ADB ព្រមាន​កំណើនសេដ្ឋកិច្ច​កម្ពុជាប្រឈម​ហានិភ័យ​ពី​បញ្ហា​ធំ​៣ ខណៈកំណើន​សេដ្ឋកិច្ច​​ព្យាករ​​ ៤,៥%

ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បាន​ព្រមាន​ថា ទោះបី​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បង្ហាញ​ភាព​ធន់ និង​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៤,៥% ក្នុង​ឆ្នាំ​២០២៦ ក៏ដោយ ក៏​កំពុង​ប្រឈម​នឹង​ហានិភ័យ​ធំៗ​បី ដែល​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្ទុះ​កំណើន​។​

​ក្នុង​ពិធី​បង្ហាញ​​របា​យ​ការណ៍ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី Asian Development Outlook (ADO) ខែមេសា ២០២៦ កាលពី​ថ្ងៃទី​១០ មេសា មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​នេះ​បាន​លើកឡើងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​អាស្រ័យ​យ៉ាងខ្លាំង​លើ​ស្ថានភាព​ខាងក្រៅ ដែល​កំពុងមាន​ភាពមិន​ប្រាកដប្រជា​កើនឡើង​។​

​លោកស្រី Yasmin Siddiqi នាយិកា​ប្រចាំ​ប្រទេស​កម្ពុជារបស់ ADB បាន​ថ្លែងថា៖ «​កម្ពុជា​បន្ត​បង្ហាញ​ភាព​ធន់​នឹង​សម្ពាធ​ខាងក្រៅ​។ វិស័យ​កម្មន្តសាល​នៅតែ​រឹងមាំ ហើយ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍ នឹង​ជួយ​រក្សា​សន្ទុះ​សេដ្ឋកិច្ច ទោះបី​ជាមាន​បញ្ហា​ប្រឈម​ជា​សកល​ក៏ដោយ​»​។​

​លោកស្រី​បន្ថែមថា៖ «​មូលដ្ឋាន​សេដ្ឋកិច្ច​នៅតែមាន​ភាពរឹងមាំ ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ខាងក្រៅ​ដែល​អាច​ប៉ះពាល់​ដល់​កំណើន​»​។​

​យ៉ាងណា លោក ឌួង ពូលឡង់ មន្ត្រី​​ជាន់ខ្ពស់ផ្នែក​សេដ្ឋកិច្ច​ នៃ​និវាសដ្ឋាន​បេសកកម្ម​ប្រចាំ​កម្ពុជា​​របស់ ADB បាន​ព្រមាន​ថា ហានិភ័យ​ទាំងនេះ​កំពុង​បង្កើតជា​សម្ពាធ​សមាស​គ្នា​។

លោកបាន​លើកឡើងថា​៖ «​អ្វីដែល​យើង​កំពុង​ឃើញ​គឺ​ការរួមបញ្ចូល​គ្នា​នៃ​ហានិភ័យ ដែល​អាច​បង្កើន​ផលប៉ះពាល់ និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច​»​។​

​លោក​បាន​បន្ថែមថា «​បើ​ស្ថានភាព​ខាងក្រៅ​បន្ត​មិន​ប្រាកដប្រជា កំណើន​អាច​ត្រូវបាន​បន្ថយ​យ៉ាងសំខាន់​»​។​

​ខណៈដែល​លោក Milan Thomas ​សេដ្ឋកិច្ចវិទូ​ ADB ​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា មាន​បញ្ហា​ធំ​៣ អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​។ «​ហានិភ័យ​ទាំងនេះ​រួមមាន ការរំខាន​ព្រំដែន សម្ពាធ​ពន្ធ​ពាណិជ្ជកម្ម និង​ការកើនឡើង​តម្លៃ​ប្រេង​»​។​

​លោក​បាន​ពន្យល់ថា៖ «​បើ​ហានិភ័យ​ទាំងនេះ​កើតឡើង កំណើនសេដ្ឋកិច្ច​អាច​ធ្លាក់ចុះ​ពី ១,២ ភាគរយ ហើយ​អាច​ដល់​ទៅ ៥,៣ ភាគរយ ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​»​។​

​ស្តីពី​ការរំខាន​ព្រំដែន លោក Thomas បានឱ្យ​​ដឹងថា វា​អាច​ប៉ះពាល់​ដោយផ្ទាល់​ដល់​ពាណិជ្ជកម្ម ទេសចរណ៍ និង​ប្រាក់​ផ្ញើ​ពី​ពលករ​ចំណាកស្រុក​។

