ភ្នំពេញ៖ បេតិកភណ្ឌម្ហូបរបស់កម្ពុជាទទួលបានការសរសើរពីអន្តរជាតិ ខណៈដែលសៀវភៅមុខម្ហូប The Taste of Angkor «កេរដំណែលស្នាដៃម្ហូបខ្មែរ វគ្គ១» និង «កេរដំណែលស្នាដៃម្ហូបខ្មែរ វគ្គ២» ត្រូវបានទទួលពានរង្វាន់ «Best of the Best – Cambodia» ដ៏មានកិត្យានុភាពនៅក្នុងពានរង្វាន់ម្ហូបឆ្ងាញ់ពិសារល្អបំផុតប្រចាំឆ្នាំ ១៩៩៥-២០២៥ ដែលបានប្រារព្ធឡើងក្នុងអំឡុងពេលពិធីបុណ្យម្ហូបអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃទី ២៧-៣០ ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមមកពីប្រទេសប្រមាណ ២០០ ដោយបង្ហាញពីម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកពិភពលោក។
សៀវភៅធ្វើម្ហូបពីរក្បាល ដែលបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺជាសមាសធាតុសំខាន់ៗនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតម្ហូបអាហារដ៏ទូលំទូលាយរបស់កម្ពុជា។
សៀវភៅនេះត្រូវបានចេញផ្សាយដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការបោះពុម្ពលើកទីមួយបានចាប់ផ្តើមនៅឆ្នាំ ២០២១ បន្ទាប់មកលើកទីពីរនៅឆ្នាំ ២០២៥ ដោយមានគោលបំណងផ្សព្វផ្សាយម្ហូប និងបង្អែមខ្មែរបុរាណនៅលើឆាកអន្តរជាតិ។លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុក កិច្ចសហប្រតិបត្ដិការទ្វេរភាគីរវាងកម្ពុជា និងបណ្ដាប្រទេសនៅអឺរ៉ុប និងការទូតសេដ្ឋកិច្ច កីឡា និងទេសចរណ៍ បានឱ្យដឹងថា ពានរង្វាន់មុខម្ហូបនេះត្រូវបានទទួលស្គាល់ជាស៊េរី ដែល “The Taste of Angkor» វគ្គមួយ និង “The Taste of Angkor 2” ត្រូវបានតាក់តែងឡើងយ៉ាងល្អិតល្អន់ និងល្អឥតខ្ចោះ ដោយបង្ហាញពីមុខម្ហូបខ្មែរជាមួយភាពសម្បូរបែប រួមទាំងតំណាងឱ្យប្រពៃណីជាតិ និងវប្បធម៌ ជាពិសេស ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។
លោកស្រីបានថ្លែងថា៖ «មុខម្ហូបទាំងនេះមិនមែនជាការចងក្រងថ្មីនោះទេ។ វាជាការស្រាវជ្រាវមុខម្ហូបកេរតំណែងរបស់ខ្មែរយើង ដែលមានប្រវត្ដិយូរលង់ណាស់មកហើយ ហើយជីដូនជីតាយើងតែងតែប្រើប្រាស់គ្រឿងផ្សំជួយដល់សុខភាព»។
[img]
សៀវភៅមុខម្ហូបខ្មែរ The Taste of Angkor ត្រូវបានធ្វើឡើងជាមួយយុទ្ធសាស្ដ្រ «ការទូតសេដ្ឋកិច្ច» របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក្នុងឆ្នាំ២០២១ ជាផ្ដោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ និងការអភិវឌ្ឍសង្គមជាដើម។
ចំពោះទំនាក់ទំនងការទូតនៃភាពទន់ កម្ពុជាប្រើយុទ្ធសាស្ដ្រ «Culinary Diplomacy» ជាចំណុចចាប់់ផ្ដើមដើម្បីផ្សព្វផ្សាយទៅកាន់អន្ដរជាតិ។
លោកស្រី ជ្រឹង បុទុមរង្សី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅពេលភ្ញៀវទទួលបានអាហាររសជាតិឆ្ងាញ់ ពួកគេនឹងចងចាំពីម្ហូបខ្មែរ និងស្គាល់ខ្មែរនៅឯណា មិនខុសពីបរទេសស្គាល់អង្គរវត្ដដែរ»។
នេះជាមូលហេតុដែលកម្ពុជាចងក្រងសៀវភៅម្ហូបនេះឡើង ដើម្បីឱ្យអ្នកការទូតយកសៀវភៅនេះទៅផ្សព្វផ្សាយជាចំណុចចាប់ផ្ដើមទំនាក់ទំនងជាមួយបរទេស រួចបន្ដទៅទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាដើម។
លោកស្រីបានបញ្ជាក់ថា រាល់មុខម្ហូបសុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ទទួលទានជាជនជាតិខ្មែរផង និងបរទេសផង ដោយលើកឧទាហរណ៍ថា បរទេសអាចទទួលទានប្រហុកខ្ទិះ តែពិបាកទទួលទានប្រហុកឆៅ។
លោកស្រីបានថ្លែងថា៖ «សៀវភៅយើងទាំងវគ្គមួយ និងវគ្គពីរបានទទួលស្គាល់ដោយអន្ដរជាតិបានច្រើន។ សរុបមក សៀវភៅនេះបានទទួលពានរង្វាន់ចំនួន ៥ ហើយ ហើយយើងនៅតែបន្ដផ្សព្វផ្សាយបន្ថែមទៀត ជាពិសេសពេលទៅក្រៅប្រទេស យើងជូនជាកាដូដល់ភ្ញៀវបរទេសតែម្ដង»។
ប្រជាជនខ្មែរគ្រប់រូបចាក់ឫសគល់ពីម្ហូបខ្មែរតាំងពីក្រអៅបេះដូង តាំងពីកំណើតមក ដោយការទទួលទានម្ហូបខ្មែរជាទម្លាប់ប្រចាំថ្ងៃនៅផ្ទះ។
លោកស្រីមានមោទនភាពចំពោះពលរដ្ឋខ្មែរដែលតែងតែលើកស្ទួយមុខម្ហូបខ្មែរដោយភាពស្ងៀមស្ងាត់ពីទម្លាប់ប្រចាំថ្ងៃ។
លោកស្រី បុទុមរង្សី បាននិយាយថា៖ «ម្ហូបជាប្រចាំរបស់យើងគឺជាម្ហូបខ្មែរ។ ប៉ុន្ដែពេលពួកគាត់ចង់សាកអ្វីថ្មីបន្ថែម ពួកគាត់អាចទៅរកម្ហូបបារាំង ម្ហូបអ៊ីតាលី ម្ហូបវៀតណាមចឹងទៅ។ ជាក់ស្ដែង ពួកគាត់ប្រកាន់ភ្ជាប់នូវការទទួលទានម្ហូបខ្មែរ។ សួរមើលថា នរណាមិនស្គាល់សម្លកកូរ នរណាមិនស្គាល់ប្រហុកអាំង នរណាមិនស្គាល់សាច់គោឡូកឡាក់»៕
ប្រភព៖ PostKhmer