ក្លិបព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​ផាកពិន័យ​ជាប្រាក់​១លាន​ដុល្លារ បើ​សិន​មិនព្រម​ប្រកួត​ជាមួយ ក្រុម Bangkok United របស់​ថៃ

0 5

ក្រុមព្រះ​ខ័នរាជស្វាយរៀង នឹងត្រូវទទួល​រង​ការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក រួមទាំង​ទណ្ឌកម្ម​មួយចំនួនទៀត បើ​សិន​ក្លិបតំណាង​ឱ្យ​កម្ពុជា​មួយនេះ មិន​ព្រម​ប្រកួតជាមួយ​ Bangkok United FC របស់​ថៃ នៅលើ​ទឹក​ដីវៀតណាម ទៅតាមការ​រៀបចំ​របស់​សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ទេ​នោះ។

ក្លិប​ព្រះខ័នរាជស្វាយរៀង ទើបតែ​បានចេញ​សេចក្តីថ្លែងការណ៍ផ្លូវការចំពោះបញ្ហា​នេះ បន្ទាប់ពីពួកគេ បានរួមគ្នា​បង្កើតប្រវត្តិសាស្រ្ត​ជា​លើក​ទី​២ ចំពោះការ​ដណ្តើម​បាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពានរង្វាន់ AFC Challenge League 2025/26 ជា​លើក​ទី​២ ក្រោយ​ក្រុមស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Manila Digger FC របស់​ហ្វីលីពីន ៣-០ ក្នុងការ​ប្រកួត​ជើង​ទី​២ កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា ខណៈ​ការ​ប្រកួតជើង​ទី​១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ១-១ កាលពី​ថ្ងៃទី​៩ ខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍​នេះ ក្លិប​ព្រះខ័នរាជស្វាយរៀង បានបង្ហាញការ​សោកស្តាយខ្លាំង ដែលការប្រកួតពានរង្វាន់ Shopee Cup ជាមួយ​ក្រុម Bangkok United FC របស់​ថៃ មិន​អាច​ធ្វើ​ទៅ​លើ​ទឹក​ដីនកម្ពុជា ទៅតាមការគម្រោង​នៃ​ការ​រៀបចំ កាលពីដំបូង ព្រោះ​ក្រុម Bangkok United FC មិនព្រម​មកប្រកួត​នៅលើទឹក​ដីកម្ពុជា ហើយ​ចុងក្រោយ AFF បាន​សម្រេច​លើក​យកការ​ប្រកួតនេះ ត្រូវធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២២ ខែមេសាខាងមុខនេះ។

ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ខ្លួន​បែបនេះ​ថា៖ «ជាដំបូង យើងយល់ច្បាស់ពីការខកចិត្ត និងអារម្មណ៍​ជុំវិញ​ស្ថានភាព​មួយ​នេះ។ ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​បាន​​ច្បាស់​ថា ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ ក្លិបរបស់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរៀបចំការប្រកួតនេះ នៅ​ក្នុង​ប្រទេសកម្ពុជា»។

ក្លិប​បាន​បន្ថែម​ថា ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក យើងបានផ្តល់នូវផែន​ការ​ពេញ​លេញ និង​ការ​ធានា​ផ្សេងៗ ដើម្បីធានា​ថា ការប្រកួត អាចត្រូវបានរៀបចំឡើង​ដោយ​សុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់បានធ្វើ​ជា​ច្រើន​នៅ​ពេល​ទទួល​ស្វាគមន៍ក្រុមអន្តរជាតិនានា។

ជាច្រើនដងកន្លងមកនេះ យើងក៏​បាន​លើក​ឡើង​ពី​កង្វល់​អំពី​ផល​ប៉ះពាល់​ផ្នែក​កីឡា​នៃ​ការសម្រេច​ចិត្ត​នេះ រួម​មាន​ការ ធ្វើ​ដំណើរ​អន្តរជាតិ​បន្ថែម និង​កាល​វិភាគ​ប្រកួត​ដ៏​មមាញឹក​ដែល​មានផល​ប៉ះពាល់​ដល់​ការ​សម្រាក​ការពារ​សុខុមាលភាព កីឡាករ និង​សមត្ថភាព​របស់​យើង​ក្នុង​ការដាក់​កីឡាករ​ខ្លាំង​បំផុត​ចូល​លេង​ក្នុង​គ្រប់​កម្មវិធី​ប្រកួត។

ក្លិប​បានបញ្ជាក់ថា៖ «ទោះបីជាមាន​ការ​ខិតខំ​ប្រឹង​ប្រែង​ទាំងនេះ​ក៏​ដោយ ក៏ការ​សម្រេចចិត្ត​ជា​ចុង​ក្រោយ​នៅតែ​ត្រូវ​លេង​នៅ​ទឹក​ដីកណ្ដាល (ប្រទេស​វៀតណាម) ហើយ​ក្នុង​នាម​ជា​ក្លិប​ដែល​​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​នេះ យើង​តម្រូវ​ឱ្យ​គោរព​តាម​បទ​ប្បញ្ញត្តិ​ផ្លូវការ។ ប្រសិនបើយើងបដិសេធមិន ចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិប រួមមានការផាកពិន័យជាប្រាក់រហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក ការហាមឃាត់មិនឱ្យចូលរួមការប្រកួតផ្សេងៗរហូតដល់ ២ ឆ្នាំ»។

បន្ថែម​លើ​នេះ ក្លិបព្រះខ័នរាជស្វាយរៀង ក៏​ទទួលរងការ​ដាក់​ទណ្ឌកម្មបន្ថែមផ្សេងៗទៀតផងដែរ​។ ក្លិប​បានបញ្ជាក់ថា៖​ «ផលវិបាកទាំងនេះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់ក្លិបបាល់ទាត់របស់យើង ហើយយើងក៏បានជួបពិភាក្សាផ្ទៃក្នុងយ៉ាង​លម្អិត និងបានវាយតម្លៃបញ្ហានេះតាមផ្នែកច្បាប់កីឡារផងដែរ»។

«ដោយសារតែផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន ចំពោះក្លិប យើងគ្មានជម្រើសអ្វីក្រៅពីចូលរួមការប្រកួតនោះទេ។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិប កំពុងជួបប្រទះ ដែលវាមិនមែនជាកំហុសដោយសារក្លិបនោះទេ»។ ក្លិបព្រះខ័នរាជស្វាយរៀង បាន​បន្ថែម​ថា៖ «យើងតែងតែផ្តល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាងពេលណាៗទាំងអស់ យើងត្រូវការ ការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេលដែលយើងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនេះ»៕

Leave A Reply

Your email address will not be published.