វិធានការ​ថ្មីៗ កំពុង​ដើរតួនាទីសំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​

វិធានការមុតស្រួចដែល​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃរដ្ឋសភា​ បានដាក់​ចេញ​ទាក់​ទង​នឹង​ការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច គឺបាន​និង​កំពុង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​​​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រងឥទ្ធិពលអវិជ្ជមាន​ពីវិបត្តិសេដ្ឋកិច្ច​សកល​ដែល​​មាន​នា​ពេល​បច្ចុប្បន្ន​។​

នេះ​ជា​ការ​អះអាង​របស់​លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុង​កម្ម​វិធី​ផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែល​បាន​រៀបចំ​ធ្វើ​នៅសាលាជាតិគយ កាល​ពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦។ ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រម​ទាំង​តំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូប។

ជាការ​ចាប់​ផ្តើមលោក គុណ ញឹម បាននិយាយ​ថា ការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានា​ពេល​នេះ គឺ​មានលក្ខណៈមោះមុត ម៉ឺងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច ដើម្បី​សំដៅដោះស្រាយនូវបញ្ហាប្រឈម និងបាតុភាពអសកម្មរាំរ៉ៃនានាដែលកើតមានឡើងនាពេលកន្លងមក។

លោក​បាន​ថ្លែង​ថា៖​«ការដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺជាការចាំបាច់បំផុតនៅពេលដែលកម្ពុជាបាននិងកំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ចនោះ គឺព្យុះសង្ឃរា ៣ ផ្ទួន​គ្នា : ១.សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ, ២. យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam, និង ៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរដោយសារសង្គ្រាមនៅទីនោះ»។

បន្ថែម​ពី​លើ​នេះ លោកក៏លើក​ឡើង​ពី​វិធានការជាគោលនយោបាយថ្មីៗដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដើម្បី​​ជាការ​គិត​គូរ និងឆ្លើយតបនឹងវិបត្តិក្នុងគោលបំណងជួយ​សម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋកម្ពុជា​ក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលដែលវិធានការទាំងនោះរួមមាន ការបញ្ចុះពន្ធនិងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួន និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ជា​ដើម​។

លោក​អះអាង​ថា៖​«តាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០ លានដុល្លារក្នុងមួយខែ»។

លោក​​ប្រាប់​ទៀត​ថា បន្ថែមលើនេះជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក រាជរដ្ឋាភិបាលក៏បានសម្រេចអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា តទៅគឺលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង៕

 

ប្រភព: PostKhmer

Comments (0)
Add Comment