លោក វ៉ាត់ ចំរើន ជំរុញ​ឱ្យគ្រួសារ​គុនល្បុក្កតោ ​​​ថែ​រក្សាមរតក​រស់ និង​ត្រូវ​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ដើម្បីពង្រីក​ការ​​ផ្សព្វ​ផ្សាយ​កីឡាអត្តសញ្ញាណជាតិនេះ ទៅកាន់អន្តរជាតិ

0 5

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) និងជា​រដ្ឋ​លេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បាន​ជំរុញ​ឱ្យ​គ្រួសារ​គុនល្បុក្កតោ ខិតខំ​ថែរក្សា និង​ឱ្យ​តម្លៃ​ទៅដល់​មរតកនៅ​រស់ ហើយ​ត្រូវមានសាមគ្គី​ភាព​ផ្ទៃ​ក្នុងជា​ចាំបាច់ ទើប​អាច​អាច​រួមគ្នា​អភិរក្ស អភិវឌ្ឍ និងពង្រីក​ការ​​ផ្សព្វ​ផ្សាយ​កីឡាអត្តញ្ញាណជាតិ​នេះ ទៅកាន់​ឆាក​អន្តរជាតិ បាន​​លឿន និងមានប្រសិទ្ធភាព។

លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​បែបនេះ នៅពេល​លោក​ត្រូវបាន​អង្គមហាសន្និបាត​របស់សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា ​ជ្រើស​តាំង​លោក​ឱ្យ​ឡើង​ធ្វើ​ជា​ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ ក្នុងអាណត្តិ​ទី​៦ ឆ្នាំ​២០២៦-២០៣០ ជំនួស​លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិក​រដ្ឋសភា ដែលបាន​សុំ​ចូល​និវត្តន៍ពីតួនាទីជា​ប្រធានសហព័ន្ធ​នេះ ដោយ​សារលោក​មាន​វ័យ​កាន់តែចាស់ (៨៤ឆ្នាំ) មិនអាច​បន្ត​ដឹកនាំសហព័ន្ធនេះ​ទៀតបាន។

យ៉ាង​ណាក៏​ដោយ ក្នុងស្មារតីថែរក្សា​មរតកនៅ​រស់ និងការ​ឱ្យ​តម្លៃ​ទៅ​ដល់​ថ្នាក់ដឹកនាំ​​មានស្នាដៃ ជួយ​​លើកស្ទួយ​វិស័យ​កីឡាគុនល្បុក្កតោ​​​​ឱ្យមាន​ឈ្មោះបោះសំឡេង គឺ​អង្គមហាសន្និបាត​​របស់​សហព័ន្ធ​កីឡាគុនល្បុក្កតោ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ១០ ខែមេសានេះ បានឯក​ភាព​គ្នា លើក​លោក ច័ន្ទសារុន ឱ្យ​ធ្វើ​ជាប្រធានសហព័ន្ធ​កីឡាគុនល្បុក្កតោ​អស់មួយ​​​ជីវិត។

នៅក្នុងមហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២១-២០២៥ និង​បន្ត​អាណត្តិ​ទី​៦ ឆ្នាំ​២០២៦-២០២៣ នៅទី​ស្នាក់​ការ NOCC កាលពីព្រឹក​ថ្ងៃសុក្រ​នេះដែរ លោក វ៉ាត់ ចំរើន បានប្រាប់​ទៅគ្រួសារ​គុន​ល្បុក្កតោ ឱ្យ​នាំគ្នា​ថែរក្សា​មរតករស់ ដែលសំដៅ​លើ​​ព្រឹទ្ធាចារ្យ និង​គ្រូ​បង្វឹក​ ដែល​នៅរស់រានមានជីវិត ហើយ​លោក​​បានសម្តែងការសោក​ស្តាយ​ចំពោះការ​ទទួល​មរណៈ​ភាព​របស់​ព្រឹទ្ធាចារ្យ​កីឡា​មួយ​ចំនួន កាលពីអាណត្តិ​ទី​៥ ជាពិសេស​ព្រឹទ្ធាចារ្យ​ក្រមាមាស សាន គឹមស៊ាន ដែល​ជាបុគ្គលដ៏សំខាន់​ក្នុងការ​ធ្វើ​ឱ្យគុនល្បុក្កតោ​រស់ឡើង​វិញ។

លោក វ៉ាត់ ចំរើន បានថ្លែង​ថា៖ «ឥឡូវ​នេះ​ព្រឹទ្ធាចារ្យ​ចាស់ៗ​នៅសល់​តិច​ណាស់ ព្រោះ​លោក​គ្រូចាស់ៗ​ល្បីល្បាញ​របស់យើងមួយចំនួនធំ ក្នុងអាណត្តិមុននេះ បាន​លាចាកលោកច្រើនណាស់ អ៊ីចឹង​សូម​ឱ្យគ្រួសារគុន​​ល្បុក្កតោ​របស់យើង​ ខិតខំ​ថែរក្សា​​ព្រឹទ្ធាចារ្យ ឬ​គ្រូ​បង្វឹក​ចាស់ៗ ដែលជា​មរតក់​នៅរស់​ និងនៅ​សេសសល់»។

