ក្រោយកើនឡើងយ៉ាងគំហុកភ្លើងឆេះព្រៃរាប់រយកន្លែងដែលមិនអាចគ្រប់គ្រងបាននៅទូទាំងប្រទេសកាណាដា និងបានបំផ្លាញផ្ទៃដីអស់ជិត ៣ លានហិចតា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធថ្មីលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ ដោយបានចោទប្រកាន់ប្រទេសកាណាដាថាមាន «ការធ្វេសប្រហែសដោយចេតនា» ក្នុងការគ្រប់គ្រងព្រៃឈើ និងបណ្តោយឱ្យខ្យល់អាកាស «កខ្វក់» ហូរចូលទៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក លោក ត្រាំ និងសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយអ្នកនយោបាយខ្លះថែមទាំងបានគំរាមចូលជ្រៀតជ្រែកផ្ទាល់ពីសំណាក់សហរដ្ឋអាមេរិកក្នុងការជួយពន្លត់ភ្លើងឆេះព្រៃឆ្លងដែន ឬថែមទាំងរំលឹកឡើងវិញនូវការអំពាវនាវបែបផ្គើនក្នុងការកាត់បញ្ចូលប្រទេសកាណាដាជា រដ្ឋទី ៥១ របស់អាមេរិកទៀតផង។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) និងអភិបាលខេត្តអ៊ុនតារីយ៉ូ (Ontario) លោក ដូក ហ្វត (Doug Ford) បានវាយបកវិញយ៉ាងម៉ឺងម៉ាត់ដោយលើកឡើងថា ការប្រែប្រួលអាកាសធាតុគឺជាការទទួលខុសត្រូវសកលដែលគ្មានព្រំដែនឡើយ។ ដោយបានគូសបញ្ជាក់ពីជំនួយកន្លងមករបស់កាណាដាចំពោះសហរដ្ឋអាមេរិកអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ មន្ត្រីកាណាដាបានជំរុញឱ្យសមាជិកសភាអាមេរិកបញ្ជូនជំនួយក្រុមពន្លត់អគ្គិភ័យជាជាងការអង្គុយរអ៊ូរទាំ ។ កាណាដាបានវិនិយោគថវិកាចំនួន ១២ ពាន់លានដុល្លាររួចហើយលើនិរន្តរភាពព្រៃឈើ និងកំពុងដាក់ពង្រាយរាល់ធនធានដែលមានទាំងអស់ដើម្បីទប់ទល់ ។

ទន្ទឹមនឹងនេះដែរ ការខូចខាតដល់បរិស្ថាន និងមនុស្សដោយសារភ្លើងឆេះព្រៃនេះ នៅតែបន្តកើនឡើងយ៉ាងខ្លាំងដោយសារការរួមផ្សំគ្នានៃរលកកម្តៅខ្លាំង ភាពរាំងស្ងួត និងរន្ទះបាញ់ ភ្លើងឆេះព្រៃទាំងនេះបានបង្កឱ្យមានវិបត្តិគុណភាពខ្យល់ជាប្រវត្តិសាស្ត្រនៅទូទាំងភាគកណ្តាលខាងលិច និងភាគឦសាននៃសហរដ្ឋអាមេរិក។ ទីក្រុងធំៗដូចជា ឌីត្រយ (Detroit) ឈីកាហ្គោ (Chicago) ញូវយ៉ក (New York) និងវ៉ាស៊ីនតោន ឌីស៊ី (Washington DC) ត្រូវបានបិទបាំងដោយផ្សែងអ័ព្ទក្រាស់ដែលមានគ្រោះថ្នាក់ ដែលបានបណ្តាលឱ្យមានការលុបចោលព្រឹត្តិការណ៍ក្រៅផ្ទះ ពន្យារពេលជើងហោះហើរ និងបង្កឱ្យមានការព្រួយបារម្ភផ្នែកសុខភាពសាធារណៈ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋានវាលចំហក្នុងរដ្ឋញូវជើស៊ី (New Jersey) ចូលមកដល់។
ត្រឡប់ទៅប្រទេសកាណាដាវិញ ការបំផ្លិចបំផ្លាញបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនផ្ទាល់ ដោយភ្លើងឆេះព្រៃបានបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងហោចណាស់ដប់សហគមន៍នៅភាគខាងជើងខេត្តអ៊ុនតារីយ៉ូ។ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺសហគមន៍ជនជាតិដើមភាគតិច ណាម៉ៃហ្គូស៊ីសាហ្គាហ្គិន (Namaygoosisagagun First Nation) ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុងទៅជាផេះផង់ ដែលបង្ខំឱ្យអ្នកភូមិដែលកំពុងតក់ស្លុត នាំគ្នាជិះទូកតូចៗគេចចេញពីអណ្តាតភ្លើងដែលកំពុងរាលដាលយ៉ាងលឿនទាំងប្រកៀកប្រកិតនឹងសេចក្តីស្លាប់ ៕