ភ្នំពេញ៖ នៅពេលកម្ពុជាកំពុងប្រឈមរលកថ្មីនៃភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល ចាប់ពីការកើនឡើងអស្ថិរភាពនៃតម្លៃប្រេង ដល់ការរំខានពាណិជ្ជកម្ម និងសម្ពាធពីការឈ្លានពាន អ្នកសេដ្ឋកិច្ចពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា កម្ពុជាកំពុងចូលទៅក្នុងដំណាក់កាលអស្ថិរភាពនេះ ដោយមានមូលដ្ឋានគោលនយោបាយរឹងមាំជាងវិបត្តិកន្លងមក។
នៅក្នុងពិធីបើកផ្សាយរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែមេសា មន្ត្រី ADB បានលើកឡើងថា ទោះបីមានហានិភ័យចំពោះកំណើនសេដ្ឋកិច្ចនៅតែខ្ពស់ ក៏ដោយ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានប្រសើរឡើង ស្ថិរភាពរូបិយវត្ថុ និងកំណែទម្រង់រចនាសម្ព័ន្ធដែលកំពុងបន្ត បានផ្តល់ឱកាសឱ្យរដ្ឋាភិបាលមានលំហធ្វើអន្តរាគមន៍ច្រើនជាងមុន ប្រៀបធៀបនឹងវិបត្តិកន្លងមក ដូចជា ជំងឺកូវីដ-១៩ ឬវិបត្តិទំនិញសកល។
សារសំខាន់ពី ADB គឺច្បាស់លាស់៖ សេដ្ឋកិច្ចកំពុងប្រឈមសម្ពាធ ប៉ុន្តែកម្ពុជាមានឧបករណ៍គោលនយោបាយច្រើនជាងមុនក្នុងការឆ្លើយតប។
លោក Milan Thomas បានថ្លែងថា «យើងត្រូវស្គាល់ និងយល់អំពីអត្ថប្រយោជន៍សំខាន់ៗដែលកម្ពុជាមាន។ រដ្ឋាភិបាលមានឧបករណ៍បីប្រភេទក្នុងដៃ គឺ គោលនយោបាយរូបិយវត្ថុ គោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយរចនាសម្ព័ន្ធ ដែលទាំងអស់នេះកំពុងជួយបង្កើនភាពធន់ក្នុងបរិបទភាពមិនប្រាកដប្រជាកំពុងកើនឡើង»។
ខ្សែការពារគោលនយោបាយរឹងមាំជាងមុន
ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤,៥% ក្នុងឆ្នាំ២០២៦ ក្នុងសេណារីយោដែលស្ថានភាពអន្តរជាតិមានស្ថេរភាពឡើងវិញ។ ទោះបីជាតួលេខនេះទាបជាងការរំពឹងកន្លងមកក៏ដោយ មន្ត្រីបានចាត់ទុកថា វាបង្ហាញពីភាពធន់ក្នុងបរិបទសកលដែលពិបាក។
លោក Thomas បានលើកឡើងថា អត្ថប្រយោជន៍សំខាន់មួយរបស់កម្ពុជាគឺស្ថិតនៅលើប្រព័ន្ធរូបិយវត្ថុ ជាពិសេសកម្រិតដុល្លារូបនីយកម្មខ្ពស់។ ទោះបីជាបញ្ហានេះតែងតែជាការពិភាក្សាក៏ដោយ លោកបាននិយាយថា វាអាចជួយការពារបានក្នុងរយៈពេលខ្លី ពេលមានអតិផរណាសកល និងអស្ថិរភាពអត្រាប្ដូរប្រាក់។
លោកបានបន្ដថា៖ «ដុល្លារូបនីយកម្មអាចមានប្រយោជន៍ក្នុងវិបត្តិបច្ចុប្បន្ន ព្រោះវាជួយកាត់បន្ថយហានិភ័យពីការកើនឡើងតម្លៃនាំចូល និងការធ្លាក់ចុះរូបិយប័ណ្ណជាតិ ដែលជាបញ្ហាធ្ងន់ធ្ងរដែលប្រទេសកំពុងអភិវឌ្ឍជាច្រើនបានជួបប្រទះ»។
លំហហិរញ្ញវត្ថុផ្តល់សមត្ថភាពឆ្លើយតប
ADB ក៏បានលើកឡើងថា អត្ថប្រយោជន៍ធំបំផុតមួយទៀតគឺលំហហិរញ្ញវត្ថុរបស់កម្ពុជា។ បន្ទាប់ពីការគ្រប់គ្រងបំណុលយ៉ាងប្រុងប្រយ័ត្ន និងការកែសម្រួលថវិកាបន្ទាប់ពីកូវីដ-១៩ រដ្ឋាភិបាលត្រូវបានមើលឃើញថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអន្តរាគមន៍ ប្រសិនបើស្ថានភាពអាក្រក់ឡើង។
លោក Thomas បានបញ្ជាក់ថា៖ «ការគ្រប់គ្រងហិរញ្ញវត្ថុល្អ ផ្តល់ឱ្យរដ្ឋាភិបាលមានលំហដកដង្ហើមក្នុងការឆ្លើយតប»។
