ខេត្ដមណ្ឌលគិរី៖ ជំហានសំខាន់មួយឆ្ពោះទៅរកតម្លាភាព និងការដោះស្រាយវិវាទដីធ្លីនៅកម្ពុជា ត្រូវបានកត់សម្គាល់នៅថ្ងៃទី២៣ ខែមេសា ខណៈដែលកិច្ចព្រមព្រៀងសម្រុះសម្រួលវិវាទដីធ្លីរវាងសហគមន៍ជនជាតិដើមភាគតិចពូនង និងក្រុមហ៊ុនវិនិយោគកសិកម្ម ត្រូវបានប្រកាសផ្សព្វផ្សាយជាសាធារណៈជាលើកដំបូង។
ពិធីប្រកាស និងផ្សព្វផ្សាយរួមនេះ បានប្រារព្ធឡើងនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយប្រកាសជាផ្លូវការអំពីការបញ្ចេញឯកសារកិច្ចព្រមព្រៀងសម្រុះសម្រួលចំនួន ២៦ ដែលពាក់ព័ន្ធនឹងវិវាទដីធ្លីចំនួន ៤ ករណី រវាងក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី និងក្រុមហ៊ុន កូវីផាម៉ា ជាមួយតំណាងសហគមន៍ពូនង ៥ ភូមិ រួមមាន ពូទីត ពូរាំង ពូចារ ប៊ូស្រា និងពូលូ។
ពិធីនេះដឹកនាំដោយ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ដែលបង្ហាញពីតម្លាភាព និងការទទួលខុសត្រូវរួម បន្ទាប់ពីការចរចារយៈពេលយូរដែលធ្លាប់រក្សាការសម្ងាត់។
ឯកឧត្តម សោភ័ណ បានមានប្រសាសន៍ថា៖ «ការឈានមកដល់ដំណាក់កាលនៃ “ការផ្សព្វផ្សាយជាសាធារណៈ” នូវកិច្ចព្រមព្រៀងនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃកិច្ចខិតខំដ៏យូរអង្វែង ក្រោមគោលការណ៍ជឿទុកចិត្ត ការចូលរួមដោយស្ម័គ្រចិត្ត និងការគោរពសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច»។
ឯកឧត្តមបន្ថែមថា៖ «នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបង្ហាញថា យន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ អាចនាំមកនូវដំណោះស្រាយឈ្នះ-ឈ្នះ»។
ពិធីនេះមានគោលបំណងសំខាន់ ៤ រួមមាន ការផ្សព្វផ្សាយកិច្ចព្រមព្រៀងជាសាធារណៈ ការបញ្ជាក់ពីការយល់ព្រមរួមក្នុងការលុបចោលលក្ខខណ្ឌរក្សាសម្ងាត់ ការលើកកម្ពស់តម្លាភាព និងការយល់ដឹងរួម និងការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់យន្តការសម្រុះសម្រួលជាដំណោះស្រាយវិវាទដីធ្លី។
អស់រយៈពេលជាច្រើនឆ្នាំ វិវាទដីធ្លីនៅឃុំប៊ូស្រា បានបង្កបញ្ហាប្រឈមធ្ងន់ធ្ងរ ដល់ជីវភាព អត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍសហគមន៍។ វិវាទនេះមានដើមកំណើតពីការផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំ ២០០៧-២០០៨ ដែលប៉ះពាល់ដល់ដីព្រៃជំនឿ ដីកប់សព និងដីកសិកម្មរបស់សហគមន៍។
ជំនួសឱ្យការប្តឹងផ្តល់តាមផ្លូវតុលាការដែលចំណាយពេលយូរ ភាគីទាំងពីរបានជ្រើសរើសយក “ការសម្រុះសម្រួលដោយឯករាជ្យ” ដែលជាដំណើរការដែលផ្អែកលើការចូលរួមដោយស្ម័គ្រចិត្ត ការជជែកពិភាក្សាបើកចំហ និងការប្រមូលព័ត៌មានរួម ដោយមានការគាំទ្រពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
លទ្ធផលនៃការសម្រុះសម្រួលរួមមាន ការទទួលស្គាល់ដីសហគមន៍មួយចំនួន ការផ្តល់សំណង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក និងការគាំទ្រកសិកម្ម។
