចូលទំនិញពីអាមេរិកនារយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងទម្លាក់អត្រាពន្ធនាំចូលទំនិញមួយចំនួនពីអាមេរិកក្នុងន័យដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មរបស់អាមេរិក។
លោកថ្លែងថា៖«ភាគច្រើននៃទំនិញកម្ពុជានាំទៅអាមេរិក គឺជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងកង់ ចំណែកទំនិញដែលអាមេរិកនាំចូលមកវិញ មានដូចជា រថយន្ត ផលិតផលអេឡិចត្រូនិក ឱសថ គ្រឿងសម្អាង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ កម្ពុជានឹងមានមុខទំនិញច្រើនបន្ថែមទៀតសម្រាប់នាំចេញទៅទីផ្សារអាមេរិក ខណៈចំនួនគម្រោងវិនិយោគដែលឱ្យត្រូវបានអាជ្ញាធរកម្ពុជាអនុម័តឱ្យបើកដំណើរការនាំកម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់»។
ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% បើធៀបនឹងឆ្នាំ២០២៤ ដោយក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ១២,៧៣ ពាន់លានដុល្លារ កើនឡើង ២៨,៤៨% ចំណែកអាមេរិកនាំចូលមកវិញ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