ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងការអត់ឃ្លានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានមនុស្ស ៣ នាក់ក្នុងចំណោម ៤ នាក់ មិនអាចបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេបានឡើយ ហើយប្រជាជនប្រមាណ ៤.៧ លាននាក់កំពុងស្ថិតនៅកៀកនឹងគ្រោះទុរភិក្ស។ នៅក្នុងខេត្ត Ghor បុរសៗរាប់រយនាក់ដែលអស់សង្ឃឹម បានមកជួបជុំគ្នារាល់ថ្ងៃនៅតាមទីសាធារណៈ ដើម្បីប្រជែងគ្នារកការងារធ្វើ ។ ភាគច្រើននៃពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ ដោយទុកឱ្យក្រុមគ្រួសាររស់នៅទាំងលំបាកវេទនា ដោយមានតែនំបុ័ង និងទឹកក្តៅប៉ុណ្ណោះសម្រាប់បរិភោគ ។
ការខ្វះខាតប្រាក់ចំណូល និងអាហារ បានបង្ខំឱ្យអ្នកជាឪពុកត្រូវធ្វើការសម្រេចចិត្តដ៏ឈឺចាប់ និងមិនអាចទទួលយកបានគឺការលក់កូនស្រីដើម្បីដូរយកអាហារ ដោយសារឪពុកម្តាយខ្លះមានបំណុលវណ្ឌក និងមិនអាចចិញ្ចឹមគ្រួសារបាន កំពុងស្វែងរកអ្នកមានលទ្ធភាពអាចទិញកូនស្រីតូចៗរបស់ពួកគេ ដើម្បីគ្រាន់តែបានលុយទិញនំបុ័ងឱ្យកូនៗផ្សេងទៀតហូប ។
ជាក់ស្តែងឪពុកម្នាក់ឈ្មោះ Saeed Ahmad ត្រូវបានបង្ខំចិត្តលក់កូនស្រីអាយុ ៥ ឆ្នាំរបស់គាត់ទៅឱ្យសាច់ញាតិម្នាក់ក្នុងតម្លៃ ២០០,០០០ Afghani (ប្រហែល ៣,២០០ ដុល្លារ) ដើម្បីយកលុយមកបង់ថ្លៃវះកាត់សង្គ្រោះជីវិតរបស់នាង។ នៅក្រោមការព្រមព្រៀងនេះ នាងនឹងត្រូវប្រគល់ទៅឱ្យសាច់ញាតិក្នុងរយៈពេល ៥ ឆ្នាំ ។
វិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃជំនួយអន្តរជាតិ។ តួលេខបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា ជំនួយដែលទទួលបាននៅក្នុងឆ្នាំនេះ គឺទាបជាងឆ្នាំ ២០២៥ រហូតដល់ ៧០%។ ម្ចាស់ជំនួយធំៗ រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានកាត់បន្ថយយ៉ាងខ្លាំង ឬកាត់ផ្តាច់ទាំងស្រុងនូវជំនួយស្បៀងអាហារ និងវេជ្ជសាស្ត្រសង្គ្រោះជីវិត ។
រដ្ឋាភិបាលតាលីបង់បានទម្លាក់កំហុសលើភាពក្រីក្របច្ចុប្បន្នទៅលើ “សេដ្ឋកិច្ចសិប្បនិម្មិត” ដែលបន្សល់ទុកដោយរដ្ឋាភិបាលគាំទ្រដោយអាមេរិកជំនាន់មុន។ ផ្ទុយទៅវិញ ម្ចាស់ជំនួយអន្តរជាតិបានដកខ្លួនចេញ ដោយសារតែគោលនយោបាយរបស់តាលីបង់ ជាពិសេសគោលនយោបាយប្រឆាំងនឹងស្ត្រី ៕
ប្រភព៖ BBC