លោកបានសង្កត់​ធ្ងន់​ថា៖ «​សហព័ន្ធកីឡាគុនល្បុក្កតោ អាចដំណើរ​ទៅបាន ក៏ដោយសារ​គុណ​ធម៌​របស់យើង ចេះ​គោរពចាស់​ទុំ ចាស់ព្រឹទ្ធាចារ្យ និងរៀមច្បង ហើយ​យើងត្រូវនាំគ្នា​ថែ​រក្សា​នូវ​វប្បធម៌នេះ និងរបៀបរបបនៃ​ការងារនេះ ព្រោះក្បាច់គុន​របស់​​ប្រទេស​ផ្សេងៗ​ទៀត ក៏​ធ្វើ​បែប​ហ្នឹង​ដែរ គឺគេ​គោរព​ព្រឹទ្ធាចារ្យ និងរៀម​ច្បង​ជាធំ នៅក្នុងការងារ​ដឹកនាំ និង​គ្រប់​គ្រង អ៊ីចឹង​យើងមិនអាច​បំភ្លេច​មរតកនៅរស់​បាន​ទេ»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបង្ហើប​ថា សហព័ន្ធ​កីឡាគុនល្បុក្កតោ​កម្ពុជា ក្នុងអាណត្តិទី​៦ ឆ្នាំ​២០២៦-២០៣០នេះ មានការងារជាច្រើន​ទៀត​​ត្រូវ​ធ្វើ ហើយការ​ធ្វើ​ឱ្យមានសុខដុមនីយកម្ម ក្នុងការ​ដឹកនាំ​គ្រប់​គ្រង គឺ​ជារឿងសំខាន់ ​ក្នុងការ​រៀបចំ​ឱ្យមាន​អភិបាលកិច្ច​ល្អ តម្លាភាព គណនេយ្យ​ភាព និងស័ក្តិសិទ្ធ​ភាពក្នុងការ​រៀបចំ និងការដឹកនាំ​របស់យើង។

អ្នកជំនាញកីឡា​រូបនេះ បានបញ្ជាក់ថា៖ «គ្រួសារ​យើងកាន់តែ​ធំ យើង​ត្រូវមានវិន័យក្នុងការ​ដឹកនាំ​កាន់តែ​សុក្រឹត កាន់​តែ​ល្អ​ឡើង​​ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ការ​ឱ្យបាន​ល្អ និងសកម្ម​ទាំងអស់​គ្នា ចៀសវាស​ឱ្យបាន​នូវ​ទំនាស់ ដោយសារ​ផល​ប្រយោជន៍​ផ្សេងៗ​។ យើង​មិនអាច​ទាញ​​គុនល្បុក្កតោ ទៅជា​ប្រយោជន៍​បាន​ទេ ព្រោះ​​គុនល្បុក្កតោ ជារបស់ជាតិ ដែល​យើង​ត្រូវ​ខិតខំប្រឹង​ប្រែងលះបង់​ទាំងអស់​គ្នា»។

លោក​បញ្ជាក់បន្ថែមថា៖ «យើង​ត្រូវ​ត្រូវមានឯក​ភាព​ផ្ទៃ​ក្នុង ក្នុងការ​ដឹកនាំ គ្រប់​គ្រង​របស់​យើងឱ្យ​បាន​រឹងមាំ នៅក្នុងអាណត្តិជាបន្ត​បន្ទាប់​ទៀត ព្រោះ​យើងមានភារកិច្ចសំខាន់ ត្រូវផ្សព្វ​ផ្សាយ និងអប់រំ​គុនល្បុក្កតោ​បន្ថែម​ទៅ​ក្នុងសង្គម ជាពិសេស​ការ​អប់រំ និង​ពង្រីកការ​ផ្សព្វ​ផ្សាយ​គុនល្បុក្កតោ​ទៅក្រៅប្រទេស អ៊ីចឹង​យើង​ត្រូវមានការឯក​ភាព​គ្នាទូទាំងប្រទេស មិន​ឱ្យមាន​ល្បុក្កតោណា ក្រៅពីការឯក​ភាព​របស់យើង​នេះទេ ហើយ​យើងត្រូវ​ប្រមែប្រមូលកម្លាំង មក​ធ្វើ​ការងារ​នេះ ដោយ​ឈរ​លើសាមគ្គី​ភាពផ្ទៃក្នុងជា​ធំ»។

គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិទី​៦​របស់សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា បាន​១៨នាក់ រួមមាន​លោក វ៉ាត់ ចំរើន ជាប្រធាន ​លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ្ត លោក សេង ប៊ុនសុង ជាអនុ​ប្រធាន រីឯ​​​លោក សាន អង្គររាជវ័ន្ត ដែលជា​កូនប្រុស​របស់លោក​គ្រូ​តាក្រមាមាស សាន គឹមស៊ាន ជាអនុ​ប្រធាន និងជា​ប្រធាន​បណ្ឌិត​សភា​គុន​ល្បុក្កតោ ចំណែក​​លោក អ៊ួ តារា​ ជាអគ្គលេខាធិការ លោក អ៊ុង ដារិទ្ធ លោក វី ដារ៉ា ជាអគ្គលេខាធិការ​រង និង​លោក អឿន រស្មី​ ជាអគ្គហេរញ្ញិក ហើយ​​បេក្ខភាព​ចំនួន​​៩នាក់​ទៀត ជាសមាជិក​សហព័ន្ធ៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.