បទ​ចម្រៀង​និពន្ធ​ដោយ​សិស្ស CCF ក្លាយជា​សារ​លើកទឹកចិត្ត​ស្ត្រី​ឱ្យ​ជឿជាក់​លើ​ខ្លួនឯង​

0 12

ភ្នំពេញ​៖ ចម្រៀង​មួយ​បទ​ដែល​ត្រូវបាន​និពន្ធ​ដោយ​សិស្ស​កម្ពុជា​ម្នាក់ ដើម្បី​លើកទឹកចិត្ត​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​ដែល​កំពុង​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង បានក្លាយ​ជា​សារ​ដ៏​មានន័យ​សម្រាប់​ការលើកកម្ពស់​ស្ត្រី និង​ក្មេងស្រី នៅក្នុង​ឱកាស​អបអរ​សាទរទិវា​នារី​អន្ដរជាតិ​​ឆ្នាំនេះ​។​

បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «Believe» (​ជឿជាក់​) ត្រូវបាន​និពន្ធ​ឡើង​ដោយ​កញ្ញា យ៉ែម សុ​វណ្ណា​រី នៅពេល​ជា​សិស្ស​ក្នុង​កម្មវិធី​របស់អង្គការ​កុមារ​កម្ពុជា​​ (CCF) ដើម្បី​លើកទឹកចិត្ត​មិត្តភក្តិ​ជិតស្និទ្ធ​ គឺ​កញ្ញា ធី ខាវ ដែល​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា និង​ការសង្ស័យ​លើ​សមត្ថភាព​ខ្លួនឯង​អំពី​អនាគត​។​

​អង្គការ CCF បានចេញ​ផ្សាយ​វីដេអូ​ចម្រៀង​ផ្លូវការ​សម្រាប់​បទ​នេះ​នៅ​ថ្ងៃទី​៨ ខែមីនា ដោយ​លើកឡើងថា សារ​របស់​បទ​ចម្រៀង​នេះ គឺជា​ការលើកទឹកចិត្ត​ឱ្យ​ស្ត្រី និង​ក្មេងស្រី​ទាំងអស់ មាន​ជំនឿ​លើ​ខ្លួនឯង ទោះបី​ជា​​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ​ការសង្ស័យ​លើ​សមត្ថភាព​ខ្លួនឯង​ក៏ដោយ​។

កញ្ញា សុ​វណ្ណា​រី បាន​និយាយថា ​កញ្ញា​​បាន​សរសេរ​បទ​ចម្រៀង​នេះ ព្រោះ​ចង់ឱ្យ​មិត្ត​ភក្ដិ​​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។​

កញ្ញា​បាន​និយាយថា​៖ «​ខ្ញុំ​បាន​សរសេរ​បទ​ចម្រៀង​នេះ ព្រោះ​ខ្ញុំ​ចង់ឱ្យ ខាវ មាន​ទំនុកចិត្ត ព្រោះ​ខ្ញុំ​ដឹងថា​គាត់​​មាន​សមត្ថភាព ហើយ​អាចធ្វើ​អ្វីៗ​បាន ប្រសិនបើ​គាត់​​ជឿជាក់​លើ​ខ្លួនឯង​»​។​

បទ​ចម្រៀង​នេះ​ត្រូវបាន​ផលិត និង​រៀបចំ​តន្ត្រី​ដោយ​លោក ឆោម ផានិត ដែល​នៅពេលនោះ​ធ្វើការ​នៅក្នុង​កម្មវិធី​ភាពជា​អ្នកដឹកនាំ​របស់ CCF ហើយ​បច្ចុប្បន្ន​ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​អ្នកបង្កើត​មាតិកា​ ខណៈពេលដែល​សុ​វណ្ណា​រី ជា​អ្នកនិពន្ធ​ទំនុកច្រៀង និង​ជា​អ្នក​ច្រៀង​ផងដែរ​។​

ទោះជា​យ៉ាងណា បន្ទាប់ពី​ពួកគេ​ធំ​ឡើង ជីវិត​របស់​យុវនារី​ទាំងពីរ​បាន​ដើរ​តាមផ្លូវ​ខុសគ្នា​។ កញ្ញា សុ​វណ្ណា​រី ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ខណៈពេលដែល កញ្ញា ខាវ បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​កម្ពុជា​។​

ប៉ុន្តែ​សារ និង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ នៅតែមាន​សារៈសំខាន់​សម្រាប់​ពួកគេ​ទាំងពីរ​។​

ក្នុង​ឆ្នាំ​២០២៥ បទ​ចម្រៀង “Believe” ត្រូវបាន​ថត​ឡើងវិញ និង​កែសម្រួល​ជា​ស្ទូ​ឌី​យោ​ពេញលេញ ដោយមាន​លោក ផានិត ជួយ​សម្របសម្រួល​ផលិតកម្ម​ឡើងវិញ​។ ក្រុម​ផលិតកម្ម​របស់ CCF ក៏បាន​ផលិត​វីដេអូ​ចម្រៀង​សម្រាប់​បទ​នេះ​ផងដែរ​។​

ក្នុងអំឡុងពេល​នៃ​ការថត​ឡើងវិញ បទ​ចម្រៀង​ថ្មី​នេះ​ត្រូវបាន​ចាក់ឱ្យកញ្ញា​ ខាវ ស្តាប់​ជា​លើកដំបូង នៅពេល​កញ្ញា​បាន​ជួប ​សុ​វណ្ណា​រី ​ម្តងទៀត បន្ទាប់ពី​ពួកគេ​មិនបាន​ជួបគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

