ផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលមានតម្លៃសរុបជិត ២,៦ ពាន់លានដុល្លារត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើងប្រមាណ ៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទឹកប្រាក់ពីការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ គឺស្មើនឹងជិត ១/៣ នៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦។
តារាងស្ថិតិនាំចេញទំនិញតាមជំពូករបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-ខែមីនា ឆ្នាំ ២០២៦ កម្ពុជាបាននាំចេញទំនិញក្នុងជំពូកទំនិញ(HS ២ ខ្ទង់) ដែលមានលេខកូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មានទឹកប្រាក់សរុប ២,៥៨ ពាន់លានដុល្លារ កើន ៦% ពីចំនួន ២,៤៣ លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
បើបែងចែកចំនួនទឹកប្រាក់ខាងលើ គឺការនាំចេញទំនិញជាផលិតផល(HS ២ខ្ទង់) លេខកូដ ៦១ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល ២ ឬ១) មានទឹកប្រាក់ ១,៥៥ ពាន់កើនឡើង ៧,៧% ចំណែកទំនិញជំពូកលេខកូដ ៦២ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុល ២ ឬ១) មានទឹកប្រាក់ ១ ពាន់លានដុល្លារ កើនឡើង ៣,៤%។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦១ និង ៦២ គឺស្មើនឹង ៣១,៨៥% នៃចំនួនប្រាក់នាំចេញទំនិញសរុបរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដែលមានប្រមាណ ៨,០៩ ពាន់លានដុល្លារ។ នេះបើតាម GDCE។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២៦ ការនាំចេញផលិតផលលេខកូដ ៦១ និង ៦២ គឺមានទឹកប្រាក់សរុប ៧៦២,២៤ លានដុល្លារ កើនឡើង ៨,៣៨% បើធៀបខែមីនា ឆ្នាំ២០២៥ ក្នុងនោះការនាំចេញផលិតផលលេខកូដ ៦១ មានចំនួន ៤៧៤,៨៩ លានដុល្លារ កើន ១១,៩% និងទំនិញលេខកូដ ៦២ មានចំនួន ២៨៧,៣៨ លានដុល្លារ កើន ៣,១%។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីពេលនេះកម្ពុជាកំពុងខិតខំធ្វើពិពិធកម្មទំនិញនាំចេញទៅទីផ្សារអន្តរជាតិក៏ដោយ ក៏ផលិតផលសម្លៀកបំពាក់នៅតែជាប្រភេទទំនិញដ៏មានសក្តានុពលសម្រាប់នាំចេញដដែល ដោយចំនួនទឹកប្រាក់ពីនាំចេញបានបន្តកើនឡើងស្ទើរាល់ឆ្នាំ។ លោកបន្តថា ចំនួនក្រុមហ៊ុន/សហគ្រាសដែលទើបទទួលបានការចុះបញ្ជីវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាពេលថ្មីៗនេះ ក៏មានគម្រោងរោងចក្រ/សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ច្រើនដែរ ដូច្នេះការនាំចេញផលិតផលទាំងអស់នេះនឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
លោកប្រាប់ទៀតថា កម្ពុជាមានលក្ខណៈអំណោយផលច្រើនក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ដែលមានដូចជា ច្បាប់វិនិយោគមានលក្ខណៈអំណោយផល សម្បូរកម្លាំងពលកម្មនិងតម្លៃសមរម្យ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី និងជាពិសេសគឺមានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅប្រទេសធំៗជាច្រើនលើពិភពលោក។
លោកបានថ្លែងថា៖«ទឹកប្រាក់នៃការនាំចេញផលិតផលសម្លៀកបំពាក់នឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ជាពិសេសនៅពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលល្អប្រសើរជាងពេលបច្ចុប្បន្ន។ នៅពេលសេដ្ឋកិច្ចសកលល្អប្រសើរ ការចំណាយរបស់ប្រជាពលរដ្ឋ និងការធ្វើដំណើរទេសចរណ៍លើពិភពលោកក៏នឹងកើនឡើងផងដែរ។ ភាពវិជ្ជមានទាំងអស់នេះ នឹងជួយឱ្យមានការបញ្ជាទិញទំនិញពីប្រទេសកម្ពុជាកាន់តែច្រើន»។
ក្នុងឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលស្ថិតក្នុងលេខកូដ ៦១ និង ៦២ មានទឹកប្រាក់សរុប ១១,៤ ពាន់លានដុល្លារ កើនឡើង ១៦,៥២% បើធៀបឆ្នាំ២០២៤ ដែលមាន ៩,៧៩ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
ប្រភព: KhmerPost