ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃសុក្រ ទី៣ មេសានេះ លើសេចក្តីសម្រេចមួយដែលដាក់ស្នើដោយប្រទេសបារ៉ែន ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz។
យ៉ាងណាក៏ដោយ ទេសចិនដែលមានសិទ្ធិវេតូបានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់របស់ខ្លួនចំពោះការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ
តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ដែលបានបង្កឱ្យមានជម្លោះមួយ ដែលឥឡូវនេះបានអូសបន្លាយលើសពីមួយខែ ហើយបានបិទច្រកសមុទ្រនេះចំពោះចរាចរណ៍ដឹកជញ្ជូន។
អ្នកការទូតបាននិយាយថា បារ៉ែន ដែលបច្ចុប្បន្នកំពុងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានបញ្ចប់សេចក្តីព្រាងសម្រេចមួយ ដែលសារព័ត៌មានរ៉យទ័របានទទួល គឺការដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយការពារដែលចាំបាច់ទាំងអស់ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម។
រដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid Al Zayani បានប្រាប់ក្រុមប្រឹក្សាថា៖ «លោកទន្ទឹងរង់ចាំជំហររួមមួយពីក្រុមប្រឹក្សាដ៏គួរឱ្យគោរពនេះ ក្នុងអំឡុងពេលបោះឆ្នោតលើសេចក្តីព្រាងសម្រេចនៅថ្ងៃសុក្រនេះ ប្រសិនបើមានការគាំទ្រ»។
លោក បានបន្ថែមថា៖ «ការប៉ុនប៉ងខុសច្បាប់ និងគ្មានមូលហេតុត្រឹមត្រូវរបស់អ៊ីរ៉ង់ ក្នុងការគ្រប់គ្រងការធ្វើនាវាចរអន្តរជាតិនៅច្រកសមុទ្រ Hormuz បានគំរាមកំហែងដល់ផលប្រយោជន៍របស់ពិភពលោក ហើយទាមទារឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
សេចក្តីព្រាងដែលរ៉យទ័របានទទួលគឺ អនុញ្ញាតឱ្យមានវិធានការទាំងនេះសម្រាប់រយៈពេលយ៉ាងតិចប្រាំមួយខែ រហូតដល់ពេលដែលក្រុមប្រឹក្សាសម្រេចផ្សេងពីនេះទៀត។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២ ខែមេសា ពេលនិយាយនៅក្រុមប្រឹក្សាសន្តិសុខ តំណាងអង្គការសហប្រជាជាតិរបស់ចិន លោក Fu Cong បានប្រឆាំងនឹងការអនុញ្ញាតឱ្យប្រើកម្លាំង។
លោក Fu Cong បាននិយាយថា៖ «វានឹងក្លាយជាការដែលអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងដែលខុសច្បាប់ និងមិនរើសមុខ ក្លាយទៅជារឿងស្របច្បាប់ ដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង និងនាំឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ»។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវការយ៉ាងតិច ៩សំឡេងគាំទ្រ ហើយមិនត្រូវមានវេតូពីសមាជិកអចិន្ត្រៃយ៍ទាំង ៥របស់ខ្លួន នោះគឺ សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស និងបារាំង។
រដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Al Zayani បាននិយាយថា លោក Ahmed Aboul Gheit អគ្គលេខាធិការរបស់សម្ព័ន្ធរដ្ឋអារ៉ាប់ ដែលមានសមាជិក ២២ប្រទេស បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា សម្ព័ន្ធនេះគាំទ្រការខិតខំរបស់បារ៉ែន ក្នុងការទទួលបានសេចក្តីសម្រេចមួយនេះ៕
ប្រភព៖ PostKhmer