លោកបានយកឧទាហរណ៍ពីការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងអំឡុងពេលកូវីដ-១៩ ដែលបានអនុវត្តកម្មវិធីផ្ទេរប្រាក់ និងជំនួយសេដ្ឋកិច្ចដល់គ្រួសារងាយរងគ្រោះ និងអាជីវកម្មដែលរងផលប៉ះពាល់។
លោកបានបន្ថែមថា ទោះបីជាវិបត្តិនោះធ្ងន់ធ្ងរ ក៏ដោយ «វានឹងធ្ងន់ជាងនេះបើគ្មានការឆ្លើយតបនោះ»។
ការគាំទ្របន្ទាន់កំពុងពិភាក្សា
ADB បានឱ្យដឹងថា ខ្លួនកំពុងធ្វើការពិភាក្សាជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីវាយតម្លៃហានិភ័យ និងកំណត់វិស័យដែលត្រូវការជំនួយបន្ទាន់។
លោកស្រី Yasmin Siddiqi បានថ្លែងថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីយល់ពីតម្រូវការ និងរបៀបផ្តល់ការគាំទ្របន្ទាន់។ ADB កំពុងពិចារណាវិធីផ្តល់ជំនួយបន្ទាន់ដើម្បីគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាន»។
លោកស្រីក៏បានបញ្ជាក់ថា ប្រធាន ADB បានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុបន្ទាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិសកល។
កំណែទម្រង់ជួយពង្រឹងភាពធន់រយៈពេលវែង
ក្រៅពីការឆ្លើយតបបន្ទាន់ មន្ត្រី ADB បានបញ្ជាក់ថា កម្ពុជាមានស្ថានភាពល្អជាងមុន ដោយសារកំណែទម្រង់រយៈពេលវែង រួមមាន កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការអប់រំ ការវិនិយោគលើថាមពលស្អាត និងការកែលម្អផលិតភាពកម្លាំងពលកម្ម។
លោក Thomas បាននិយាយថា៖ «កំណែទម្រង់ទាំងនេះកំពុងជួយបង្កើនសមត្ថភាពសេដ្ឋកិច្ចក្នុងការទប់ស្កាត់ការប៉ះទង្គិច»។
មន្ត្រី ADB ក៏បានលើកឡើងពីការកើនឡើងសមត្ថភាពថាមពលកកើតឡើងវិញ ជាអត្ថប្រយោជន៍យុទ្ធសាស្ត្រមួយ។ បច្ចុប្បន្នជាង ៦០% នៃអគ្គិសនីកម្ពុជា មកពីប្រភពថាមពលស្អាត ដែលកាត់បន្ថយការពឹងផ្អែកលើប្រេងនាំចូល។
លោកស្រី Siddiqi បានបន្ដថា៖ «ការផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញ គឺជាវិធានការការពារ»។
ហានិភ័យនៅតែមាន
ទោះបីមានភាពរឹងមាំនេះ ADB ក៏បានព្រមានថា កម្ពុជានៅតែរងហានិភ័យពីការរំខានខាងក្រៅ ដូចជា បញ្ហាព្រំដែន ភាពមិនប្រាកដប្រជាពាណិជ្ជកម្ម និងការកើនឡើងតម្លៃប្រេង។
កត្តាទាំងនេះអាចប៉ះពាល់ដល់ទេសចរណ៍ តម្លៃផលិតកម្ម អតិផរណា និងសមត្ថភាពចំណាយរបស់ប្រជាជន។
អ្នកសេដ្ឋកិច្ច ADB បានព្រមានថា ប្រសិនបើហានិភ័យទាំងនេះកើតឡើងព្រមគ្នា កំណើនអាចថយចុះខ្លាំង និងភាពក្រីក្រ អាចកើនឡើងវិញ។
យ៉ាងណា មន្ត្រីបានបញ្ជាក់ថា កម្ពុជាមានស្ថានភាពល្អជាងមុន ដោយសារឧបករណ៍គោលនយោបាយដែលមានរួចហើយ។
លោកស្រី Siddiqi បានសន្និដ្ឋានថា៖ «អ្វីដែលយើងឃើញគឺភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។
លោកស្រីបានសរសើរការឆ្លើយតបដំបូងរបស់រដ្ឋាភិបាល ដូចជាការត្រួតពិនិត្យទីផ្សារប្រេង និងការផ្សព្វផ្សាយព័ត៌មានដើម្បីបន្ថយការភ័យខ្លាចសាធារណៈ។
លោកស្រីបានបន្ថែមថា «យើងសរសើរខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល»៕
ប្រភព៖ PostKhmer