ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន ១៦ប្រភេទកីឡា បានទទួលប្រាក់រង្វាន់សរុបចំនួន ៥៩០៣ ៤០០០០០រៀល ពីរាជរដ្ឋាភិបាល ចំពោះការដណ្តើមបានមេដាយមាសសរុប៧៩ ប្រាក់ ៩៨ និងសំរឹទ្ធ ១០៨ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ជូនប្រទេសជាតិ កន្លងមកនេះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននាំយកថវិកាសរុប ៥៩០៣ ៤០០០០០រៀលនេះ បានផ្តល់ជូនដល់ក្រុមអត្តពលិក និងគ្រូបង្វឹក នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីព្រឹកថ្ងៃសុក្រនេះ។
ចំពោះប្រាក់រង្វាន់ទាំងនេះ ត្រូវបានប្រគល់ជូនទៅតាមចំនួនមេដាយ និងកម្រិតនៃការប្រកួតយ៉ាងត្រឹមត្រូវ ហើយគ្រូបង្វឹក និងក្រុមអត្តពលិកទាំង១៦ប្រភេទ ដែលបានមកទទួលប្រាក់រង្វាន់នេះ រួមមានកីឡាហែលទឹកពាក់ជើងទា ឃីកបុងស៊ីង ចំបាប់ ទូកកានូ តេក្វាន់ដូ (ITF) ប៉េតង់ ប្រដាល់សកល វ៉ូវីណាម ជឺជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ កីឡាអេឡិចត្រូនិក ការ៉ាតេ តេក្វាន់ដូ (WT) កីឡារាំ និងកីឡាបាល់បោះជនពិការ។
លោក ហង់ជួន ណារ៉ុន បានកោតសរសើរទៅដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនីទាំង១៦ប្រភេទខាងលើ ដែលបានប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងទៅតាមជំនាញរៀងៗខ្លួន ហើយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ ដើម្បីលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលេចចេញនូវសមិទ្ធភាពជោគជ័យជាច្រើនទៀតនៃវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យអន្តរជាតិ មានការចាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូង កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ធំៗចំនួន២ ទី១ មុខមាត់ កិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ហើយទី២ ការរឹតចំណងកាទូត និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយកាទូតនៅលើឆាកអន្តរជាតិ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «ជាមួយលទ្ធផលជោគជ័យនៃវិស័យកីឡារបស់យើងនៅពេលនេះ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើង នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាពឱ្យបានកាន់តែល្អថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមការប្រកួតអន្តរជាតិក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយជូនជាតិ ឱ្យកាន់តែច្រើន»។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ នៅតែបន្តគាំទ្រកីឡាករ កីឡាការិនីយើង ទាំងស្មារតី និងថវិកា ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ដោយពង្រឹងឱ្យមានការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិកាន់តែមានគុណភាព ឆ្ពោះទៅរកស្តង់ដាដ៏ពិតប្រាកដ»៕
ប្រភព៖ PostKhmer