សម្រាប់អ្នកស្រី អឿន ស្រីណែត ក្លិនអាល់កុល និងទឹកសាប៊ូ ដែលភាយឡើងរាល់ថ្ងៃ គឺជាក្លិននៃជីវិតថ្មីដែលអ្នកស្រីបានជ្រើសរើស។ វាជាក្លិនដែលខុសប្លែកទាំងស្រុងពីក្លិនផ្សែងគ្រាប់រំសេវ និងធូលីដីហុយ ដែលអ្នកស្រីបានឆ្លងកាត់ នៅពេលរត់ចេញពីការប្រយុទ្ធគ្នានៅខេត្តបន្ទាយមានជ័យ។
ក្នុងដៃកាន់ដងអំបោស អ្នកស្រីកំពុងសម្អាតនៅតាមបន្ទប់នៅមន្ទីរជាតិតេជោសន្តិភាព ជាទីដែលបានសង្គ្រោះមនុស្សជាច្រើនចាប់តាំងពីសម័យកូវីដ១៩មក។ ប៉ុន្តែនៅក្នុងចិត្តអ្នកស្រីវិញ សន្តិភាពហាក់នៅឆ្ងាយសែនឆ្ងាយ ដរាបណាផ្ទះសម្បែងនិងភូមិកំណើតនៅឯស្រុកថ្មពួក នៅតែមានហានិភ័យខ្ពស់ ខណៈដែលតំបន់ព្រំដែនជាច្រើននៅតែស្ថិតក្រោមការហ៊ុំព័ទ្ធដោយលួសបន្លានិងទូរកុងតឺន័ររបស់ទ័ពឈ្លានពាន។
ចាប់តាំងពីផ្ទុះសង្គ្រាមជុំទី២ នៅខែធ្នូ ឆ្នាំ២០២៥ មក អ្នកស្រី អឿន ស្រីណែត បានរត់ភៀសខ្លួនចេញពីលំនៅឋាននៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៅរកទីមានសុវត្ថិភាពនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មកជាមួយនឹងក្រុមគ្រួសារនិងអ្នកភូមិជាច្រើន។
ទោះបីបានរត់ចេញឆ្ងាយពីតំបន់រងការបាញ់ផ្លោងពីភាគីថៃក៏ដោយ ក៏នៅជំរំភៀសសឹកដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែន អ្នកស្រីនៅតែមានការតក់ស្លុតដោយបានឮសំឡេងទម្លាក់គ្រាប់បែកពីយន្តហោះថៃដែលបានកម្ទេចស្ពានអូរជីក នៅព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មិនឆ្ងាយពីជំរំភៀសសឹក។
ក្រោមកិច្ចចរចារវាងថៃនិងកម្ពុជា តាមរយៈគណៈកម្មការព្រំដែនចម្រុះទូទៅ (GBC) ២៧ធ្នូ និងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការបរទេសត្រីភាគី កម្ពុជា, ថៃ, ចិន ដែលបានឈានដល់បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ២០២៥, អ្នកស្រីនិងគ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងភ្លាមៗបាននោះទេ ដោយសារតែផ្ទះអ្នកស្រីស្ថិតនៅតំបន់ក្រហមដែលងាយរងគ្រោះពីការប៉ះទង្គិច និងមានគ្រាប់មិនទាន់ផ្ទុះសល់ពីការប្រយុទ្ធគ្នាស្ថិតនៅរាយប៉ាយ។
ថ្មីៗនេះ អ្នកស្រុកពីតំបន់អ្នកស្រីបានត្រឡប់ចូលទៅលំនៅឋានវិញជាបណ្ដើរៗ។ ចំណែកអ្នកស្រី ស្រីណែត ក៏បានចាកចេញពីជំរំភៀសសឹកដែរ ប៉ុន្តែមិនមែនក្នុងទិសដៅតម្រង់ទៅផ្ទះវិញទេ គឺក្នុងទិសដៅទៅទីក្រុងភ្នំពេញដើម្បីធ្វើជាអ្នកសម្អាតតាមផ្ទះ រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។
អ្នកស្រីនិយាយតាមភាសាបែនអ្នកបន្ទាយមានជ័យថា៖ «ពេលសង្គ្រាមផ្ទុះឡើង ខ្ញុំរត់ទៅនៅជំរំ យើងបាត់បង់ទ្រព្យសម្បត្តិ អត់ការងារ អត់ប្រាក់ចំណូល។ ថ្ងៃមួយ ខ្ញុំឃើញក្រុមហ៊ុនមួយផ្សព្វផ្សាយជ្រើសរើសស្ត្រីបម្រើការងារតាមផ្ទះ ខ្ញុំក៏បានទាក់ទង់សួរព័ត៌មាន។ ខាងក្រុមហ៊ុនឲ្យខ្ញុំឡើងមកភ្នំពេញ តែខ្ញុំគ្មានប្រាក់សូម្បីសម្រាប់ធ្វើដំណើរមកភ្នំពេញ ប៉ុន្តែ ខាងក្រុមហ៊ុនថា មិនអីទេខ្ញុំឡើងមកភ្នំពេញមក ក្រុមហ៊ុននឹងទូទាត់ការធ្វើដំណើរតាមក្រោយ។ ខ្ញុំក៏បានមកធ្វើការតែម្ដង»។
