កម្ពុជា-ចិន នឹងរួមគ្នាថត​ឯកសារ​ពីអាថ៌កំបាំង​នៃ​វប្បធម៌​​ក្បាច់គុន​របស់ប្រទេស​ទាំង​២ ដើម្បី​ផ្សព្វ​ផ្សាយ​ទៅកាន់ពិភពលោក

0 11

«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នឹងត្រូវ​រៀបចំឡើង នៅ​បរិវេណខាងជើងប្រាសាទបាយ័ន​ខេត្តសៀមរាប ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែមេសានេះ ដែលជាការ​សម្តែងរួមគ្នាដ៏អស្ចារ្យ​រវាងយុទ្ធគុនខ្មែរ​បុរាណ មាន​គុនល្បុក្កតោ យុទ្ធគុនខម និង​ប្រដាល់គុនខ្មែរ ជាមួយ​ក្បាច់គុនចិន គឺ​កុងហ្វូ​សៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi)។

ជាមួយគ្នានេះ ភាគី​ទាំង​២ ក៏​​នឹងរួមគ្នាថតវីដេអូ​​ឯកសារ​ពីអាថ៌កំបាំង​នៃ​វប្បធម៌​​ក្បាច់គុន​របស់ប្រទេស​កម្ពុជា និងចិន ដើម្បី​ផ្សព្វ​ផ្សាយ​ទៅកាន់ពិភពលោក ដោយរំពឹង​ថា នឹង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ហើយ​​ទាំង​ក្រុម​​យុទ្ធគុនខ្មែរ​បុរាណ និង​ក្រុមព្រះសង្ឃ​វត្តសៅលីង​ទាំង​១៦​អង្គ ដែលបាន​និមន្ត​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ២៧ ខែមេសា គឺ​បាន​ត្រៀម​ខ្លួនរួចរាល់​អស់​ហើយ ដើម្បី​រួមគ្នា​បង្ហាញ​លក្ខណៈពិសេសៗនៃ​ក្បាច់គុន​របស់​ប្រទេស​២ជូនអ្នកទស្សនា ដោយមិនគិត​ថ្លៃ​។

លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ​កីឡា​គុនល្បុក្កតោកម្ពុជា និងជាប្រធានសហព័ន្ធ​កីឡាយុទ្ធគុនចម្រុះ​កម្ពុជា បាន​រំឭក​ពីភាព​ជោគ​ជ័យ​នៃ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីង និងគុនល្បុក្កតោ» ជាលើកដំបូង នៅបរិវេណខាងជើងប្រាសាទបាយ័ន កាល​ពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែល​បានបង្ហាញពី​លក្ខណៈពិសេសៗ​នៃ​យុទ្ធគុន និងក្បាច់គុន​របស់​ប្រទេស​ទាំង​២ ដែល​​មាន​ចរឹត​លក្ខណៈ​ជាវប្បធម៌ ទេសចរ នយោបាយ និងការ​​បង្ហាញ​នូវទំនាក់ទំនង​ល្អ​រវាង​យុទ្ធគុន ជាមរតក​​វប្បធម៌​របស់​ប្រទេស​ជាតិនីមួយៗ។

លោក​បានថ្លែង​ថា៖​ «មរតកវប្បធម៌​នេះ វា​ស៊ីជម្រៅ​ខ្លាំង​​សម្រាប់កម្ពុជា​យើង ដែល​ជាប្រទេស​មាន​អរិយធម៌​ខ្ពង់ខ្ពស់​នៅសម័យអង្គរ ហើយ​អរិយធម៌​ខ្ពង់ខ្ពស់​នោះ ក៏ដោយសារ​តែ​រឿង​យុទ្ធគុន​នេះ​ដែរ ព្រោះ​​សម័យនោះ ​ទាល់តែ​យុទ្ធគុន​យើង​ខ្លាំង ទើប​យើងរុងរឿង​បាន»។

អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក (NOCC) លោក វ៉ាត់ ចំរើន បាន​ឱ្យ​ដឹង​ថា នៅសម័យអង្គរ កម្ពុជា​មាន​យុទ្ធគុន យុទ្ធមន្ត យុទ្ធសិល្ប៍ និង​យុទ្ធសាស្រ្ត​ល្អ ​ធ្វើឱ្យប្រទេសជាតិ​មានភាពរុង​រឿង ហើយអាថ៌កំបាំង​នៃភាពអស្ចារ្យ​នៃយុទ្ធគុន​ទាំងអស់នោះ នឹងត្រូវ​យក​មក​សម្តែង​រួមគ្នាជាមួយ​ក្រុមព្រះសង្ឃសៅលីង ដោយមានទាំងការ​ថតជាវីដេអូ ទុក​ជា​ឯកសារ សម្រាប់​យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ទៅកាន់ពិភពលោកផងដែរ។

លោក​​បញ្ជាក់ថា៖​ «​ការ​រួមគ្នា​សម្តែងក្បាច់គុនចម្រុះ កម្ពុជា-ចិន​នេះ ​​​ជា​គោលដៅ​ធំ​មួយ​ហើយ ប៉ុន្តែ​អ្វី​ដែលជា​អាថ៌កំបាំងនៅពីក្រោយការ​សម្តែង​នេះ យើង​ត្រៀម​ធ្វើការ​ថតឯក​សារអំពី​យុទ្ធគុនទាំង​២រួមគ្នា ប្រកបដោយភាពទាក់ទាញ និង​មានស្តង់ដា​​ សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅកាន់ពិភពលោក ហើយ​​យើង​គិត​ថា នឹង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ព្រោះ​យើង​ធ្វើ​ក្នុង​កម្រិតគុណ​ភាព​អន្តរជាតិ​ជាមួយ​ខាង​សៅលីង»។

