ហ្វីលីពីនស្តីបន្ទោសឲ្យចិនរឿង វីដេអូ AI មានលក្ខណះមើលងាយខ្លួន

0

ប្រទេសហ្វីលីពីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI មួយ ដែលត្រូវបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Daily ដោយបានចាត់ទុកការចោទមកលើប្រទេសរបស់ខ្លួនថាជា “ការបន្ទាបបន្ថោកតម្លៃមនុស្ស និងមានលក្ខណៈរើសអើងពូជសាសន៍” ។

 

វីដេអូនោះបានបង្ហាញពីសត្វស្វាដ៏កំសាកមួយក្បាលពាក់អាវហ្វីលីពីនដែលត្រូវបានបង្ខំដោយសហរដ្ឋអាមេរិក និងជប៉ុន ឱ្យបង្ហាញ “សេចក្តីសម្រេចជុំវិញវិវាទសមុទ្រចិនខាងត្បូង” មុនពេលត្រូវគេបាញ់នឹងកាណុងបាញ់ទឹក។ ជាការឆ្លើយតប ក្រសួងការបរទេសទីក្រុងម៉ានីលបានទាមទារឱ្យលុបវីដេអូនោះចេញ ដោយថ្លែងថាវាគ្មានតម្លៃទាល់តែសោះនៅក្នុងកិច្ចសន្ទនាស៊ីវិល ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilbert Teodoro បានរិះគន់យ៉ាងធ្ងន់ធ្ងរថាវាជា “ការឃោសនាដ៏គួរឱ្យស្អប់ខ្ពើម” បញ្ចាំងពីការចុះខ្សោយខាងសីលធម៌ និង បញ្ញានៃម៉ាស៊ីនឃោសនារបស់ទីក្រុងប៉េកាំង។ ការប៉ះទង្គិចគ្នាតាមផ្លូវទូតនេះ បានកើតឡើងចំពេលដែលមានការកើនឡើងនូវភាពតានតឹងផ្នែកដែនដីជុំវិញប្រជុំកោះ Spratly និង Scarborough Shoal ដែលត្រូវបានកត់សម្គាល់ដោយការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ និងជាខួបលើកទី ១០ នៃសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ដែលបានច្រានចោលការទាមទារដែនសមុទ្រដ៏ធំធេងរបស់ចិន ។

ទីក្រុងប៉េកាំងនៅតែបន្តមិនអើពើនឹងសេចក្តីសម្រេចតាមផ្លូវច្បាប់នេះ ហើយចាត់ទុកហ្វីលីពីនថាជាកូនអុកភូមិសាស្ត្រនយោបាយរបស់សម្ព័ន្ធមិត្តលោកខាងលិច អាជ្ញាធរចិនមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះការស្តីបន្ទោសរបស់ទីក្រុងម៉ានីលនៅឡើយទេ ដោយទុកឱ្យវីដេអូដ៏ចម្រូងចម្រាសនោះបន្តមាននៅលើបណ្តាញសង្គមដដែល ៕