[img]
អស់រយៈពេលជិត ២ខែហើយដែលអ្នកស្រីមករស់នៅភ្នំពេញ បម្រើការងារជាអ្នកអនាម័យបោសសម្អាតនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព តាមរយៈក្រុមហ៊ុនដែលអ្នកស្រីបានទាក់ទង។ អ្នកស្រីមានកូន ៣នាក់ ដោយកូនស្រីពៅទើបមានអាយុជាង ២ឆ្នាំ។
រាល់ប្រាក់សន្សំបានពីការងារបោសសម្អាត អ្នកស្រីតែងតែផ្ញើទៅស្រុក ដើម្បីផ្គត់ផ្គង់ពួកគេ រួមទាំងឪពុកនិងម្ដាយចាសជរារបស់អ្នកស្រីផងដែរ។
អ្នកស្រីនិយាយថា៖ «ខ្ញុំនៅទីនេះមែន ប៉ុន្តែអារម្មណ៍ខ្ញុំគិតដល់ម៉ែឪចាស់នៅផ្ទះ»។
ទោះបីជាបទឈប់បាញ់កើតមានអស់រយៈពេលជាង ៣ខែហើយក៏ដោយ ប៉ុន្តែមិនមែនជនភៀសសឹកទាំងអស់សុទ្ធតែអាចត្រឡប់ទៅវិញបានភ្លាមៗនោះទេ។ តំបន់មួយចំនួនស្ថិតនៅជាប់នឹងព្រំដែន តំបន់ខ្លះនៅមានគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅរាយប៉ាយ។ ប៉ុន្តែ តំបន់មួយចំនួន ត្រូវបានយោធាថៃកាន់កាប់ទាំងស្រុងតែម្ដង។
យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ មានភូមិចំនួន៦ នៅក្នុងខេត្តនេះត្រូវបានយោធាថៃហ៊ុំព័ទ្ធយក ដោយដាក់បន្លាលួស ដាក់ទូកុងតឺន័រ យកដីធ្លី ផ្ទះសម្បែង ដែលរួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង ភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឫទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទោះមមាញឹកនឹងការងារនៅភ្នំពេញដើម្បីសន្សំប្រាក់ អារម្មណ៍របស់ស្ត្រីអាយុ៤១ឆ្នាំរូបនេះ តែងតែស្ថិតនៅជាមួយគ្រួសារនិងឪពុកម្ដាយនៅស្រុកជានិច្ច និងតែងតែទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះវិញ ជួបជុំគ្រួសារដ៏រីករាយដូចមុនសង្គ្រាម។
អ្នកស្រីនិយាយថា៖ «ខ្ញុំយើងមិនដែលចង់បានអីក្រៅពីចង់ឲ្យថ្នាក់ដឹកនាំដោះស្រាយ ឲ្យយើងបានត្រឡប់ទៅផ្ទះសម្បែងយើងវិញ ចង់បានដីធ្លីយើងមកវិញ មិនចង់បានអីលើសពីនេះទេ។ ពេលខ្ញុំបានមកធ្វើការនៅនេះ ខ្ញុំសប្បាយចិត្ត ប៉ុន្តែអារម្មណ៍នៅតែភ័យខ្លាចព្រោះមានឪពុកម្ដាយចាស់នៅផ្ទះ»។
បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរជាង ៣ម៉ឺន៥ពាន់នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារតែផ្ទះរបស់ពួកគេត្រូវបានយោធាថៃឈូសឆាយកាន់កាប់ ខណៈអ្នកខ្លះស្ថិតនៅតំបន់ក្រហមមានគ្រាប់មិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម។
ខណៈដែលប្រឹងធ្វើការនៅឯទីក្រុង អារម្មណ៍អ្នកស្រី ស្រីណែត កំពុងអណ្ដែតអណ្ដូងទៅរកកូនស្រីច្បងដែលជិតដល់ថ្ងៃចូលរោងការ។ អ្នកស្រីស្រមៃចង់ឃើញកូនស្រីគ្រងឈុតកូនក្រមុំនៅក្នុងផ្ទះដែលធ្លាប់មានសុភមង្គល មិនមែនដោយការភ័យខ្លាចនោះទេ។ អ្នកស្រីសប្បាយចិត្តដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនឲ្យត្រឡប់ទៅរៀបចំបង្គលការកូនស្រី នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ៕
ប្រភព៖ PostKhmer