កញ្ញា ​ខាវ អាយុ​២៥​ឆ្នាំ បាន​និយាយ​ទាំង​រំជួលចិត្ត​ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បានឮ​បទ​ចម្រៀង​នេះ​ម្តងទៀត​។ វា​ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ​អតីតកាល មិត្តភាព​របស់​យើង និង​ការលើកទឹកចិត្ត​ដែល​ធ្លាប់ជួយ​ឱ្យ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​»​។

កញ្ញា ​ខាវ បានបញ្ចប់​ការសិក្សា​ផ្នែក​ចិត្ត​វិទ្យា​ពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​​ ក្នុង​ឆ្នាំ​២០២២ ហើយ​បច្ចុប្បន្ន​កំពុងធ្វើការ​ជា​បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​គាំទ្រ​ការលក់​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​។​

សម្រាប់​កញ្ញា សុ​វណ្ណា​រី ដែល​ធំធាត់​នៅខេត្ដ​កំពង់ចាម​ កញ្ញា​​មិនបាន​ចូល​សាលារៀន​ភ្លាមៗ​ទេ ដោយសារតែ​ក្រុមគ្រួសារ​​អាច​ផ្តល់ឱកាស​សិក្សា​បានតែ​កូន​ម្នាក់​ប៉ុណ្ណោះ​។ រហូតដល់​អាយុ​៧​ឆ្នាំ បន្ទាប់ពី​​បាន​ចូល​កម្មវិធី​របស់ CCF ទើប​កញ្ញា​​មានឱកាស​ទទួល​បានកា​រ​អប់រំ​។​

ក្រោយមក យុវតីរូបនេះ​​បាន​បន្ត​ការសិក្សា​នៅ​បរទេស និង​បានបញ្ចប់​បរិញ្ញាបត្រ​ពី University of Melbourne ជាមួយ​មុខវិជ្ជា​ពីរ​ផ្នែក គឺ​សិក្សា​អន្តរជាតិ និង​នយោបាយ ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​។​

កញ្ញា​​បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០២៤ ហើយ​បច្ចុប្បន្ន​កំពុងធ្វើការ​ជា​អ្នក​ប្រឹក្សា​ផ្នែក​រាយការណ៍ និង​វិភាគ​សេវា​សង្គម ខណៈពេល​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​អន្តរជាតិ នៅ American University of Phnom Penh​។​

ស្ថាបនិក និង​នាយក​ប្រតិបត្តិ CCF លោក Scott Neeson បានថ្លែង​ថា បទ​ចម្រៀង​នេះ​ឆ្លុះបញ្ចាំង​ពី​បេសកកម្ម​ស្នូល​របស់​អង្គការ ក្នុងការ​លើកកម្ពស់​ភា​ព​ជា​អ្នកដឹកនាំ ការយល់​ចិត្ត និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​សហគមន៍​សិស្ស​។

​លោក​បាន​និយាយថា​៖ «​នៅ CCF យើង​មាន​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ ហើយ​ចំណុច​ស្នូល​នៃ​ការគាំទ្រ​នោះ​គឺ​ការជួយ​គ្នា​ទៅវិញទៅមក និង​ការរៀន​ពី​គុណ​តម្លៃ​នៃ​ការយល់​ចិត្ត​អ្នកដទៃ​។ បទ​ចម្រៀង​របស់ ​សុ​វណ្ណា​រី បង្ហាញ​ពីអ្វី​ទាំងនេះ​បាន​យ៉ាងច្បាស់​»​។​

ទោះបីជា​បទ​ចម្រៀង​នេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​មិត្ត​ម្នាក់​ក៏ដោយ សារ​របស់​វា​មាន​គោលដៅ​ឆ្ពោះទៅកាន់​ស្ត្រី និង​ក្មេងស្រី​គ្រប់​ទីកន្លែង ជាពិសេស​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ​ការសង្ស័យ​លើ​សមត្ថភាព​ខ្លួនឯង​។​

កញ្ញា ខាវ បានបង្ហាញ​ក្តីសង្ឃឹម​ថា បទ​ចម្រៀង​នេះ​នឹង​ជួយ​លើកទឹកចិត្ត​អ្នកដទៃ​ឱ្យ​ជឿជាក់​លើ​ខ្លួនឯង​។​

កញ្ញា សុ​វណ្ណា​រី ក៏បាន​លើកឡើង​ដូចគ្នា​ថា នាង​សង្ឃឹមថា​អ្នក​ដែល​ស្តាប់​បទ​ចម្រៀង​នេះ នឹង​ទទួលបាន​កម្លាំងចិត្ត ហើយ​ចែករំលែក​សារ​នេះ​ទៅកាន់​អ្នក​ផ្សេងទៀត​ដែល​ត្រូវការ​ការលើកទឹកចិត្ត​។​

យុវតី​​បាន​បន្ថែមថា​៖ «​ដរាបណា​អ្នក​ជឿជាក់​លើ​ខ្លួនឯង អ្នក​អាចធ្វើ​វា​បាន​។ កុំ​បោះបង់ ហើយ​ចូរ​ចាប់យក​ឱកាស​របស់​អ្នក​»​។​

​វីដេអូ​ចម្រៀង​ផ្លូវការ​សម្រាប់​បទ “Believe” បច្ចុប្បន្ន​អាច​ទស្សនា​បាន​តាម​អ៊ីនធឺណិត​៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.