ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានថ្លែងថា តៃវ៉ាន់នឹងមិនបង្កជម្លោះ ឬក៏បោះបង់ចោលអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរ របៀបរស់នៅតាមបែបប្រជាធិបតេយ្យ និង សេរីភាពក្រោមសម្ពាធនោះឡើយ ។
លោក ឡៃ បានសង្កត់ធ្ងន់ជាថ្មីថា តៃវ៉ាន់ គឺជាប្រទេសប្រជាធិបតេយ្យមានអធិបតេយ្យភាព និងឯករាជ្យរួចទៅហើយ ដូច្នេះយើងមិនចាំបាច់ប្រកាសឯករាជ្យភាពថែមទៀតទេ ។ ជំហរនេះសមស្របទៅនឹងការចង់បានរបស់ប្រជាជនតៃវ៉ាន់ភាគច្រើនដែលចង់រក្សាស្ថានភាពបច្ចុប្បន្ន ពោលគឺមិនបង្រួបបង្រួមជាមួយចិន ហើយក៏មិនប្រកាសឯករាជ្យជាផ្លូវការដែរ ។
តៃវ៉ាន់ត្រៀមខ្លួនជានិច្ចក្នុងការជំរុញការពិភាក្សា និងការផ្លាស់ប្តូរដោយស្មើភាព និងមានសេចក្តីថ្លៃថ្នូរជាមួយប្រទេសចិន ប៉ុន្តែបដិសេធការប្រើប្រាស់ពាក្យ “ការបង្រួបបង្រួមជាតិ” ធ្វើជាលេសដើម្បីបង្ខំឱ្យតៃវ៉ាន់ចូលតុចរចា ។
បន្ទាប់ពីកិច្ចប្រជុំកាលពីអាទិត្យមុន លោក ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក “មិនចង់ឃើញនរណាម្នាក់ប្រកាសឯករាជ្យឡើយ” លោកបានបន្ថែមថា លោក ស៊ី មានគំនិតម៉ត់ចត់ខ្លាំងលើបញ្ហានេះ ប៉ុន្តែរូបលោក (លោក ត្រាំ) មិនបានធ្វើការប្តេជ្ញាចិត្តណាមួយកាន់ជើងខាងណាឡើយ ។
រីឯទីក្រុងប៉េកាំងតែងតែចាត់ទុកលោក ឡៃ ថាជាអ្នកបង្កបញ្ហា ចិនចង់បានការបង្រួបបង្រួមដោយសន្តិភាព តែក៏អាចប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកកោះនេះមកវិញដែរ ។ ថ្មីៗនេះ ចិនបានបង្កើនសម្ពាធយោធា ដោយធ្វើសមយុទ្ធជាទៀងទាត់រួមទាំងការធ្វើសមយុទ្ធបិទខ្ទប់ជុំវិញកោះតៃវ៉ាន់ផងដែរ ៕
ប្រភព៖ BBC