ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ បានប្រកាសបន្តដំណើរកម្មវិធី «សម្តែងសិល្បៈតាមខេត្ត» ជាលើកទីពីរ ក្នុងគោលបំណងលើកស្ទួយសំឡេងសិល្បករ និងសហគមន៍ដែលមិនសូវមានឱកាសបញ្ចេញមតិ ដោយនឹងធ្វើដំណើរទស្សនាចរណ៍ទៅកាន់ខេត្តព្រៃវែង និងស្វាយរៀង ចាប់ពីថ្ងៃទី ៣ ដល់ ៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានចេញថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦ កម្មវិធីនេះជាផ្នែកមួយនៃកម្មវិធីសិល្បៈ និងសហគមន៍ ដែលមានគោលដៅនាំយកសិល្បៈ ទស្សនីយភាព កិច្ចពិភាក្សា និងសិក្ខាសាលាសិល្បៈ ទៅកាន់តំបន់ជនបទ ជាពិសេសសហគមន៍ដាច់ស្រយាល ដែលកម្រមានសកម្មភាពសិល្បៈ។
ការទស្សនាចរណ៍លើកទីពីរនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីការអនុវត្តលើកទីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានទៅដល់សហគមន៍ចំនួន៤ ក្នុងខេត្តប៉ៃលិន និងពោធិ៍សាត់។
សម្រាប់ដំណាក់កាលចុងក្រោយ នឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ដោយពង្រីកទៅកាន់សហគមន៍ចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ ព្រៃវែង និងស្វាយរៀង។
អង្គការបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៨ កម្មវិធីនេះបាននាំយកសកម្មភាពសិល្បៈទៅកាន់សហគមន៍ចន្លោះពី ១០ ទៅ ១៤ កន្លែងក្នុងមួយឆ្នាំ ទូទាំងប្រទេស និងទាក់ទាញអ្នកចូលរួមលើសពី ២០,០០០ នាក់។
កម្មវិធីនេះក៏បានជួយបំផុសគំនិត និងបង្កើនការយល់ដឹងអំពីតម្លៃសិល្បៈ ខណៈបង្កើតវេទិកាឲ្យសិល្បករបង្ហាញស្នាដៃ និងធ្វើអន្តរកម្មជាមួយសហគមន៍ចម្រុះ។
លោក ថន សីម៉ា អ្នកសម្របសម្រួលកម្មវិធីសហគមន៍ បានថ្លែងថា៖ «យើងនាំយកសិល្បៈទៅកាន់សហគមន៍ គឺជាការបង្កើតឱកាសឱ្យរឿងរ៉ាវ អត្តសញ្ញាណ និងសំឡេងផ្សេងៗ បានផ្សារភ្ជាប់គ្នារវាងមនុស្ស និងមនុស្ស និងសហគមន៍ និងសហគមន៍»។
[img]
ស្នាដៃសិល្បៈដែលនឹងត្រូវដាក់បង្ហាញក្នុងកម្មវិធីនេះ ត្រូវបានជ្រើសរើសចេញពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាកម្មវិធីស្នូលមួយរបស់អង្គការ។
ក្នុងឆ្នាំនេះ អង្គការបានគាំទ្រក្រុមសិល្បៈសហគមន៍ជនជាតិដើមភាគតិចមួយមកពីខេត្តមណ្ឌលគិរី ហើយបន្តសហការជាមួយក្រុមសិល្បៈចាស់ៗ រួមមានក្រុមសិល្បៈសហគមន៍ចាមពីខេត្តពោធិ៍សាត់ និងក្រុមស្គរស្ត្រី «មេធា» ពីខេត្តសៀមរាប។
ជាផ្នែកមួយនៃការសម្តែងលើកទីពីរ ក្រុមស្គរស្ត្រី «មេធា» នឹងនាំយកស្នាដៃសហសម័យថ្មីមានចំណងជើង «ទន្លេក្រហម» ទៅសម្តែងក្នុងសហគមន៍។
ស្នាដៃនេះបង្ហាញពីបទពិសោធន៍ជីវិតរបស់សមាជិកក្រុមក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ដែលបានឆ្លងកាត់ការលំបាក ភាពរអាក់រអួល និងការបែកបាក់ ប៉ុន្តែអាចតស៊ូឡើងវិញរហូតទទួលបានជោគជ័យ។
ក្រុម «មេធា» ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ គឺជាក្រុមស្គរស្ត្រីដំបូងគេនៅកម្ពុជា ហើយបានប្រឈមមុខនឹងការរិះគន់ពីសង្គមដែលមើលឃើញថាស្ត្រីមិនសមស្របក្នុងការលេងឧបករណ៍ស្គរ។
ទោះយ៉ាងណា ក្រុមនេះបានប្រើសិល្បៈជាវិធីសាស្ត្រដើម្បីបង្ហាញសមត្ថភាព និងបំផ្លាញទំនៀមទម្លាប់ចាស់ៗ។
អង្គការសិល្បៈខ្មែរអមតៈបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់ជំរុញការពិភាក្សាអំពីអត្តសញ្ញាណវប្បធម៌ ភាពចម្រុះក្នុងសង្គម និងបញ្ហាសង្គមសម័យថ្មីៗផងដែរ។
អង្គការសិល្បៈខ្មែរអមតៈ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រសិល្បករ និងអង្គការសិល្បៈគ្រប់ទម្រង់ ដោយផ្តោតលើការអភិវឌ្ឍវិស័យសិល្បៈនៅកម្ពុជា តាមរយៈការផ្តល់មូលនិធិ អាហារូបករណ៍ និងការរៀបចំព្រឹត្តិការណ៍សិល្បៈនៅតាមតំបន់ផ្សេងៗ។
ប្រភព៖ PostKhmer