កីឡាកររបស់ក្លិបអង្គរថាយហ្គឺរ មុត សត្យា កំពុងទទួលរងការរិះគន់ខ្លាំង ចំពោះការប្រើឥរិយាបថមិនស័ក្តិសមជាកីឡាករអាជីព ដោយរូបគេបានវាយកែងទាំងកំហឹង បណ្តាលឱ្យខ្សែប្រយុទ្ធ Connor Shields របស់ក្រុមព្រះខ័នរាជស្វាយរៀង បែកក្បាលហូរឈាមស្រោចមួយចំហៀងផ្ទៃមុខ។
ហេតុការណ៍ដ៏អាក្រក់នេះ បានកើតមានឡើង ក្នុងការប្រកួតលីគកំពូលកម្ពុជា គឺនៅពេលដែលក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ២-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃអាទិត្យ។
បើទោះបីជាលោកអាជ្ញាកណ្តាល បានធ្វើការពិន័យកាតក្រហមទៅលើខ្សែម្ចាស់អាវលេខ២៦រូបនេះ ចំពោះការលោតវាយកែងទៅលើខ្សែប្រយុទ្ធ Connor Shields នៅនាទីទី ៨៦ ប៉ុន្តែលោក Matthew McConkey គ្រូបង្គោលក្រុមស្វាយរៀង មិនទទួលយកការពិន័យត្រឹមកាតក្រហមនេះទេ គឺលោកចង់ឱ្យមានការពិន័យធ្ងន់ ដោយមិនឱ្យ មុត សត្យា ចូលលេងរយៈពេលវែង ទើបសមនឹងកំហុស។
លោក Matthew បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ហេតុការណ៍ ដែលបានកើតមានឡើងចំពោះ Connor ពិតជាអាក្រក់មើលមែនទែន ហើយក្រុមរបស់យើង ក៏មានអារម្មណ៍មិនសប្បាយចិត្តលើរឿងនេះដូចគ្នា ព្រោះ Connor ធ្វើការខ្លាំងណាស់ប៉ុន្មានសប្តាហ៍នេះ ហើយគាត់ ត្រូវមានពេលសម្រាកនៅថ្ងៃស្អែក (ថ្ងៃនេះ) តែគាត់បែរជាត្រូវទៅពេទ្យ ដើម្បីពិនិត្យមើលក្បាលរបស់គាត់វិញ»។
លោកបញ្ជាក់ថា៖ «នៅក្នុងបាល់ទាត់ ការប្រើកែងវាយទៅលើក្បាលកីឡាករម្នាក់ទៀត វាជារឿងអាក្រក់មើល ដែលយើងមិនអាចទទួលយកបាន ហើយកីឡាករម្នាក់ហ្នឹង (មុត សត្យា) មិនមែនតែលើកនេះទេ ប៉ុន្តែគាត់ព្យាយាមលេងរបៀបនេះច្រើនដងហើយ។ យើងមិនដឹងថា មានការពិន័យរបៀបណានោះទេ ប៉ុន្តែគាត់គួរតែទទួលការពិន័យពេញមួយរដូវកាលនេះ ព្រោះការលេងប្រើកែងនេះ វាប៉ះទង្គិចទៅលើក្បាលខ្លាំង»។
ចំពោះស្ថានភាពជាក់ស្តែង ក្នុងការប្រកួតកាលពីយប់ថ្ងៃអាទិត្យនោះ គឺខ្សែការពារ មុត សត្យា បានរត់ទៅពាំង Connor Shields តែត្រូវបានខ្សែប្រយុទ្ធរូបនេះ យកស្មាទប់បណ្តាលឱ្យ សត្យា ដួលទាំងជំហរ។ សត្យា មានការខឹងខ្លាំងចំពោះហេតុការណ៍នេះ ដោយរូបគេបានស្ទុះងើបឡើង រួចរត់ទៅវាយកែងស្តាំបណ្តាលឱ្យ Connor បែកក្បាលផ្នែកខាងឆ្វេង ហូរឈាមសស្រាក។
ម្ចាស់អាវលេខ៩៧ Connor Shields មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់ មុត សត្យា ហើយក៏មានការស្រែកតវ៉ាគ្នាមួយប្រាវផងដែរ មុនពេលអាជ្ញាកណ្តាលពិន័យកាតក្រហមទៅឱ្យ សត្យា ប៉ុន្តែរូបភាពដែល មុត សត្យា បានវាយកែងទៅលើ Connor នេះ វាជារឿងដែលមិនគួរកើតមានទាល់តែសោះ ហើយអ្នកគាំទ្រ បានរិះគន់ខ្លាំងទៅលើទង្វើនេះ ដោយអ្នកខ្លះបានស្នើពិន័យដល់ខ្សែការពាររូបនេះ ឱ្យបានធ្ងន់បំផុត ដើម្បីឱ្យសមទៅនឹងកំហុស។
ចំណែកលោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ ក៏មិនគាំទ្រដល់ទង្វើនេះដូចគ្នា ដោយលោកនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើកីឡាករ មុត សត្យា។ លោក Akihiro បានបញ្ជាក់តាមការបង្ហោះសាររបស់លោកថា៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួតថ្ងៃនេះ។ យើងនឹងពិចារណាឱ្យបានហ្មតចត់ និងចាត់វិធានការសមស្របនៅក្នុងក្លិប»៕
ប្រភព៖ PostKhmer