អ្នកជំនាញ​កីឡា​រូប​នេះ បន្ថែម​ថា៖​ «នេះជា​ការថតឯកសារ ឬការ​ផលិតខ្សែវីដេអូ​ខ្លីៗ សម្រាប់​ការ​ផ្សព្វ​ផ្សាយ ដែលមាន​ឥទ្ធិពល​នៅលើបណ្តាញសង្គម អ៊ីចឹងយើង​​នឹង​ធ្វើ​ការងារនេះ ហើយភាគី​ចិន​ក៏នឹង​យកវីដេអូខ្លីៗនេះ ទៅ​ផ្សព្វ​ផ្សាយនៅ​ជុំវិញ​ពិភព​លោក ជាពិសេស​នៅ​ចិន ដែលមានប្រជាជនច្រើនជាងគេ ហេតុនេះ​យើងសង្ឃឹម​ថា ការ​ផ្សព្វផ្សាយ​នៅលើបណ្តាញ​សង្គមនេះ នឹង​អាចមានអ្នកទស្សនា​ចូល​ដល់រាប់​កោដិនាក់ គឺ​វាចំណាយច្រើនណាស់»។​

ក្រុម​ព្រះសង្ឃកុងហ្វូ​សៅលីង ពេល​និមន្ត​ទៅជួប​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ នៅទីស្នាក់ការ​ក្រសួង កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦។ រូប​ថត ក្រសួង​ទេសចរណ៍
ក្រុម​ព្រះសង្ឃកុងហ្វូ​សៅលីង ពេល​និមន្ត​ទៅជួប​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ នៅទីស្នាក់ការ​ក្រសួង កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦។ រូប​ថត ក្រសួង​ទេសចរណ៍

​ទាក់ទងទៅនឹង​វប្បធម៌ អរិយធម៌ជាតិខាង​ផ្នែក​យុទ្ធគុន គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៥ បានជំរុញ​ឱ្យ​គណៈ​កម្មការ​ស្រាវជ្រាវ​គម្ពីរអាថ៌កំបាំងយុទ្ធគុន​ដូនតា​ខ្មែរ ត្រូវ​ធ្វើការ​សិក្សាស្រាវជ្រាវ​ និង​ចង​ក្រង​អត្តសញ្ញាណ​នៃ​ប្រភេទ​យុទ្ធគុន​ដូនតាខ្មែរ​នីមួយៗ​ឱ្យ​បាន​ច្បាស់​លាស់ ដោយផ្អែក​លើ​តឹក​តាង​ជា​ប្រវត្តិ​សាស្រ្ត​ជា​សំខាន់ ដើម្បី​សង្គ្រោះយុទ្ធ​គុនដូន​តាខ្មែរ ដែល​បាន​បាត់​បង់ ​ជិត​នឹង​បាត់​បង់ ក៏ដូច​ជា​អភិរក្ស​យុទ្ធ​គុន​ដូន​តាខ្មែរ ដែលកំពុង​មាន​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន។

លោកនាយក​រដ្ឋមន្រ្តី ក៏បាន​អនុញ្ញាត​ឱ្យគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) និង​ភាគីពាក់ព័ន្ធ ​រៀបចំឱ្យមាន​​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ «ពានរង្វាន់សម្ដេចធិបតី» តាំងពី​ឆ្នាំ​២០២៤មក ដោយបានបើកឱកាស​ឱ្យ​យុទ្ធគុន​ខ្មែរជាច្រើន​ប្រភេទ បាន​ប្រកួតប្រជែង​គ្នា​ទាំងលើទម្រង់​បែបបុរាណ និង​បែបទំនើប ហើយ​រាល់សកម្មភាពទាំង​នោះ សុទ្ធតែ​ត្រូវបានចងក្រងជាឯក​សារ ទុក​ជាមរតក​សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត។

ជុំវិញការងារ​នេះ លោក វ៉ាត់​ ចំរើន បានបញ្ជាក់​ថា៖​ «យើង​ធ្វើ​ទាំងការ​ស្រាវជ្រាវ និងចង់ក្រង​ឯកសារ ហើយ​យើង​ក៏បាន​ធ្វើទំនើបកម្មទៅលើ​យុទ្ធគុន​របស់​យើង​ ដោយ​មាន​បញ្ចូល​ភ្លេង របៀបសម្តែង និង​បញ្ចូល​ការតាក់​តែងសាច់រឿងជាច្រើន​ទៀត ចំណែក​ខាងសៅលីង ក៏​គេ​បាន​ធ្វើ​ទំនើបកម្ម ឱ្យទៅ​ជា​ក្បាច់គុន​សម័យជឿនលឿន​ដែរ អ៊ីចឹងការ​សម្តែងរួមគ្នា​ នៅថ្ងៃទី៣០ ខែមេសា​នេះ យើង​នឹ​ង​ទទួលបានជោគជ័យថ្មី​ដ៏​ត្រចះត្រចង់ ទាំង​សម្រាប់​ទេសចរ វប្បធម៌​ និងការ​ផ្សព្វផ្សាយ​ពី​យុទ្ធគុន​​ខ្មែរ​បុរាណ​​ទៅ​ក្រៅប្រទេស»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នេះ ត្រូបាន​រៀបចំឡើង ក្រោមកិច្ចសហការ​រវាង​ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ជាមួយ​រដ្ឋបាលប្រជាជនខេត្តហឺណាន​របស់​ចិន ដើម្បី​អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដោយ​ផ្តោត​ទៅលើ​ការ​ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនូវបទពិសោធន៍​ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា ដែលមានអាយុកាលយូរលង់ណាស់មកហើយ៕

 

ប្រភព: PostKhmer

Leave A Reply

Your email address will not be published.