លោក Shanid Aluppy អគ្គនាយកក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី និងកូវីផាម៉ា បានលើកឡើងថា ដីធ្លីមិនត្រឹមតែជាទីតាំងសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណ និងដួងវិញ្ញាណរបស់សហគមន៍ពូនង។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់មិនមែនត្រឹមតែការឈានដល់កិច្ចព្រមព្រៀងទេ ប៉ុន្តែគឺការអនុវត្តជាក់ស្តែងនៅលើដី»។
លោកបន្ថែមថា៖ «ការសម្រេចចិត្តបង្ហាញឯកសារទាំងនេះ ជាសញ្ញានៃការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់តម្លាភាព ការសន្ទនា និងការគោរពគ្នាទៅវិញទៅមក»។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងភាគច្រើនត្រូវបានអនុវត្តរួចរាល់ រួមមានការអភិរក្សដីសហគមន៍លើស ៥០០ ហិកតា និងការចែកចាយដើមកៅស៊ូលើស ១០ម៉ឺនដើម ដើម្បីគាំទ្រជីវភាពសហគមន៍។
កញ្ញា Evelyne Bocquet ប្រធានផ្នែកនិរន្តរភាព និងទំនាក់ទំនងសហគមន៍ បានបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តលើសពីកាតព្វកិច្ចដើម ដោយសហការជាមួយអាជ្ញាធរ ដើម្បីជួយសម្រួលការចុះបញ្ជីដីសហគមន៍ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កញ្ញាបានថ្លែងថា៖ «យើងបានអនុវត្តបានប្រមាណ ៨០ ភាគរយនៃកិច្ចព្រមព្រៀងទាំង ២៦ ហើយ ហើយយើងនៅតែប្តេជ្ញាបន្តបញ្ចប់ការអនុវត្ត និងគាំទ្រការអភិវឌ្ឍសហគមន៍បន្តទៀត»។
តំណាងសហគមន៍ក៏បានស្វាគមន៍ការផ្សព្វផ្សាយនេះផងដែរ។ អ្នកស្រី ខ្លេច កែវស៊ីងហ្គិប តំណាងសហគមន៍ពូចារ បានឱ្យដឹងថា ការលុបចោលលក្ខខណ្ឌរក្សាសម្ងាត់ បង្ហាញពីការជឿទុកចិត្តលើលទ្ធផលនៃការចរចា។
អ្នកស្រីបានថ្លែងថា៖ «យើងបានកសាងទំនុកចិត្តតាមរយៈការសន្ទនាដោយស្មោះត្រង់ ហើយឥឡូវនេះយើងចង់ឱ្យសាធារណជន និងដៃគូទាំងអស់បានដឹងពីលទ្ធផលដែលយើងសម្រេចបាន»។
ដូចគ្នានេះដែរ លោក ម៉ាលី គីម តំណាងសហគមន៍ពូលូ បានថ្លែងអំណរគុណចំពោះលទ្ធផលនៃការចរចា បើទោះបីដំណើរការនេះមានភាពស្មុគស្មាញ និងយូរអង្វែងក៏ដោយ។
ដៃគូអភិវឌ្ឍន៍បានលើកឡើងថា ការផ្សព្វផ្សាយនេះមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភពីមុនអំពីតម្លាភាព និងការអនុវត្ត។
លោក ភាព សុភា តំណាងគម្រោង MRLG បានលើកឡើងថា៖ «នេះជាគំរូសំខាន់មួយដែលបង្ហាញថា ការសម្រុះសម្រួលអាចដំណើរការបាន ហើយផ្តល់បទពិសោធន៍សម្រាប់ដោះស្រាយវិវាទដីធ្លីផ្សេងទៀតនៅកម្ពុជា»។
ព្រឹត្តិការណ៍នេះក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដើម្បីនាំសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ និងតំបន់ជនជាតិដើមភាគតិច។
នៅក្នុងពិធីបិទ លោក កែវ បូរ៉ាន់ អភិបាលរងស្រុកពេជ្រាដា បានបញ្ជាក់ថា ករណីប៊ូស្រា ជាគំរូមួយក្នុងការបញ្ចូលគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារសិទ្ធិសហគមន៍ ដែលបង្ហាញថា ដំណោះស្រាយតាមការចរចា អាចបង្កើតទាំងស្ថិរភាពវិនិយោគ និងសន្តិភាពសង្គម។
ខណៈដែលកិច្ចព្រមព្រៀងកំពុងឈានទៅរកការអនុវត្តពេញលេញ ភាគីទាំងអស់បានប្តេជ្ញាបន្តកិច្ចសហការគ្នា ដោយផ្តោតលើការអភិវឌ្ឍយូរអង្វែង ការរក្សាវប្បធម៌ និងការរួមរស់ដោយសន្តិភាព៕
ប្រភព: PostKhmer