លោកបានបញ្ជាក់ថា​៖ «​ការរំខាន​ព្រំដែន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការផ្លាស់​ទី​ទំនិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​មនុស្ស​ផងដែរ​»​។​

​លោក Thomas បាន​​បន្ថែមថា៖ «​នេះ​រួមមាន​លំហូរ​ទេសចរណ៍ ពាណិជ្ជកម្ម​ និង​ប្រាក់​ផ្ញើ ដែល​សុទ្ធសឹង​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»​។​

​ទិន្នន័យ​បង្ហាញថា ភ្ញៀវ​ទៅកាន់​តំបន់​អង្គរ​ធ្លាក់ចុះ​ប្រមាណ ៣៤% នៅ​ខែមីនា ឆ្នាំ​២០២៦ ខណៈ​ពាណិជ្ជកម្ម​អាច​ធ្លាក់ចុះ​ដល់ ២០% ទៅ ៣៥% ក្នុង​សេណារីយោ​អវិជ្ជមាន​។​

​សម្រាប់​សម្ពាធ​ពន្ធ និង​ភាពមិនប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​សកល លោក ថូ​ម៉ាស បាន​ព្រមាន​ថា វា​អាច​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​នាំចេញ​។

សេដ្ឋកិច្ចវិទូ​ ADB ​ប្រចាំ​ប្រទេស​កម្ពុជា បានបន្ដថា៖ «​វិស័យ​នាំចេញ​របស់​កម្ពុ​ជាមាន​ភាព​ងាយ​រងគ្រោះ​ចំពោះ​ការផ្លាស់ប្តូរ​នៃ​តម្រូវការ​ខាងក្រៅ និង​គោលនយោបាយ​ពាណិជ្ជកម្ម​»​។​

​លោក​បន្ថែមថា៖ «​ការកើនឡើង​ពន្ធ ឬ​ការកំណត់​ការចូល​ទីផ្សារ អាច​ប៉ះពាល់​ដល់​ផលិតកម្ម និង​ការងារ ជាពិសេស​ក្នុង​វិស័យ​វាយនភ័ណ្ឌ​»​។​

​ក្នុងពេល​ដូចគ្នា ការកើនឡើង​តម្លៃ​ប្រេង​ក៏​ជា​ហានិភ័យ​សំខាន់​មួយ​ផងដែរ​។

លោក Thomas បាន​និយាយថា​៖ «​តម្លៃ​ប្រេង​ខ្ពស់​នឹង​បង្កើន​អតិផរណា​នៅ​កម្ពុជា និង​ប៉ះពាល់​ទាំង​អាជីវកម្ម និង​គ្រួសារ​​។​ វា​នឹង​បង្កើន​ថ្លៃដើម​ផលិតកម្ម និង​កាត់​បន្ថយអំណាច​ទិញ​របស់​ប្រជាជន​»​។​

ADB បាន​បញ្ជាក់ថា អតិផរណា​បាន​កើនឡើង​ដល់ ៥,៦% នៅ​ខែមីនា ឆ្នាំ​២០២៦ ដែលជា​ផលប៉ះពាល់​ពី​ការកើនឡើង​តម្លៃ​ប្រេង និង​អាហារ​។​

​បើ​ហានិភ័យ​ទាំងបី​នេះ​កើតឡើង​ពេល​តែមួយ ADB ព្រមាន​ថា អាច​បង្កើន​អត្រា​ក្រីក្រ​ឡើងវិញ​ប្រហែល ១ ភាគរយ ឬ​ស្មើ​ប្រហែល ២៥០,០០០ នាក់​។​

​ទោះជា​យ៉ាងណា លោកស្រី Siddiqi បាន​លើកឡើងថា កម្ពុជា​នៅតែមាន​អត្ថប្រយោជន៍​មួយចំនួន ដូចជា​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម និង​សមត្ថភាព​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ «​ការពង្រីក​វិស័យ​ឧស្សាហកម្ម​បាន​ជួយ​គាំទ្រ​កំណើន និង​បង្កើន​ភាព​ធន់​សេដ្ឋកិច្ច​»​។​

​លោកស្រី​បាន​សន្និដ្ឋានថា៖ «​វិធានការ​គោលនយោបាយ ដូចជា ការពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម និង​ការវិនិយោគ​លើ​ជំនាញ នឹងមាន​តួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ និង​រក្សា​កំណើន​រយៈពេល​វែង​»​៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment