តម្លៃប្រេងបានកើនឡើងជាង ៥ ដុល្លារ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅយប់មិញថា សហរដ្ឋអាមេរិកនឹងបន្តការវាយប្រហារលើអ៊ីរ៉ង់ យ៉ាងចាស់ដៃក្នុងរយៈពេល ២ ឬ ៣ សប្ដាហ៍នេះ និងមិនបានបញ្ជាក់ពីកាលវិភាគច្បាស់លាស់ណាមួយដើម្បីបញ្ចប់សង្រ្គាមនោះទេ។
ការថ្លែងរបស់លោកបានបង្កឱ្យមានការភ័យខ្លាចដល់វិនិយោគិនអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងរយៈពេលវែង។
តម្លៃប្រេងឆៅប្រភេទ Brent (LCOc1) បានកើនឡើង ៦,៣៣ ដុល្លារ ឬ ៦,៣ ភាគរយ ដល់តម្លៃ ១០៧,៤៩ ដុល្លារក្នុងមួយបារ៉ែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (CLc1) បានកើនឡើង ៥,២៨ ដុល្លារ ឬ ៥,៣ ភាគរយ ដល់ ១០៥,៤០ ដុល្លារក្នុងមួយបារ៉ែល។
ការឡើងតម្លៃនេះបានកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះជាង ១ ដុល្លារនៃតម្លៃគោលមុនពេលមានការថ្លែងសុន្ទរកថាតាមទូរទស្សន៍របស់លោក ត្រាំ ទៅកាន់ប្រជាជាតិ កាលពីយប់មិញ។
ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យរំខានដល់ចរន្តប្រេងសកល និងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណមួយភាគប្រាំដែលបង្កឱ្យមានវិបត្តិថាមពលដ៏ធំបំផុតក្នុងពិភពលោកដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
លោក ត្រាំ បាននិយាយនៅយប់ថ្ងៃពុធថា៖ «យើងនឹងបញ្ចប់ការងារនេះ ហើយយើងនឹងបញ្ចប់វាឱ្យបានលឿនបំផុត។ យើងជិតសម្រេចបានហើយ»។
លោកក៏បានអះអាងផងដែរថា យោធាសហរដ្ឋអាមេរិកជិតសម្រេចបាននូវគោលដៅរបស់ខ្លួននៅក្នុងជម្លោះនេះ ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ទៀត។ ការលើកឡើងទាំងនេះ គឺស្រដៀងគ្នាទៅនឹងការលើកឡើងនាពេលកន្លងមកដែរ។
តម្លៃប្រេងនៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេពីព្រោះការផ្គង់ភាគច្រើនរបស់អាស៊ីកើតចេញពីច្រកសមុទ្រ Hormuz។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-Myung នៅថ្ងៃទី២ មេសានេះ បានជំរុញឱ្យសភាអនុម័តជាបន្ទាន់នូវកញ្ចប់ថវិកាបន្ថែមចំនួន ២៦,២ ទ្រីលានវ៉ុន (១៧,៣ ពាន់លានដុល្លារ) ដើម្បីជួយង្រ្គោះសេដ្ឋកិច្ចក្នុងអំឡុងពេល «ការគំរាមកំហែងសន្តិសុខថាមពលដ៏អាក្រក់បំផុត» ដែលបណ្តាលមកពីវិបត្តិនៅមជ្ឈិមបូព៌ា។
ទីផ្សារភាគហ៊ុនសំខាន់របស់សិង្ហបុរី (Singapore Exchange – SGX) បានបើកដំណើរការក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ ប៉ុន្តែក្រោយមកបានធ្លាក់ចុះ ០,៨ ភាគរយ។ សន្ទស្សន៍តម្លៃគោលរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ១ ភាគរយ។ ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី និងតៃវ៉ាន់ក៏បានធ្លាក់ចុះផងដែរ ដោយបានខាតបង់ប្រហែល ១ ភាគរយ និង ១,៤ ភាគរយ រៀងៗខ្លួន៕
ប្រភព៖ PostKhmer